សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, January 16, 2017

នាយករដ្ឋមន្ត្រីគ្រោងលុបចោលតួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រ ភាគតិច​របស់លោក​កឹម​ សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក កឹម សុខានឹងត្រូវលប់ឈ្មោះចេញពីប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច
នៅពេលឆាប់ៗនេះ។
ដោយ​ កញ្ញា​ សុខ​ ឆេង

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គ្រោង​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រភាគតិចនៅ​ក្នុងសភាមាន​ឋានៈស្នើនាយក​រដ្ឋ​មន្ត្រី របស់លោកកឹម​សុខាដោយ​ថា​ពិបាក​ធ្វើ​ការ​ជា​មួយ​បក្ស​ប្រឆាំង និង​ដើម្បី​ការ​ពារ​ដល់ចំណាត់​ការ​របស់តុលាការ។
គម្រោងថ្មីនេះស្តែងឲ្យឃើញថាដំណោះស្រាយលើករណីមន្ត្រីសិទ្ធិមនុស្ស៤នាក់និងមន្ត្រី​គ.. កំពុងជាប់ឃុំគឺត្រូវបរាជ័យទាំងស្រុង។
ប្រមុខរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​ប្រាប់​បណ្តាញសារព័ត៌មានក្នុងស្រុក ថា​លោក​មិន​ចង់​ឲ្យ​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ និង​ពិ​បាក​ក្នុង​ការ​ជួប​ចរចាជា​មួយ​បក្ស​ប្រឆាំង​ទៀត​ទេ ក៏​ព្រោះ​លោក​លើក​ឡើង​ថា​យន្ត​ការ​ដែល​មាន​កាល​ពី​កន្លង​មក​មាន​ការ​ពិ​បាក ហើយ​បក្ស​ប្រឆាំង​តែង​តែប៉ុនប៉ង​​ប្រើ​ប្រាស់​ការ​ចរចានេះ​ក្នុង​ការស្នើឲ្យ​​​ដោះ​លែងមនុស្ស​មួយចំនួន​​ ដែលជា​ការ​បំពាន​ដល់​អំណាច​តុលាការ ។ដូច្នេះ​លោក​ចង់​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ថ្មី (បី) ហើយ​ត្រលប់​ទៅ​ប្រើ​ប្រការ​៤៨ (ពីរ) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា​វិញ។
គោល​បំណង​នៃ​ប្រការ​៤៨ ថ្មី (បី) គឺ​ចង់​បង្កើត​ឲ្យ​មានថ្នាក់​ដឹក​នាំ​​ក្រុម​អ្នកតំណាង​រាស្ត្រនៃ​បក្ស​នយោ​បាយ​​ដែល​មាន​អាសនៈនៅ​ក្នុង​សភាចាប់ពី​៥​ភាគ​រយឡើង​ អាចពិភាក្សាពាក់​ព័ន្ធ​នឹង​គោល​​នយោបាយ​ខ្លួននិង​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​នយោបាយ​ផ្សេងដែលថា​ដើម្បី​ជា​ប្រយោ​ជន៍​ជាតិ។
ប្រការ​នេះ​ក៏​បាន​ចែង​ផង​ដែរ​នូវ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​នៃគណបក្សក្រៅ​រដ្ឋាភិបាល​ដែល​មាន​អាសនៈ​ចាប់ពី​២៥​ភាគ​រយ​ឡើង​ទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ប្រធាន​ក្រុម​មតិភាគ​តិចនៅ​រដ្ឋសភា ដែល​តួនាទី​នេះ​មាន​ឋានៈស្មើនាយករដ្ឋ​មន្ត្រី ហើយ​ជា «ដៃគូរសន្ទនា» ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធបញ្ហា​ជាតិ។
អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុ​ជា​លោក សួស យ៉ា​រ៉ា​ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពីការ​ចង់​ផ្លាស់​ប្តូរ​ប្រការ​៤៨ថ្មី (បី) មក​នៅ​ត្រឹម​ប្រការ​៤៨(ពីរ)នេះ​ទេ ​ដោយ​សារ​លោក​ជាប់​ប្រជុំ​ តែ​​ទោះ​ជា​យ៉ាង​ណា​លោក​ថា​នេះ​​គឺ​គ្រាន់​តែ​ជា​យោ​បល់​របស់​ថ្នាក់​ដឹកនាំ​បក្ស តែ​ការ​សម្រេច​ថាកែ​ប្រែ​ឬ​ធ្វើ​វិសោធនកម្មទៅ​ជា​យ៉ាង​ណា​នោះ​គឺ​ត្រូវ​មាន​ការ​សម្រេ​ច​របស់​បក្ស​សិន​។
​គ្មានមន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​របស់​បក្សប្រឆាំង​អាចឆ្លើ​យ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះដោយពួកគេលើកឡើងថារងចាំមើលការសម្រេចជាផ្លូវការ
របស់គណបក្សកាន់អំណាចសិន។
គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែង
របស់លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់ទៅ
លើ លោក​ កឹម សុខា ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​ទោសកាលពី​ចុង​ឆ្នាំ​២០១៦។  ប្រសិន​បើ​បក្ស​កាន់​អំណាច​សម្រេច​វិសោធនកម្ម​នោះ​បាន​លោក កឹម សុខា ដែល​ទើប​នឹង​ទទួល​បាន​តំណែង​នេះ​នឹង​ត្រូវ​បាត់​បង់​ឱកាស​ជួប​ចរចារជា​មួយ​បក្ស​កាន់​អំណាច។
នៅរយះពេលចុងក្រោយនេះគេសង្កេតឃើញហ្វេសប៊ុករបស់លោក​សម​រង្ស៊ីធ្វើការវាយប្រហារ
លោកនាយករដ្ឋមន្ត្រីហ៊ុន ​សែនយ៉ាងចាស់ដៃពីថ្ងៃ​៧ មករា​ឆ្នាំ​១៩៧៩៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger