សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, March 25, 2017

មន្ត្រីបក្សប្រឆាំងនិងមន្ត្រីក្រសួងមហាផ្ទៃគ្រោងជួបពិភាក្សាគ្នាពីការ មិនទទួលស្គាល់មេដឹកនាំ បក្សថ្មីនៅចុងខែនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រធានគណបក្សសង្គ្រោះជាតិនិងអនុប្រធានថ្មី៣រូប ដែលក្រសួងមហាផ្ទៃបដិសេធផ្តល់
សពុលភាព។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដើម្បី​ទទួល​ជួប​ជាមួយ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។
​ការ​ចាត់​តាំង​មន្ត្រី​ឲ្យ​ជួប​ពិភាក្សា​ជាមួយ​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​​អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​គណៈកម្មាធិការប្រតិបត្តិគណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ផ្ញើ​លិខិត​ស្នើ​សុំ​ជួប​ជាមួយ​លោក ស ខេង ឬ​តំណាង​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សមស្រប
ពីករណីដែលសាម៉ីក្រសួងនេះមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្រ្គោះជាតិ។
លោក ខៀវ សុភ័គ ថ្លែង​ថា មូលហេតុ​ដែល​លោក ស ខេង មិន​ជួប​ផ្ទាល់​ជាមួយ​បក្ស​ប្រឆាំង ព្រោះ​លោក​យល់​ថា ការ​ជួប​ត្រឹម​កម្រិត​មន្ត្រី​ជំនាញ ឬ​រដ្ឋបាល​គឺ​វា​គ្រប់គ្រាន់​ហើយ។
បើ​ទោះ​ជា​មាន​ជំនួប​ក្តី លោក ខៀវ សុភ័គ អះអាង​ថា ក្រសួង​មហាផ្ទៃ នៅ​តែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​សុពលភាព​សមាជ​បក្ស​ប្រឆាំង​ឡើយ មាន​ន័យ​ថា ក្រសួង​មហាផ្ទៃ មិន​ហ៊ាន​ទទួល​ស្គាល់​ប្រធាន និង​អនុ​ប្រធាន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជ​នោះ​ទេ។
លោកបញ្ជាក់ថា៖ «លិខិត​ចេញ​ទាំង​ប៉ុន្មាន​គឺ​អ៊ីចឹង មិន​អាច​ទៅ​ពិភាក្សា​ទទួល​ស្គាល់​វិញ គឺ​មិន​អាច​ទេ ចង់​និយាយ​ថា ឲ្យ​ធ្វើ​កែតម្រូវ​ឲ្យ​ត្រូវ គឺ​មិន​អាច​ទេ នៅ​តែ​ខុស​ហ្នឹង​ផ្អែក​លើ​មូលដ្ឋាន​ហ្នឹង អត់​មាន​សុំ​ឲ្យ​លើកលែង ឬ​ការ​ទទួល​ស្គាល់​អី​អត់​មាន​ទេ អ៊ីចឹង​បាន​ថា​លោក​ឲ្យ​ជួប​ត្រឹម​កម្រិត​ជំនាញ មិន​មែន​កម្រិត​នយោបាយ​ទេ»
ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ផ្ញើ​លិខិត​ទៅ​កាន់​បក្ស​ប្រឆាំង ដោយ​អះអាង​ថា សមាជ​បក្ស​ប្រឆាំង​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន និង​អនុ​ប្រធាន ៣​រូប​ផ្សេង​ទៀត គឺ​បាន​អនុវត្ត​ផ្ទុយ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​មាន​ន័យ​ថា គណបក្ស​មិន​អាច​ជ្រើសតាំង​ប្រធាន​ថ្មី​ក្នុង​រយៈពេល​តិច​ជាង ១៨​ខែ​ក្រោយ​ពី​ការ​លាលែង​របស់​ប្រធាន​បក្ស​ចាស់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​បាន​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​មិន​ដល់ ១​ខែ​ផង​ក្រោយ​ពី​ប្រធាន​ចាស់ គឺ​លោក សម រង្ស៊ី លា​លែង​ចេញពី​តំណែង​ប្រធាន​បក្ស។
ក្រៅ​ពី​បញ្ហា​លក្ខន្តិកៈ​គណបក្ស​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ដក​ចេញ​នូវ​ពាក្យស្លោក "ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" ដែល​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​អាទិភាព ៥​ចំណុច​របស់​បក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ ក្រសួង​មហាផ្ទៃ អះអាង​ថាពាក្យស្លោក​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ ជា​ពិសេស​គឺ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​នៅ​កម្ពុជា។
​ចំណែក​បក្ស​កាន់​អំណាច​វិញ ក៏​កំពុង​ត្រៀម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បក្ស​ប្រឆាំង​ដោយសារ​ពាក្យស្លោក "ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ" នេះដែរ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សង្កត់​ធ្ងន់​ថា ក្រសួង​នៅតែ​រក្សា​ជំហរ​ឲ្យ​បក្ស​ប្រឆាំង​ដក​ពាក្យ​ស្លោក​នេះ​ចេញ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​វែងឆ្ងាយ​ទៅ​មុខ​ទៀត។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ខៀវ សុភ័គ ខាង​លើ​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​សុពលភាព​ដល់​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ដល់​ក្រសួង​មហាផ្ទៃ រួច​រាល់​ហើយ អំពី​ការ​កែប្រែ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​គណបក្ស​នេះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តម្រូវ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្ដល់​សុពលភាព​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​នោះ​ឡើយ។ លោក អេង ឆៃអ៊ាង បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​ខ្លួន​ត្រង់​មាត្រា​៤៥ និង​មាត្រា​៤៧ ដើម្បី​បើក​ច្រក​អោយ​គណបក្ស​មាន​ប្រធាន​គណបក្ស​ថ្មី​ក្នុង​ករណី​ដែល​ប្រធាន​បក្ស​លាលែង ឬ​បាត់បង់​សមត្ថភាព ឬ​ទទួល​មរណភាព ដែល​មាន​រយៈពេល ១៨​ខែ​មុន​ចប់​អាណត្តិ ហើយ​អោយ​មាន​អនុ​ប្រធាន​យ៉ាង​តិច​មួយ​រូប៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger