សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 18, 2017

គណបក្សសង្រ្គោះជាតិ ដករូបលោក សម រង្ស៊ី និងលោក កឹម សុខាចេញពី ស្លាកគណបក្ស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
រូបរបស់លោកសម រង្ស៊ី និងលោកកឹម សុខាត្រូវបានដកចេញពីស្លាក
គណបក្សសង្គ្រោះជាតិហើយ។

នៅទីបំផុត គណបក្សសង្រ្គោះជាតិ បានសម្រេចផ្លាស់ប្តូរស្លាកគណបក្សរបស់ខ្លួន ដោយដករូប លោក សម រង្ស៊ី និងលោក កឹម សុខា ចេញទាំងពីរនាក់តែម្តង ហើយដាក់តែរូបព្រះអាទិត្យរះតែ មួយប៉ុណ្ណោះ ដើម្បីឲ្យស្របទៅតាមការកំណត់របស់ច្បាប់ថ្មីហាមប្រាមគណបក្សនយោបាយ មិន ឲ្យប្រើប្រាស់រូបទណ្ឌិត ដែលនឹងចូលជាធរមាន នៅពេលឆាប់ៗនេះ។

លោក អេង ឆៃអ៊ាង អនុប្រធានរបស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់សារព័ត៌មាន​  ក្នុងស្រុក
ថាការរៀបចំស្លាកគណបក្សថ្មីៗនេះគឺធ្វើឡើងដើម្បីសម្របជាមួយនឹងច្បាប់ថ្មីស្តីពីគណបក្ស
នយោបាយ។ លោកថ្លែងបន្តថា៖ «យើងនឹងធ្វើអ្វីដែលច្បាប់ចង្អុល ទោះបីជាច្បាប់ហ្នឹង យើងមិន បានទៅចូលរួមអនុម័តក៏ដោយ ហើយនៅពេលច្បាប់នោះចូលជាធរមាននោះ យើងនឹងធ្វើអ្វីទៅ តាមហ្នឹង ដើម្បីធានាដល់គោលដៅមួយ គឺការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌»

លោក អេង ឆៃអ៊ាង បានបន្តទៀតថា «បើយើងមិនធ្វើតាមច្បាប់ដែលគេចែង នោះយើងនឹង មាន
រឿងរ៉ាវមានបញ្ហា អញ្ចឹងបានអ្នកគាំទ្រគណបក្សយើងទាំងអស់ បានត្រៀមខ្លួនដើម្បីដោះស្រាយ បញ្ហាទាំងអស់ហ្នឹង មិនឱ្យគេអាចចោទប្រកាន់យើងថា យើងរំលោភច្បាប់របស់គេ»

តាមការចុះផ្សាយរបស់ កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ ដែលដកស្រង់សម្តីតំណាងរាស្រ្ត២រូបផ្សេង ទៀត បានឱ្យដឹងថា ស្លាកគណបក្សសង្រ្គោះជាតិថ្មីនេះ មានតែរូបព្រះអាទិត្យរះប៉ុណ្ណោះ ដោយសារ តែគណបក្សសម្រេចដក​រូប​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​គ្នា​ចេញ ចាប់​តាំងពី​ថ្ងៃ​ដែល​រដ្ឋសភាអនុម័ត​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មក​ម្ល៉េះ​។ ការសម្រេចលុបទាំង​រូប​លោក កឹម សុខា ដែល​ជា​ប្រធាន​បច្ចុប្បន្ន​នេះ គឺដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្មថ្មីនេះ​ចូល​ជា​ធរមាន​។

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀចចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភា អនុម័តជាស្ថាពរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ ហើយនៅព្រឹកមិញនេះ ច្បាប់ថ្មីនេះក៏ត្រូវបានព្រឹទ្ធសភាបានអនុម័តរួចរាល់ផងដែរ។

ច្បាប់គណបក្សនយោបាយនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី(សួន)។ មាត្រា៦ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬ សកម្មភាពរបស់ទណ្ឌិត ជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយ ខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិត ជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ។

ច្បាប់នេះត្រូវបានកែប្រែពីរដងហើយ តាមសំណើ​ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

               

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger