សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 13, 2017

សមត្ថកិច្ចរារាំងក្រុមតំណាងរាស្ត្របក្សប្រឆាំងមិនឲ្យធ្វើ​ពិធីបង្សុ​កូល ដល់​ជនរង​គ្រោះនៅក្បែរវាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សមត្ថកិច្ចបាន​រារំាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ​​ មិនឲ្យ​ធ្វើ​ពិធីបង្សុ​កូល នៅ​ស្តូប​ជនរង​គ្រោះ​ដោយ​​សា​រ​​ព្រឹត្តិ​ការណ៍​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ​១៩៩៧ នៅទីតាំង​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង។
អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានឲ្យដឹងនៅថ្ងៃទី១៣ខែកញ្ញានេះ ថា សមត្ថកិច្ច និងកង​សន្តិ​សុខ​ខ័ណ្ឌដូនពេញ រាប់សិបនាក់ បានដាក់​របាំងបិទផ្លូវ និងដាក់ពង្រាយ កម្លាំង​ចម្រុះ​ នៅ​មុខ​វត្តបុទុមវត្តី និង​ជុំវិញស្តូបជន​រងគ្រោះ​ ក្បែរព្រះបរមរាជវំាង ដើម្បីរារំាង​ក្រុម តំណាង​រាស្ត្រគណបក្សប្រឆំាង មិន​ឲ្យ​​ទៅធ្វើពិធីបង្សុ​កូល​នៅ​​ស្តូប​ជន​រង​​គ្រោះ​​នោះទេ​។
លោកស្រី មូរ សុខហួរ ហៅការរារំាង​របស់អាជ្ញាធរថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាព ផ្នែកសាសនា។
លោកស្រីនិយាយថា «ពិធីបង្សុកូលធ្វើជារៀងរាល់ឆ្នាំ តំាងពីឆ្នាំ១៩៩៧ មានន័យថា២០ឆ្នាំហើយ ហេតុអ្វីបានជាថ្ងៃនេះ[សមត្ថិកិច្ចចំម្រុះ]ព័ន្ធជុំវិញ ធ្វើឲ្យស្ថានការណ៍នយោបាយតឹងតែងទៅៗ មិនមែនជាដំណោះស្រាយដែលយើងចង់បានទេ យើងត្រូវជាពលរដ្ឋ ជាអ្នកតំណាងរាស្ត្រ ជាអ្នក កាន់ព្រះពុទ្ធសាសនា យើងត្រូវតែមានសិទ្ធិគ្រប់គ្រាន់ដែលយើងមិនចំាបាច់ទៅចចារ តថ្លៃដើម្បីឲ្យ បានសិទ្ធិទេ»
ក្រោយពីខកខានរៀបចំពិធីបង្សុកូលនៅកន្លែងដែលបានគ្រោងទុកនោះ​ មន្ត្រី និង តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ​ បាន​នាំគ្នា​យកចង្ហាន់​ ទៅរាប់បាតប្រគេនព្រះសង្ឃនៅក្នុងវត្តបុទុមវតីនៅ ក្បែរនោះ។​
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី​ មានប្រសាសន៍ថា ដើមចមដែលអាជ្ញាធរ មិនអនុញាតឲ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុ​កូល​នៅ​​ស្តូប​ជន​រង​​គ្រោះ ដោយ​សា​រ​ព្រឹត្តិការណ៍​​​វាយ​​ប្រហារ​ដោយ​គ្រាប់បែ​ក​ដៃកាលពីឆ្នាំ​១៩៩៧នោះ ចំពេលរដូវកាន់បិណ្ឌ​ ដូច្នេះសាលារាជធានី​បានជូន​ដំណឹង​ទៅ​គណ​បក្ស​ប្រឆំាង​កាលពីម្សិលមិញ​ ​ឲ្យទៅធ្វើបុណ្យនៅ តាមវត្តវិញ។
លោក មាសភក្តី បន្តថា ការរារំាងក្រុមតំណាងរាស្ត្របក្សប្រឆំាងនោះ​មិនមែនជាការគំរាមកំហែងទេ ដោយថា​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូនប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​៤​គ្រាប់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទៅលើ​ហ្វូង​បាតុករ​ដែល​ដឹកនាំ​ដោយ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​មុខ​រដ្ឋសភា ចាស់​ ដើម្បី​ទាមទារ​កំណែទម្រង់​ប្រព័ន្ធតុលាការ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​ប្រមាណ​ជាង​១៥០​នាក់​រងរបួស​។ រហូតមកដល់​ពេល​នេះ ជិត២០ឆ្នាំហើយ​ ជនដៃដល់ និង​​​អ្នក​នៅ​ពីក្រោយ​ខ្នង ​​មិនទាន់​ត្រូវបាន​វែកមុខ​ យកមក​ផ្តន្ទាទោស​​នៅ​ទ្បើយ​​​ទេ។
អ្នកតាមដាននយោបាយនៅកម្ពុជា  មើលឃើញថាការរារាំងមិនឲ្យក្រុមតំណាងរាស្ត្របក្សសង្គ្រោះ ជាតិមិនឲ្យប្រមូលផ្តុំគ្នាបែបនេះ គឺជាការម៉ាក់ងាយយ៉ាងខ្លាំងទៅលើបក្សប្រឆាំងដ៏ធំ មួយនេះ ដែលគ្រាន់តែធ្វើពិធីសាសនាមួយក៏មិនបានផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger