សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 12, 2017

សហរដ្ឋអាមេរិកបដិសេធការចោទរបស់លោកហ៊ុន សែនថានៅ ពីក្រោយខ្នងបក្សប្រឆាំងផ្តួល រំលំរដ្ឋាភិបាល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ៍នេះចេញមុខបដិសេធ ការចោទប្រកាន់ថា ប្រទេសមហាអំណាចមួយ នេះ បានគាំទ្រពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ទទូចឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារ ទី១២ កញ្ញា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ កម្ពុជា លោក William Heidt បានសំដែងការសោកស្ដាយនិងហួសចិត្ត ដែលរដ្ឋាភិបាលកម្ពុជា បាន ដាក់ការចោទប្រកាន់ថា អាមេរិក នៅពីក្រោយគណបក្សសង្គ្រោះជាតិ និងប្រធានបក្សមួយនេះ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល របស់លោកនាយរដ្ឋមន្ដ្រី​ ហ៊ុន សែន។
លោកមានប្រសាសន៍ថា អត្ថបទដែលផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន អំពីការចាប់ខ្លួន លោក កឹម សុខា និងសហរដ្ឋអាមេរិក គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋាន និងប្រាស់ចាកពីការពិត ទាំងស្រុង។
លោកថា៖ «រាល់ការចោទប្រកាន់ ដែលលោកអ្នកឮ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្ដីពី សហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់។ អត្ថបទនៅក្នុងសារព័ត៌មាន (កាលពីពេល) ថ្មីៗនេះ ស្ដីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេសរសេរខុសទាំងស្រុង និងដោយចេតនា ក្នុង ការហៅអ្វី ដែលអាមេរិកកំពុងធ្វើនៅកម្ពុជា»
លោក William Heidt អះអាងថា ចាប់តាំងពីបង្កើតស្ថានទូតនៅកម្ពុជាឡើងវិញនៅឆ្នាំ១៩៩៤ គឺរដ្ឋាភិបាលអាមេរិក មានគោលដៅសំខាន់ គឺដើម្បីស្ដារទំនាក់ទំនងការទូតប្រទេសទាំងពីរឡើង វិញ តាមរយៈការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ សុខភាពសាធារណៈ ជម្រុញប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជាដើម។
លោកបន្ថែមថា ព្រឹត្តិការណ៍នយោបាយនៅកម្ពុជាប៉ុន្មានខែ ចុងក្រោយនេះ មិនប៉ះពាល់ដល់ រដ្ឋាភិបាលអាមេរិកនោះទេ ប៉ុន្ដែគឺបង្កតែផលវិបាកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅ វិញទេ។
លោក William Heidt សង្ឃឹមថា ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅតែអាចវិលទៅរកភាពប្រសើរ ឡើងវិញ និងថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ នឹងអាចទទួលយកបាន ទាំងមជ្ឈដ្ឋានជាតិ និងសហគមន៍អន្ដរជាតិ លុះណាតែ រដ្ឋាភិបាលបញ្ឈប់ការដាក់គំនាបលើអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងអនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាព ដោយសេរី និង គ្មានការបំភិតបំភ័យ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល និង​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ថា ​បាន​ក្បត់​ជាតិ​ខ្មែរ​ ដោយ​សំអាង​ទៅ​លើ​វី​ដេអូ​ ដែល​លោក ថ្លែង​នៅ​ក្រៅប្រទេស​កាល​ពី​ឆ្នាំ​២០១៣។ ករណីនេះ រដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់​អាមេរិកថា បានផ្តល់ការគាំទ្រនិងបណ្តុះ បណ្តាលដល់បក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែនដែលកំពុងស្ថិតនៅក្នុងអំណាច ជាង៣២ឆ្នាំមកហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger