សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 17, 2017

លោក សម រង្ស៊ីស្នើឲ្យប្រទេសលោកសេរីដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលលោកហ៊ុន សែន ឲ្យតឹងរឹងបំផុត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យប្រទេសលោកសេរីដាក់
ទណ្ឌកម្មលើលោកហ៊ុន សែនឲ្យតឹងរឹងជាទីបំផុត។


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​
លើ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាប់លោក កឹម សុខាប្រធានគណបក្ស សង្គ្រោះ​ជាតិដាក់គុក ដោយចោទថា ក្បត់ជាតិ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន​អូស្ត្រាលី អេ.ប៊ី.ស៊ី ញូវ (ABC News) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។
ការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​នេះ ក្នុង​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​ដែល​ស្ថាប័ន​ប្រជាធិបតេយ្យ និង​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួនក៏​ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក​ធ្វើ​អាជីវកម្ម និង​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយសារ​រង​គំនាប​នានាផងដែរ។
ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អូស្ត្រាលី អេ.ប៊ី.ស៊ី ញូវ (ABC News) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក សម រង្ស៊ី ថា ទណ្ឌកម្ម​ពី​លោក​សេរី​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ទៅ​រក​គន្លង​លទ្ធិប្រជា ធិបតេយ្យ​វិញ។ លោក​ថា នៅ​ពេល​ផ្ដល់​ជំនួយ​មក​កម្ពុជា សហគមន៍​អន្តរជាតិ​ត្រូវ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ឬ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល ដូចជា​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លោក​សេរី រួម​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ជប៉ុន ជាដើម។
លោក សម រង្ស៊ី ថា នៅ​ពេល​ទណ្ឌកម្ម​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​មន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល ពួកគេ​នឹង​ពិចារណា។
បើ​ទោះ​ជា​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា ហាក់​កំពុង​មាន​ប្រទេស​ចិន ជា​ខ្នង​បង្អែក​ក៏ដោយ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ត្រូវ​ការ និង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​របស់​លោក​សេរី ព្រោះ​ថា ប្រមាណ ៤០​ភាគរយ​នៃ​ថវិកា​ជាតិ​របស់​កម្ពុជា គឺ​ជា​ជំនួយ​របស់​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី​ជាដើម។ បន្ថែម​ពី​លើ​នេះ លោក​ថា ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​នេះ គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​ឧស្សាហកម្ម​របស់​កម្ពុជា។
ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។
ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា នេះ ក៏​ក្រោយ​ពី​សហរដ្ឋអាមេរិក បាន​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ចាប់ពីថ្នាក់អគ្គនាយកនៃអគ្គនាយកដ្ឋាន រហូតដល់រដ្ឋមន្ត្រី។ ជា​ការ​ឆ្លើយ​តប លោក​ ហ៊ុន សែន ក៏​ផ្អាក​កិច្ច​សហការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ជិត ៥០​នាក់​ទៀត​នៅ​កម្ពុជា ផង​ដែរ។
ទោះជាយ៉ាងណាក៏សហរដ្ឋអាមេរិកមិនទាន់ឆ្លើយតបនឹងការប្រកាសផ្អាកសហការ ក្នុង​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ជិត ៥០​នាក់​ទៀត​នៅ​កម្ពុជានេះនៅឡើយទេរហូតមកដល់ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញានេះ។
ចំណែកលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបយ៉ាងខ្លីចំពោះការអំពាវ នាវរបស់លោក សម រង្ស៊ីថា លោក សម រង្ស៊ីជាទណ្ឌិត ដូច្នេះអ្វីដែលគាត់និយាយមិនមានតម្លៃអ្វី ទៀតទេ ហើយអ្នកកាសែតមិនគួររើសយកសំដីរបស់ទណ្ឌិតរូបនេះមកចុះផ្សាយនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger