សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 19, 2017

តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនស្រ្តីវ័យក្មេងម្នាក់ ពីបទជេរប្រមាថលោកហ៊ុន សែនតាមហ្វេសប៊ុក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួន  កញ្ញា មឿន លីហ័រពីបទជេរប្រមាថ លោក
ហ៊ុន សែនតាមហ្វេសប៊ុកថ្មីៗនេះ។

សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនស្ត្រីវ័យក្មេងម្នាក់ ដែលបានបង្ហោះសារ និង រូបភាព បែបជេរប្រមាថ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ តាមបណ្តាញសង្គម ហ្វេសប៊ុក។
ដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ខែកញ្ញា ចៅក្រមស៊ើប សួរ លោក ជួន វណ្ណៈ សម្រេចដាក់ កញ្ញា មឿន លីហ័រ ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ជេរប្រមាថ ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»
ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែតតាំងពីខែកុម្ភៈ។ ដីកាដដែល បង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាថ្មី។
កាលពីទី១៧កញ្ញា ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ព្រហ្ម ថេង ឲ្យដឹងថា ស្ត្រីរូបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីរកឃើញថា នាងបានបង្ហោះរូបកាត់តជាច្រើន អមដោយសារប្រមាថ ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចម៉ែ។ លោក ព្រហ្ម ថេង ឲ្យដឹងទៀតថា ករណីនេះមិនមាន អ្នកប្តឹងទេ ប៉ុន្តែ ត្រូវបានចាត់ការដោយសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា។
អ្នកនាំពាក្យសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក រឿន លីណា បញ្ជាក់បន្ថែមនៅថ្ងៃចន្ទ យ៉ាង ខ្លីថា ករណីនេះ ស្ថិត​ក្នុងដំណាក់កាល របស់ចៅក្រមស៊ើបនៅឡើយ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ គេឃើញ មានការបង្ហោះវីដេអូ ដែលអញ្ជើញនារីរូប នោះ ដល់ផ្ទះទៅសាកសួរ ព្រមទាំងសារ និងរូបភាពដែលថតចម្លងទុកពីហ្វេសប៊ុកឈ្មោះ «ជល ស្សៃយនា នាងកូនពៅ ស៊ីអារម្មណ៍» ដែលគេអះអាងថាជារបស់ កញ្ញា មឿន លីហ័រ។
នៅក្នុងឆ្នាំ២០១៧ នេះ មនុស្ស មិនតិចជាង៥នាក់ទេ ត្រូវបានតុលាការឃុំខ្លួន ក្នុងករណីស្រដៀង គ្នានេះ ខណៈអ្នកធ្វើការខាងសិទ្ធិមនុស្ស ដាក់ការព្រួយបារម្ភ ចំពោះការចាប់ខ្លួន និងចោទប្រកាន់ កាន់តែច្រើនឡើង ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបញ្ចេញមតិ ផ្ទាល់ ខ្លួន។
ក៏ប៉ុន្តែអាជ្ញាធរថាការបញ្ចេញមតិបែបប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋនិងព្រះបរមរាជ
វាំង មិនអាចទទួលយកបានទេ ហើយត្រូវតែប្រឈមមុខច្បាប់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger