សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 12, 2017

បក្សប្រឆាំងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ក្រសួងយុត្តិធម៌សាកសួរករណី បិទវិទ្យុនិងចាប់ខ្លួនលោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អង្កវង្ស វឌ្ឍនា និងលោក ខៀវ កាញ្ញារីទ្ធិរដ្ឋមន្ត្រីក្រសួង 
ព័ត៌មាន ប្រឈមការកោះហៅចូលសភាដោយ លោកសុន ឆ័យ។


គណបក្សប្រឆំាងបានឲ្យដឹងថា នឹងដាក់លិខិតដាច់ដោយឡែកផ្សេងគ្នា ទៅ​ស្ថាប័ន​រដ្ឋចំនួនពីរ
នៅ ថ្ងៃនេះ ដើម្បីស្នើសុំឲ្យបំភ្លឺជុំវិញការ​ចាប់​ខ្លួន​លោក កឹម ​សុខានិងការបិទប្រព័ន្ធផ្សព្វផ្សាយ
មួយ ចំនួន។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនាថ្ងៃទី១២ខែកញ្ញានេះ​ តំណាង​រាស្ត្រគណ​បក្ស ប្រឆំាង​ លោ​ក​ សុន ឆ័យ បានថ្លែងថា​ ក្រុម​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិត ចំនួនពីរ ដាច់ដោយ​ឡែក​​​​ពីគ្នាទៅក្រសួងព័ត៌មាន និង​ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ ដើម្បីឲ្យរដ្ឋ​មន្ត្រី​
នៃ​ស្ថាប័​នទំា​ង​ពីរ​នះ ​បំភ្លឺជា​លាយ​​ល័ក្ខអក្សរ ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ និងករណី​ការ​ចាប់​ខ្លួន​មេដឹក​នាំ​បក្ស​ប្រឆំាង​​ លោក កឹម ​សុខា ដោយថា ចំណាត់ការ ទំាងនោះ បានរំលោភច្បាប់ និង រដ្ឋធម្មនុញ្ញ​។

លោកថ្លែងថា៖ «ការធ្វើកិច្ចសន្យាដោយឡែក គឺជាការបំពានទៅលើច្បាប់ស្តីពីសារព័ត៌មាន ហើយ យើងអំពាវ​នាវ​ឲ្យក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណ ផ្តល់សិទ្ធិទៅលើវិទ្យុទំាងនេះ ឲ្យមានការផ្សព្វ ផ្សាយឡើងវិញ មូល​ហេតុ ​ដែលក្រសួងលើកឡើងមិនសមហេតុផល​ទេ។ លិខិតមួយទៀត ដែល ត្រូវ​ចេញថ្ងៃនេះដែរ គឺលិខិត​ទៅ​ក្រ​សួងយុត្តិធម៌ យើងចង់ឲ្យក្រសួងយុត្តិធម៌នេះ​ ពន្យល់យើងពាក់ ព័ន្ធទៅនិងការចាប់ខ្លួនឯកឧត្តម កឹម សុខា​ ដោយថា អនុវត្តតាមមាត្រា៨៦ នៃក្រមព្រហ្មទណ្ឌ ក្នុង ការឲ្យចៅក្រម ព្រះរាជអាជ្ញាមាន វិធាន​ការ​​ដើម្បីចាប់ឯឧត្តម កឹម សុខា​ តើយោងលើពាក្យពេជ្រត្រង់ ណា ព្រោះខ្ញុំសិក្សាមើល​ហើយ ដូចជា គ្មាន​មូល​ដ្ឋានត្រង់ណា ដែលចែងអនុញាតឲ្យ​ប្រព័ន្ធតុលា ការទៅអនុវត្តក្នុងការចាប់ខ្លួន​ ឯកឧត្តម កឹម សុខា​ ក៏​ដូច​​ជាចាប់ ឯកឧត្តម អ៊ំ សំអាន នោះដែរ​​»
ចាប់តាំងពីខែសីហា ក្រសួងព័ត៌មាន បានបញ្ជា​ឲ្យស្ថានីយវិទ្យុចំនួនជាង៣០ បិទរលក​​អាកាស​ផ្សាយ​ ដោយថា ម្ចាស់ស្ថាប័នទាំងនោះ បាន​រំលោភសេចក្តីប្រកាស​អនុញ្ញាត​ឲ្យធ្វើអាជីវកម្ម និ​ង​
កិច្ច​សន្យា។ ខណៈលោក កឹម សុខា ត្រូវ​បានសាលា​​​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់
​ថា​ ក្បត់​ជាតិ និង​កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធ​នាគារ​។
ចំណែកករណីលោក កឹម សុខា កាសែតជាតិខ្មែរ មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួង យុត្តិធម៌លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ​។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ កាលពី​ថ្ងៃ៩កញ្ញា បាន​ធ្វើ​ផែនទី​បង្ហាញ​ទីតាំង​វិទ្យុ​ចំនួន​៣២ ​ដែល​រដ្ឋាភិបាល​បាន​បិទ​កាល​ពី​ចុង​ខែសីហា​។ ក្នុង​ចំណោម​វិទ្យុ​ទាំង​៣២​នោះ​ ស្ថិត​នៅ​ក្នុង​រាជធានី​-ខេត្ត​ចំនួន​២០​ ដែល​បាន​ជួល​ម៉ោង​សម្រាប់​ផ្សាយ​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ វិទ្យុវីអូអេ​ និង​ វិទ្យុវីអូឌី។​ ហើយស្ថានីយវិទ្យុទាំងនោះ ជា​ប្រភព​ព័ត៌មាន​ដែល​សំខាន់​ អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​តំបន់​ដាច់​ស្រយាល​ដែល​មិន​មាន​អ៊ីនធើណែត​ប្រើប្រាស់​។​ ករណីនេះ អង្គ​ការជាតិ និង​​អន្ដរជាតិ បាន​ថ្កោល ទោសរដ្ឋាភិបាលកម្ពុជា ដោយថា បានបើកការវាយ​ប្រហារ​លើសំឡេង​ឯក​រាជ្យ និង​​អង្គការសង្គម ស៊ីវិល នៅមុនការបោះឆ្នោតនាឆ្នាំ២០១៨។
ចំណែក លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូល​ដល់​​ថ្ងៃទី​០៣​ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ ប្រហែលគ្នាថា ករណី​​​ចាប់ខ្លួនលោក កឹម សុខា រំលោភ​អភ័យ​ឯក​សិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ តំណាង​រាស្ត្របក្សកាន់អំណាតចំនួន៦៧រូប អះអាងប្រហាក់ប្រហែលគ្នាថា ករណីលោក កឹម សុខា ធ្វើ​​ស្របតាមរដ្ឋធម្មនុញ្ញ ហើយពួកគេបានអនុម័តឲ្យតុលាការបន្តនីតិវិធីឃុំខ្លួនលោក កឹម សុខា ទៀត។
ទោះជាយ៉ាងណា ក្រោយពីអាជ្ញាធរ​ចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការ​សហ​ប្រជា​ជាតិ និ​ងស្ថាន​ទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​​​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេ​បក្ស​រូប​នោះ​ ហើយ ពួកគេ ជំរុញឲ្យ​រដ្ឋាភិ​​បាល​​កម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​​បក្សប្រឆាំង។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដែលមានលោកហ៊ុន សែនជាប្រមុខមិនខ្វល់ខ្វាយនឹងការឈឺឆ្អាលរបស់ បណ្តាប្រទេសទាំងអស់នោះទេ ដោយថាពួកគេធ្វើឡើងដើម្បី ការពារអាយ៉ងរបស់ខ្លួន តែ ប៉ុណ្ណោះ។ រដ្ឋាភិបាលចាត់ទុកលោក ំកឹម សុខាជាអាយ៉ងរបស់អាមេរិក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger