នាយកប្រតិបត្តិ
ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង ថាប្រជាធិប
តេយ្យនៅកម្ពុជា
ប្រឈមគ្រោះថ្នាក់ដល់ស្លាប់ ប្រសិនបើមន្ត្រីអង្គទូត និងប្រទេសម្ចាស់ជំនួយ មិនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា
ឲ្យបានឆាប់ៗនោះទេ។
លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តបំផ្លាញគោល ការណ៍សេរីពហុបក្ស
បំផ្លាញសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងបំផ្លាញសិទ្ធិដទៃទៀត ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
តាំងតែពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ មកម្ល៉េះ។
លោកលើកឡើងបន្ថែម ថាប្រទេសម្ចាស់ជំនួយ និងមន្ត្រីអង្គទូតបរទេស
ត្រូវសម្រេចឥឡូវ ថាតើត្រូវឈរឱបដៃមើល ដោយទុកឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន
ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល
និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកំពុងធ្វើឲ្យប្រជាធិបតេយ្យ
ឈានទៅរលំរលាយ ឬក៏ត្រូវចាត់វិធានការជាក់ស្ដែងភ្លាមៗ ទៅលើរដ្ឋាភិបាលកម្ពុជា
ដូចជាវិធានការតឹងរ៉ឹង តាមផ្លូវនយោបាយ សេដ្ឋកិច្ច និងការទូត ប្រសិនបើលោក ហ៊ុន
សែន នៅតែប៉ុនប៉ងប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជារដ្ឋឯកបក្សដូច្នេះ។
សាររបស់លោក ប្រ៊ែដ អាដាម
ធ្វើឡើងកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ពោលគឺមួយថ្ងៃ នៅមុនសវនាការ
កាត់ក្ដីរឿងបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ប្ដឹងសុំរម្លាយគណបក្សសង្គ្រោះជាតិ
ដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃ
ពុធទី១៦ ខែវិច្ឆិកានេះ។
ទោះបីលោក ប្រ៊ែដ អាដាម នៅតែចាត់ទុកប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា
ថាស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច លោកក៏បានផ្ញើសារ ដាស់តឿនមន្ត្រីតុលាការកំពូលកម្ពុជា
ថា នេះជាឱកាសជាប្រវត្តិសាស្ត្រមួយ ដែលតុលាការផុតលេខមួយនេះ អាចបង្ហាញពិភពលោក
ថាស្ថាប័នតុលាការមួយនេះ អាចមានឯករាជ្យភាព និងអាចរក្សាគោលការណ៍នីតិរដ្ឋបាន។
បើតាមលោក ប្រ៊ែដ អាដាម (Brad Adams) តុលាការកំពូល
អាចបង្ហាញភាពឯករាជ្យនេះបាន ប្រសិនបើមន្ត្រីតុលាការកំពូល ហ៊ានក្រោកតតាំង
ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលកំពុងប៉ុនប៉ងដាក់សម្ពាធ ឲ្យតុលាការនេះ សម្រេចរម្លាយគណបក្សសង្គ្រោះជាតិ
ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
មន្ត្រីតុលាការកំពូល ដែលនឹងសម្រេចសេចក្ដីលើករណីរម្លាយគណបក្សប្រឆាំងនេះ
គឺសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។ ប្រធានតុលាការកំពូលលោក
ឌិត មន្ទីរ គឺជាមនុស្សសំខាន់មួយរូប ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សកាន់អំណាច។
អនុប្រធានតុលាការកំពូលមួយរូប គឺលោក ឃឹម ប៉ុណ ជាសមាជិកជាន់ខ្ពស់មួយរូប
ក្នុងគណៈមជ្ឈិមបក្ស។ អនុប្រធានតុលាការកំពូលមួយរូបទៀត គឺលោក ជីវ កេង ដែលពីមុនជាប្រធានសាលាដំបូងរាជធានីភ្នំពេញ
ធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់លោក សុខ អាន។ លោក សុខ អាន ជាដន្លងរបស់លោក
ហ៊ុន សែន។ អ្នកស្រី ជា លាង ដែលជាក្មួយបង្កើតរបស់លោក សុខ អាន ជាអគ្គព្រះរាជអាជ្ញា
នៃមហាអយ្យការអមតុលាការកំពូល។
ត្រង់ចំណុចនេះ
មន្ត្រីអង្គការសង្គមស៊ីវិល មានសង្ឃឹមតិចតួចណាស់
ដែលថាតុលាការកំពូលកម្ពុជា អាចរក្សាឯករាជ្យភាពរបស់ខ្លួន។ មន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល
(COMFREL) លោក យឿង សុធារ៉ា លើកឡើង ថាតុលាការកំពូល
ពិបាកនឹងធ្វើឲ្យសាធារណជន ជឿថា ពួកគាត់អាចសម្រេចសេចក្ដីដោយគ្មានការរងសម្ពាធពីគណបក្សកាន់អំណាចខ្លាំងណាស់។
លោកបន្ថែម ថាករណីនេះ មានបញ្ហាខាងទំនាស់ផលប្រយោជន៍ ព្រោះអ្នកសម្រេចសេចក្ដីនៅក្នុងរឿងក្តី
សុទ្ធតែជាមន្ត្រី និងមនុស្សជំនិតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ដែលជាដើមបណ្តឹង សុំរម្លាយគណបក្សសង្គ្រោះជាតិ។ លោក យឿង សុធារ៉ា អះអាងថា តាមស្មារតីច្បាប់
មន្ត្រីតុលាការ ដែលជាប់ពាក់ព័ន្ធ នឹងទំនាស់ផលប្រយោជន៍បែបនេះ គប្បីត្រូវដកខ្លួនចេញពីការជំនុំជម្រះក្តីនេះ
ដោយទុកឲ្យមន្ត្រីតុលាការឯទៀត ដែលមិនមែនជាសមាជិករបស់ភាគីដើមចោទ។
ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍នេះ
គឺភាគីចុងចោទ មានសិទ្ធិដាក់បណ្ដឹងដិតចិត្ត ដើម្បីសុំឲ្យផ្លាស់ប្ដូរសមាសភាពចៅក្រម
និងមន្ត្រីតុលាការ ដែលកាន់រឿងក្ដីនេះ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ
បានសម្រេចមិនរៀបចំ ឲ្យមានមេធាវី ដើម្បីការពារក្ដីរឿងនេះទេ ព្រោះប្រធានគណបក្សសង្គ្រោះជាតិលោក
កឹម សុខា ធ្លាប់ផ្ញើសារតាមរយៈមេធាវីរបស់លោក ថារឿងនេះ គឺជារឿងនយោបាយ ត្រូវទុកឲ្យមានដំណោះស្រាយក្រៅផ្លូវតុលាការ។
សហគមន៍អន្តរជាតិឯណោះវិញ កំពុងតាមឃ្លាំមើលស្ថានការណ៍នយោបាយនេះ
យ៉ាងយកចិត្តទុកដាក់។ ពួកគេបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា
និងរង់ចាំចាត់វិធានការបន្ថែម ក្នុងករណីស្ថានការណ៍បច្ចុប្បន្នកាន់តែដុនដាបខ្លាំង។
តំណាងរាស្ត្រអាមេរិកជាច្រើនរូប បានព្រមានដាក់ទណ្ឌកម្មផ្នែកការទូត និងទណ្ឌកម្មសេដ្ឋកិច្ច
ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនបញ្ឈប់ការប៉ុនប៉ងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
ទាក់ទងនឹងការរំលាយគណបក្សប្រឆាំងនេះដែរ
មេធាវីតំណាងឲ្យក្រសួងមហាផ្ទៃចំនួន៤ រូបនៅ រសៀលថ្ងៃនេះ ព្យាយាមលើកឡើងនូវភស្តុតាងមួយចំនួន
ដើម្បីពន្យល់ប្រាប់ចៅក្រមតុលាការ កំពូលថា មេដឹកនាំនិងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ
គឺមានការទទួលលុយពីបរទេសនិងប៉ុនប៉ងរៀបចំធ្វើបដិវត្តពណ៌។
នៅក្នុងសវនាការដែលចាប់ផ្តើមនៅព្រឹកនេះ
មិនមានវត្តមានមេធាវីគណបក្សសង្គ្រោះជាតិទេ គឺមានតែមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ។
មេធាវីក្រសួងមហាផ្ទៃចំនួន៤រូប បានលើកឡើង ភស្តុ តាងជាបន្តបន្ទាប់ ដោយដាក់បន្ទុកថា
លោក កឹម សុខា បានទទួលលុយពីបរទេស ហើយដឹកនាំ គណបក្សរៀបចំធ្វើបដិវត្តចង់ផ្តួលរំលំរដ្ឋាភិបាល។
សវនាការចាប់ផ្តើមពីម៉ោងជាង៨ព្រឹក
ហើយសម្រាកនៅម៉ោង១២ថ្ងៃត្រង់ និងបន្តនៅម៉ោង២ រសៀលទៀត។
តាមព័ត៌មានពីមេធាវីក្រសួងមហាផ្ទៃ និងមន្ត្រីតុលាការឲ្យដឹងថា
តុលាការកំពូល អាចប្រកាសសាលដីកានៅល្ងាចនេះ។
គណបក្សសង្គ្រោះជាតិមិនបានដាក់ភស្តុតាងនិងមេធាវី
ដើម្បីចូលរួមតតាំងក្តីនេះ ដោយចោទថា ជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕
0 comments:
Post a Comment