សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 19, 2018

សាលាឧទ្ធរណ៏បន្តឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ ដដែល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សាលាឧទ្ធរណ៏​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មេសានេះ បន្តច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី២ របស់​មេធាវី​ការពារ​ក្ដី​តំណាង​ឲ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប។
លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មកឲ្យបរទេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ក៏ប៉ុន្តែតុលាការនៅតែបន្តឃុំខ្លួនពួកគេ ទាំងពីរតាមការចោទប្រកាន់នោះដដែល។

ប្រាប់អ្នកសារព័ត៌មាន​មុនពេលឆ្មាំគុកនាំខ្លួនទៅពន្ធនាគារវិញ ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​និយាយ​ថា អំឡុង​ពេល​ឃុំ​ខ្លួន​រយៈ​ពេល​ជាង ៥​ខែ​មក​នេះ តុលាការ​ពុំ​បាន​រក​ឃើញ​ភស្តុតាង​អ្វី​នោះ​ទេ។
អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា មាន​លក្ខណៈ​អយុត្តិធម៌ និង​មាន​ចេតនា​បំបាក់​ស្មារតី​ពួកគេ ដោយសារ​កន្លង​មក ពួកគាត់​ធ្លាប់​សរសេរ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។
លោកថា៖ «វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ​ ហើយមានចេតនាចង់ធ្វើបាបពួកខ្ញុំ​តែម្ដង។ រយៈពេល ៥ខែ ធ្វើការស៊ើបអង្កេតហ្នឹង វាគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែ ស៊ើបអង្កេតមិនឃើញអីផង ហើយចេះតែឃុំខ្លួន ខ្ញុំទុក មានចេតនាធ្វើបាប បំបាក់ស្មារតីពួកខ្ញុំតែម្ដង។ វាជាការសងសឹងរបស់រដ្ឋាភិបាលមក លើពួក ខ្ញុំ ដោយសារកន្លងមក យើងផ្សាយព័ត៌មានចំៗពី ស្ថានភាពប្រទេសកម្ពុជា»
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ  ចាត់ទុការលើកឡើងរនេះ ថាជាការយល់ឃើញ របស់ពួកគាត់ ប៉ុន្តែលោកថា តុលាការគឺធ្វើទៅតាមនីតិវិធីច្បាប់។
ទាំង​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ សុទ្ធ​តែ​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។
មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បង្ហាញការសោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​សាលាឧទ្ធរណ៍ ដោយថា តុលាការគួរតែធ្វើការពិចារណាចំពោះ រឿងនេះឡើងវិញ។
កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា សាលាឧទ្ធរណ៏​បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​១ របស់​អ្នក​ទាំង​២​ម្ដង​រួច​មក​ហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger