សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 28, 2018

អាជ្ញាធរខេត្តក្រចេះ​និងស្ទឹងត្រែងបេីកដៃឲ្យឈ្មួញ​ដឹក​ឈើ​តាម​រថយន្ត​សាំងយ៉ុង​ដូច​ដង្ហែ​កឋិន​គ្មាន​ការ​បង្រ្កាប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 ក្បួនរថយន្តសាំយ៉ុង ដឹកឈេីពីខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ រួចសំដៅទៅលក់
នៅស្រុកយួន។
ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ជាប់​ដង​ផ្លូវ​ជាតិ នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​
ថា ជា​រៀងរាល់​យប់ មាន​រថយន្ត​សាំងយ៉ុង ដឹក​ឈើ​ខុសច្បាប់​ដូច​ដង្ហែ​កឋិន គ្មាន​ការ​បង្ក្រាបពី អាជ្ញាធរ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ រីឯ​សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ អង្គុយ​កាក់​ចាំ​យក​លុយ​ពី​ឈ្មួញ​ឈើ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ ពលរដ្ឋ​រិះគន់​ថា សមត្ថកិច្ច​ខ្លះ មិន​ត្រឹមតែ​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ​ទេ បែរ​ជា​យក​តួនាទី កាង​បទល្មើស​គេច​ពី​សំណាញ់​ច្បាប់ទៀតផង។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ជាប់​ផ្លូវជាតិ នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្នុង​មួយ​យប់ មាន​រថយន្ត​សាំងយ៉ុង​ដឹក​ឈើ​ចាប់ពី ១០​គ្រឿង​ឡើង​ទៅ ក្នុង​មួយ​រថយន្ត​ផ្ទុក​ឈើ ៧​ម៉ែត្រ​គូប​ឡើង​ទៅ ដែល​គេ​ដឹក​ចេញពី ស្រុក​ថាឡាបរិវ៉ាត់ និង ស្រុក​ឆែប​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ រួចឆ្លងទៅលក់នៅប្រទេសវៀតណាម។ លោក​បញ្ជាក់​ថា រថយន្ត​សាំងយ៉ុង​ទាំងនោះ ដឹកជញ្ជូន​ឈើ​ដែល​គេ​ប្រមូល​ពី តំបន់​ព្រៃ​អភិរក្ស​ក្នុងស្រុក​ថាឡាបរិវ៉ាត់ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ តំបន់​ព្រៃឡង់ និង ដឹក​ចេញពី​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះវិហារ។

អ្នកភូមិដដែលបន្តថា៖ «មួយ​យប់​ដឹក​ឈើ បើ​សិន​ប្រៀប​ជា​កឋិន កឋិនទាន​ពេលយប់​គេ​សម្រាក​ខ្លះ ដឹក​ឈើ​អត់​មាន​សម្រាក​ទេ​ដឹក​ដល់​ព្រឹក​ហ្មង ឡាន​សាំងយ៉ុង។ រថយន្ត​សាំង​ដឹក​កង់​ពីរៗ​ក្រោយ ដឹក​ទាប​បំផុត ៥​ម៉ែត្រ​គួប។ សមត្ថកិច្ច​អត់​បង្ក្រាប​ទេ សមត្ថកិច្ច​មាន​មេព្រៃ ជំនាញ​គាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​គាត់​អង្គុយ​ការិយាល័យ​គាត់ លុយ​ចូល​ទៅ​ហ្មង»

កាល​ពី​ពេល​ថ្មីៗ​នេះ មានមន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​ខេត្ត​ស្ទឹងត្រែង ឈ្មោះ ហែម សុមុនី ហៅ​ម៉ៅ បាន​ប្រើ​អំណាច ជា​នគរបាល កាង​បទល្មើស​ព្រៃឈើ​ខុសច្បាប់ បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពេញទំហឹង។ លើស​ពី​នេះ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំងយ៉ុង និង​រថយន្ត​ឡង់​គ្រឺស័រ​ជាដើម ដឹក​ឈើ​ពី​ស្រុក​សៀមប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ជិត ២០​គ្រឿងក្នុង​មួយ​យប់។ មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​រូប​នោះ ជា​អ្នក​រត់​ការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដង​ផ្លូវ ដោយមាន​ការបែងចែក​ផលប្រយោជន៍ ឬ​សូកប៉ាន់ ប្រព្រឹត្ត​អំពើពុករលួយ​ជាប្រចាំ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

សារព័ត៌មានចាតិខ្មែរ មិនអាចទាក់ទងមន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​ខេត្ត​ស្ទឹងត្រែង ឈ្មោះ ហែម សុមុនី ហៅ​ម៉ៅ ដេីម្បីសាកសួរពីការចោទប្រកាន់ខាងលេី នេះបានទេ នៅថ្ងៃនេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger