សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 11, 2018

តុលាការកំពូល​​តម្កល់​សាលដីកា​​កាត់ទោស​លោក សម រង្ស៊ីឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៥​ឆ្នាំពីបទសម គំនិត​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-​វៀតណាម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 លោកសម រង្ស៊ីស្រោចផ្កា ក្នុងបរិវេណភូមិគ្រឹះរបស់លោក នៅប្រទេសបារាំង
នាពេលថ្មីៗនេះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធាន​ចលនា​សង្គ្រោះជាតិ ប្រតិកម្ម​ទៅ​នឹង​តុលាការ​កំពូល ដែល​បាន​ប្រកាស​តម្កល់​សាលដីកា​ដែល​បាន​កាត់ទោស​លោក ឲ្យ​ជាប់ ពន្ធនាគារ​ចំនួន ៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ​ចោទ​សមគំនិត​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-វៀតណាម។
លោក សម រង្សី ដែល​កំពុងរស់នៅនីរទេសខ្លួនឯក្រៅប្រទេស បាន​ប្រកាសពី​ប្រទេស​បារាំង​ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​កាត់ទោស​នេះទេ ព្រោះ​តុលាការ​កម្ពុជា ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា នរណា​ក៏​ដឹង​ច្បាស់​ថា កម្ពុជា​បាន​បាត់បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម រួមមាន​កោះត្រល់​ជាដើម។
លោកបញ្ជាក់ថា៖ «គ្មាន​អ្វី​ចម្លែក​ទេ​ក្នុង​រឿង​នេះ ពី​ព្រោះ​តុលាការ​ស្រុក​ខ្មែរ​ធ្វើ​ <ស​ទៅជា​ខ្មៅ ហេីយ ខ្មៅ​ទៅជា​ស> អ្នក​មានទោស​រួចខ្លួន អ្នក​គ្មាន​ទោស​បែរជា​មាន​ទោស​ទៅវិញ​។ បញ្ហា​ព្រំដែន​នេះ ខ្ញុំ​នៅតែ​និយាយ​អះអាង​ថា អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កាត់​ទឹកដី​កម្ពុជា ឲ្យ​ទៅ​ប្រទេសជិត ខាង និយាយ​ឲ្យ​ចំ គឺ​ប្រទេស​វៀតណាម។ គ្រាន់តែ​និយាយ​ការពិត មាន​ឯកសារ​ត្រឹមត្រូវ បែរជា​ជាប់ទោស​ទៅវិញ ហើយ​អ្នក​កាត់​ទឹកដី​ឲ្យ​ប្រទេស​ជិតខាង ជា​ជន​ក្បត់ជាតិ រួចខ្លួន ដូចជា​កោះ ត្រល់។ ប្រទេស​យើង​បាត់បង់​កោះត្រល់ កាលពី​ទសវត្សរ៍​ឆ្នាំ​៨០»
កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​កាលពី​ថ្ងៃទី១០ ខែ​កក្កដា បាន​ដកស្រង់​សំដី លោក​អគ្គព្រះរាជអាជ្ញា រង អ៊ុក គឹមសិទ្ធ និង​ជា​អ្នកនាំពាក្យ​តុលាការ​កំពូល ឲ្យ​ដឹង​ថា តុលាការ​កំពូល បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​លម្អិត​ពី​មូល ហេតុ​នៃ​ការសម្រេច​នេះ​ទេ។
លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ពី​បទ «សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ សំណុំរឿង​ចោទ​ប្រកាន់​នេះ ដោយសារ​ការ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ប្រវែង​ជាង ១០​នាទី កាលពី​ថ្ងៃទី១២ និង​
១៣ ខែ​សីហា ឆ្នាំ ២០១៥ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។ នៅ​ក្នុង​វីដេអូ​នោះ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ នា​ពេល​នោះ បាន​បរិយាយ​អំពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-វៀតណាម ដែល​លោក​បាន​ឃើញ​នៅ​តាម​អ៊ីនធឺណិត ដោយ​សរសេរ​ថា​កម្ពុជា​-វៀតណាម ព្រមព្រៀង​រំលាយ​ព្រំដែន ពោល​គី​លោក​មិន​បាន​សរសេរ​ខ្លួនឯង​ទេ គ្រាន់តែ​និយាយ​តាម​ឯកសារ​ដែល​មាន​ស្រាប់​នោះ។
លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​គាត់​ដាក់​ពន្ធនាគារ ៧​ឆ្នាំ ប៉ុន្តែ លោក​ត្រូវ​បាន​លើកលែងទោស​ក្រោយពេល​សុំទោស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំមុន បន្ទាប់​ពី​បាន​សរសេរ​សំបុត្រ​ទៅ​សុំ​អភ័យទោស​ពី​លោក នាយករដ្ឋមន្ត្រី។
ចំណែក​លោក សម រង្ស៊ី វិញ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ទោស​ពេញ។ រីឯ​ជំនួយការ​របស់​លោក សម រង្ស៊ី ២​នាក់ ម្នាក់ ឈ្មោះ អ៊ឹង ជុងលាង និង​សត្យា សម្បត្តិ នោះ​ពួកគេ​ត្រូវ​បាន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​ដូចគ្នា តែ​អនុវត្ត​ទោស​តែ ៣​ឆ្នាំ សល់ ២ ឆ្នាំ​ទៀត​ត្រូវ​ព្យួរទោស។ ក៏ប៉ុន្តែពួកគេទាំងពីរបានគេចខ្លួនទៅ ក្រៅប្រទេស តាំងពីមុនថ្ងៃកាត់ទោសមកម្លេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger