(កំពង់ចាម): មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការឃាត់ខ្លួន សកម្មជន បក្សប្រឆាំង លោក ហ៊ុន សុគង់ ជាការបំពានសិទ្ធិនយោបាយ ហើយសន្យាថា នឹងតាមដានឃ្លាំមើលពីដំណើររឿងនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងរូបនេះ។
ភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោកហ៊ុន សុគង់ ប្រាប់ថាសមត្ថកិច្ចបាននាំខ្លួនស្វាមីលោកស្រី មកសាកសួរបន្តនៅស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី៦ ខែសីហា ក្រោយពីសមត្ថកិច្ចបានចាប់នៅខេត្តបន្ទាយមានជ័យ។
លោកស្រី ខាន់ សុគន្ធា ភរិយាលោក ហ៊ុន សុគង់ មេឃុំបុស្សខ្នុរ ខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ចាមមិនទាន់អនុញ្ញាតឲ្យសមាជិកក្រុមគ្រួសារចានចូលជួបទេដោយសារតែលើកហេតុផលថា ករណីនេះជារឿងនយោបាយ ដែលខុសពីការចាប់ជនសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
អ្នកស្រីទទូចឲ្យសមត្ថកិច្ចបង្ហាញភស្តុតាងថា ស្វាមីលោកស្រីជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីខ្លះ មុននឹងចាប់យកទៅឃុំឃាំង។ លោកស្រីស្នើសុំរបបក្រុងភ្នំពេញឱ្យដោះលែងស្វាមីឱ្យរួចផុតពីការចោទប្រកាន់នេះ ដោយសារតែលោក ហ៊ុន សុគង់ ជាអ្នកប្រកបរបររត់ម៉ូតូឌុប មិនបានធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងរឿងនយោបាយទេ។ លោកស្រីបន្បើគ្មានការចោទប្រកាន់ផងហេតុអ្វីបានជាចាប់គាត់ឃុំ។ ចង់ឲ្យដោះលែងគាត់មកវិញ ពីព្រោះការចាប់ហ្នឹងក៏មិនបានចោទប្រកាន់អ្វីដែរយកគាត់ទៅឃុំធ្វើអ្វីហេតុអ្វីមិនដោះលែងគាត់មកវិញមក។ បើខ្ញុំសួរទៅគេអត់មានដីកា គេអត់ឆ្លើយជាមួយយើងមានឬមិនមានគេឆ្លើយថា អត់ដឹង។ ដល់ពេលអ៊ីចឹង ចង់ឲ្យដោះលែងមកវិញមក។ បើគេអត់ឆ្លើយច្បាស់លាស់ជាមួយគ្រួសារខ្ញុំផង។ អត់មានរឿងអីផងចេះតែយកឃុំទុកយ៉ាងម៉េច»។
មេឃុំគណបក្សសង្គ្រោះជាតិ នៅមកពីឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម លោក ហ៊ុន សុគង់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី៥ កញ្ញា ពេលលោកអ្នកប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបនៅទីនោះ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ការចាប់ខ្លួននេះ សមត្ថកិច្ចមិនបាន បង្ហាញដីកាចាប់ខ្លួនពីតុលាការនោះទេ។
ជុំវិញការចាប់ខ្លួនមេឃុំគណបក្សសង្គ្រោះជាតិនេះ ស្នងការរងខេត្តបន្ទាយមានជ័យលោក សិទ្ធិ លោះ នៅតែអះអាងថ្ងៃទី៦ ខែកញ្ញាថា លោកមិនបានដឹងទេ ដោយសារតែលោកកំពុងជាប់បេសកកម្មនៅក្រៅខេត្ត និងបានបង្វែរសំនួរឲ្យទៅសួរស្នងការនគរបាលខេត្តវិញ។ ប៉ុន្តែកាសែត ជាតិខ្មែរបានទូរស័ព្ទទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ចូលជាច្រើនសាគ្មានអ្នកទទួល។
ចំណែកស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ ដោយលោកនិយាយយ៉ាងខ្លីថា កំពុងជាប់ប្រជុំ។ លោកថា៖ «ខ្ញុំជាប់ប្រជុំប៉ុស្តិ៍រដ្ឋបាល ស្ដាប់បានទេ»។
មន្ត្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ចាម អ្នកស្រី ធីម ណារីន អះអាងថា តាមព័ត៌មាន ដែលអ្នកស្រីទទួលបានពីអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យដឹងថា ការចាប់ខ្លួននេះ អាចជាប់ទាក់ទងនឹងការទៅចូលរួមប្រជុំរបស់លោក ហ៊ុន សុគង់ កាលពីអំឡុងខែសីហាជាមួយលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។ មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា នឹងតាមដានឃ្លាំមើលករណីចាប់ខ្លួននេះ។ អ្នកស្រីថា៖ «ករណីហ្នឹងទីមួយខាង អាដហុក យើងក៏អត់ទទួលបានពាក្យបណ្ដឹងពីសាមីខ្លួន ពីសាច់ញត្តិគាត់ទេ។ អត់ទាន់មានពាក្យបណ្ដឹងចូលមកអាដហុកយើងទេ។ដូច្នេះហើយកាលណាអត់ទាន់មានពាក្យបណ្ដឹងខាងអាដហុកយើងមិនសម្រេចបើកការស៊ើបអង្កេតទេ។ប៉ុន្តែក្នុងនាមយើងជាអង្គការសិទ្ធិមនុស្សយើងនឹងតាមដាន នៅក្នុងរឿងហ្នឹងថា វាវិវត្តទៅដល់ណា ខ្ញុំនឹងធ្វើការតាមដាន»។
ភរិយាលោក ហ៊ុន សុគង់ លោកស្រី ខាន់ សុគន្ធា ប្រាប់ថា ស្វាមីលោកស្រីធ្លាប់ទៅចូលរួមសិក្ខា សាលានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅមែន ប៉ុន្តែលោកស្រីមិនបានច្បាស់ថា តើសិក្ខាសាលានៅប្រទេសម៉ាឡេស៊ីនោះ ជាប់ទាក់ទិនជាមួយនឹងគណបក្សសង្គ្រោះជាតិឬយ៉ាងណាទេ។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំង ២៣នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរ ដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា។
កាលពីថ្ងៃទី២ ខែកញ្ញា សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំង ៣នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធរឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់របបដឹកនាំក្រុងភ្នំពេញ។ ក្នុងចំណោមអ្នកទាំង៣ សកម្មជនគណបក្សសង្គ្រោះជាតិពីររូបគឺ លោក ស៊ុន ប៊ុនថុន និងលោក នូ ភឿន តុលាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សហៅការចាប់ខ្លួន និងការចោទប្រកាន់ទាំងនេះ ជាការបំបិទសិទ្ធិសេរី និងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ៕
0 comments:
Post a Comment