ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នៅថ្ងៃពុធនេះ បញ្ជាឱ្យមានការកេណ្ឌទ័ពជាលើកដំបូងដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងចោទលោកខាងលិចថាមានបំណងចង់បំផ្លាញរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន បានមានប្រសាសន៍ថា៖ «ប្រសិនបើបូរណភាពទឹកដីរបស់យើងត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រប់មធ្យោបាយទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាជនរបស់យើង»។
លោក ពូទីន បាននិយាយថា ការកេណ្ឌទ័ពនេះ គឺដើម្បីការពារប្រទេសរុស្ស៊ី និងទឹកដីរបស់ខ្លួន ដោយថាលោកខាងលិចមិនចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ។
លោក ពូទីន បាននិយាយថា៖ «ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ ទីក្រុងប្រ៊ុចសែល កំពុងជំរុញទៅទីក្រុងកៀវ [Kyiv] ឱ្យបង្វែរប្រតិបត្តិការយោធាទៅកាន់ទឹកដីរបស់យើង ដោយមានគោលបំណងប្លន់យកប្រទេសរបស់យើងទាំងមូល»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕
0 comments:
Post a Comment