ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងតាមទីកន្លែងផ្សេងទៀត ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបេតយ្យនៅកម្ពុជាឡើងវិញ។
ការប្រកាសធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះ មុនពេលដែលលោក ហ៊ុន សែន ទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃ ទី២១ ខែកញ្ញានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសចាប់ពីថ្ងៃទី២១ ដល់ទី២៨ ខែកញ្ញា។ លោក ហ៊ុន សែន និងរដ្ឋមន្រ្តីផ្សេងទៀត នឹងត្រូវចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បន្ទាប់មក បន្តដំណើរទៅទស្សនកិច្ចនៅប្រទេសគុយបា និងចុងក្រោយធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក ស៊ីហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះថា បើទោះជាលោកធ្វើដំណើរទៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែលោកមិនមានគម្រោងជួបជាមួយអ្នកគាំទ្រលោកដូចពីពេលមុននោះទេ ដោយសារតែហេតុផលពេលវេលា និងភាពមមាញឹករបស់លោក។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូវយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត យើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោន ហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់»។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ត្រូវបានពលរដ្ឋខ្មែរម្នាក់គប់ស្បែកជើងសំដៅទៅកាន់រូបលោក ប៉ុន្តែស្បែកជើងនោះមិនបានហោះត្រូវលោកនោះទេ។ សកម្មភាពគប់ស្បែកជើងនោះក្នុងពេលដែលលោកកំពុងជួបជុំជាមួយអ្នកគាំទ្រដែលឈរតម្រង់ជួររង់ចាំទទួលស្វាគមន៍លោក។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ការធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើនៅពេលនេះទៀត បង្ហាញថា ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ដែលពួកគេយល់ថាបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។
ទោះជាយ៉ាងណា លោក វណ្ណ ប៊ុនណា មើលឃើញថា ការធ្វើបាតុកម្មនេះមិនអាចធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្លាស់ប្ដូរគោលជំហរក្នុងការដឹកនាំប្រទេសឱ្យមានការបើកលំហប្រជាធិបតេយ្យឡើងវិញនោះទេ ព្រោះថា កន្លងមក ធ្លាប់មានការធ្វើបាតុកម្មដូច្នេះដែរ។
លោកថា៖ «ខ្ញុំមើលឃើញថា ការធ្វើបាតុកម្មហ្នឹងមិនមានផលប៉ះពាល់ ឬរដ្ឋាភិបាលកម្ពុជាផ្លាស់ប្ដូរគោលជំហរក្នុងការដឹកនាំនោះទេ ដោយសារយើងដឹងហើយថា កន្លងមកមានការធ្វើបាតុកម្មជាច្រើនលើកជាច្រើនសា ក៏ប៉ុន្តែទាក់ទងនឹងការសម្រេចចិត្តផ្ទៃក្នុង ជាពិសេសលោក ហ៊ុន សែន គាត់ធ្វើអ្វីទៅតាមគោលជំហររបស់គាត់»។
តាមគម្រោង អ្នកធ្វើបាតុកម្មត្រៀមរៀបចំបាតុកម្មនៅទីកន្លែងចំនួន៦ និងមានអ្នកចូលរួមជាង៣០០នាក់ ក្នុងនោះក្រៅពីពលរដ្ឋខ្មែរ ក៏មានជនជាតិផ្សេងៗទៀត ដូចជា ថៃ និងមីយ៉ាន់ម៉ា ជាដើម។ បាតុកម្មនេះគ្រោងចាប់ផ្ដើមជួបជុំគ្នានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ និងមុខស្ថានទូតសហភាពអឺរ៉ុប ជាដើម។
អ្នករៀបចំបាតុកម្មបានលើកឡើងថា មូលហេតុដែលពួកគេគ្រោងធ្វើបាតុកម្មនេះឡើង គឺដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរមកដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម៕
0 comments:
Post a Comment