សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 18, 2017

គណបក្សប្រឆាំងរៀបផែនការតាមមូលដ្ឋានងើបឡើងប្រឆាំង ការរំលាយគណបក្សខ្លួន ដោយលោកហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



គណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា នៅពេលនេះ កំពុង រៀបចំផែនការតាមមូលដ្ឋានដើម្បីឲ្យសកម្មជននិងក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងនាយកប្រតិបត្តិ គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសងើបឡើងព្រមៗគ្នា ប្រឆាំងនឹងការរំលាយគណបក្សរបស់​ខ្លួន ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងបក្ខពួករបស់ខ្លួននៅក្នុងគណបក្សប្រជាជនកម្ពុជា
 (CPP) កំពុងកាន់អំណាច។
ការរៀបចំផែនការទប់ទល់ជាមួយលោកហ៊ុន សែននិងគណបក្សកាន់អំណាចនេះ គឺបន្ទាប់ពី លោក ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានកាលពីម្សិលមិញថា កងទ័ពទាំងអស់ នឹងកំទេចក្រុមប្រឆាំងទាំងឡាយណាដែលហ៊ានងើបឡើងប្រឆាំងការរំលាយគណបក្សសង្គ្រោះ
ជាតិ នៅពេលខាងមុខ។

ឆ្លើយតបនឹងការព្រមានដ៏ឃោឃៅនេះ លោកអេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្ពស់គណបក្សប្រឆាំងមួយ រូបកំពុងស្ថិតនៅក្រៅប្រទេស បាន​ចាត់ទុកការព្រមាននេះថាជាការដុតកំហឹងម្ចាស់ឆ្នោតឲ្យងើប ឡើងប្រឆាំងនឹងអំពើផ្តាច់ការរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ចំណែក​ទង្វើ​របស់​សភា​ឯកបក្ស ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ កាល​ពី​ថ្ងៃទី​ច័ន្ទ​ទី១៦ តុលា នោះ​លោក អេង ឆៃអ៊ាងថា គឺ "ជា​សកម្មភាព​ ប្លន់​សន្លឹកឆ្នោត​ប្រជាពលរដ្ឋ ដើម្បី​ប្រគល់ជូន​គណបក្ស​ដែល​គ្មាន​អាសនៈ​ក្នុង​សភា
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាងថា គណបក្ស​ប្រឆាំង​នឹង​ប្រើប្រាស់ គ្រប់​មធ្យោបាយ ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ជូន​ម្ចាស់​ឆ្នោត ដែល​ផ្ដល់​សេចក្ដី​ទុកចិត្ត​ជូន​គណបក្ស​ប្រឆាំង​នោះ។
ការប្រកាសរបស់លោកអេង ឆៃអ៊ាងបែបនេះ បន្ទាប់ពីលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​ការពារ​ជាតិ ត្រូវ​ត្រៀម​កម្លាំង​ជានិច្ច ក្នុង​ការ​កម្ទេច​អ្នក​ចេញ​មុខ​តវ៉ា ប្រឆាំង​រដ្ឋាភិបាល។
ការ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត របស់​លោក ទៀ បាញ់ ក្នុង​ការ​គាំទ្រ​ឥត​ងាករេ និង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​ដែល​ធ្វើ​កិច្ចការ​សម្រាប់​ប្រយោជន៍​សាធារណៈ ត្រូវ​បាត់បង់​តម្លៃ និង​អាប់ឱន​កិត្តិយស ។
ប្រតិកម្ម​នេះ ក្រោយ​ពេល​លោក ទៀ បាញ់ បាន​អំពាវនាវ​ម្ដង​ទៀត ទៅ​កាន់​កងកម្លាំង​យោធា ចាប់​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ឡើង​ទៅ កាល​ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ តុលា។ ​លោក ទៀ បាញ់ បញ្ជាក់​ថា 
 កង​ទ័ព​ទាំង​អស់​បាន​ត្រៀម​ការ​ប្រយុទ្ធ​រួច​ជា​ស្រេច ក្នុង​ការ​កម្ទេច​ក្រុម​ប្រឆាំង ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​តវ៉ា​បះបោរ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល។
ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ លើ​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ក្នុង​ទីក្រុង​ទីក្រុង​ភ្នំពេញ លោក ទៀ បាញ់ អះអាង​ថា ពេល​នេះ​កង​ទ័ព​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិ និង​យោធភូមិភាគ​ដទៃ​ទៀត នៅ​រង់​ចាំ​តែ​បញ្ជា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។
ការ​អំពាវនាវ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​នេះ មិនមែន​ជា​លើក​ទី១​ទេ ដែល​លោក ទៀ បាញ់ តែង​គំរាម​ដូច​នេះ។ កន្លង​ទៅ​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ដែល​ស្និត​នឹង​លោក ហ៊ុន សែន នេះ​ក៏​ធ្លាប់​ព្រមាន​វាយ​បំបាក់​ធ្មេញ​បុគ្គល​ណា ហ៊ាន​តវ៉ា​លទ្ធផល​ឆ្នោត​ផង​ដែរ។
ជុំវិញ​សារ​ព្រមាន និង​កម្ទេច​សំឡេង​ប្រឆាំង​នេះ ទាំង​លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ញឹកញាប់​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង ប្រឆាំង​អ្នក​ដែល​ធ្វើ​ឲ្យ​សន្តិភាព​ត្រូវ​បាត់បង់ ឬ​រលាយ។ គេ​សង្កេត​ឃើញ​ថា ការ​ព្រមាន និង​ការ​អំពាវនាវ​នេះ ភាគ​ច្រើន​ជា​មន្ត្រី​យោធា​ថ្នាក់​កំពូល​ៗ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ ពួក​គេ​បាន​ចាត់​ទុក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​មាន​តម្លៃ​ស្មើ​នឹង​រដ្ឋាភិបាល ហើយ​គំរាម​ជន​ណា​ដែល​ប៉ុនប៉ង កម្ទេច​លោក ហ៊ុន សែន គឺ​ស្មើ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រលាយ​ដែរ។
ការ​ប្រើ​វោហារសាស្ត្រ ក្នុង​ការ​កម្ទេច និង​រំលាយ តាម​បែប​យោធា​នេះ មិន​ត្រឹម​តែ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​ប្រដាប់​អាវុធ​ឡើយ កន្លង​ទៅ​នេះ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទាន​លោក វង សូត ក៏​ធ្លាប់​ព្រមាន​វៃ​អ្នក​តវ៉ា​បក្ស​ប្រឆាំង នឹង​គល់​ឫស្សី​ដែរ។ ការ​ព្រមាន​នេះ គេ​មិន​ទាន់​រាប់​បញ្ចូល​មេបញ្ជាការ​ថ្នាក់​ឧត្ដមសេនីយ៍​ផុតលេខ​មួយ​ចំនួន​ទៀត ដូច​ជា​លោក ប៉ុល សារឿន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន និងលោក ជា តារា មេបញ្ជាការកងទ័ពប្រចាំទិសតំបន់ប្រាសាទព្រះវិហារនៅ​ឡើយ​ទេ ។
ប្រតិកម្ម​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ របស់​មន្ត្រី​យោធា​ដែល​ស្និទ្ធនឹង​លោក ហ៊ុន សែន ស្រប​ពេល​វាសនា​បក្ស​ប្រឆាំង កាន់​តែ​កៀត​នឹង​មាត់​ជ្រោះ និង​ជួប​គ្រោះ​អាក្រក់នៃការរំលាយចោល។ កាល​
ពី​ថ្ងៃ​ទី ១៦ តុលា សមាជិក​សភា​ដែល​មាន​សំឡេង​គាំទ្រ ៦៧ លើ​៦៧ សំឡេង ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច បានបោះឆ្នោត​អនុម័ត​ច្បាប់​ចំនួន ៤ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​​ឲ្យ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។
វិធានការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល កំពុង​អនុវត្ត​ទៅ​លើ​បក្ស​ប្រឆាំង​នេះ រង់​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ក្នុង​គោល​បំណង​កម្ទេច​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨ មក​ដល់​ប៉ុណ្ណោះ ដែលលោកសម រង្ស៊ីអតីតមេ បក្សប្រឆាំងនេះ និងមន្ត្រីជំនិតៗរបស់លោកថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងចាញ់ការបោះឆ្នោតថ្នាកជាតិនៅឆ្នាំ ២០១៨ខាងមុខ។ ក៏ប៉ុន្តែ ការរំពឹងទុករបស់បក្សប្រឆាំងនេះ ហាក់បីដូចជាពិបាកទៅរួចណាស់ នាពេលនេះ ដោយមេបក្សប្រឆាំងលោក កឹម សុខាត្រូវបាន លោកហ៊ុន សែនចាប់ដាក់ពន្ធនាគារត្រពាំងផ្លុង ដាច់ឆ្ងាយពីរាជធានីភ្នំពេញបែបនេះ។ 
ទោះជាយ៉ាងណា ប្រធានប្តិបត្តិខេត្តនានានៃគណបក្សប្រឆាំងអះអាងដោយសុំលាក់ឈ្មោះថា ពួកគេរៀបចំកម្លាំងដើម្បីទប់ទល់នឹងការរំលាយគណបក្សខ្លួនចោលនេះហើយ។ ដូច្នេះលោកហ៊ុន សែនទំនងជាទទួលទានដំណេកមិនលក់ទេ បើហ៊ានរំលាយគណបក្សសង្គ្រោះជាតិចោលមែន នោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger