សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, October 22, 2017

លោកហ៊ុន សែនផ្ញើរសារព្រមានឲ្យមន្ត្រីបក្សប្រឆាំង ចុះចូលជាមួួយ បក្សកាន់អំណាច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​​នៅ​ថ្ងៃ​នេះបាន​ផ្ញើរសារគំរាម​ទៅ​មេដឹកនាំ​តាម​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំងទូទាំងប្រទេស ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​របស់​ខ្លួន បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ នៅពេលឆាប់ៗនេះ។
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ អំឡុង​ពេល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​-កម្មការិនី​ប្រហែល ៤​ពាន់​នាក់ មក​ពី​តាម​បណ្ដា​រោង​ចក្រ​នានា នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។
ក្នុង​កិច្ច​សន្ទនា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ BTV លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ឥឡូវ​ ខ្ញុំ​សូម​ផ្ដាំ​ទៅ​មេឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជំទប់ ឬ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​អ្នក​ចង់​រក្សា​តំណែង​ជា​ចៅ​សង្កាត់ ជា​មេ​ឃុំ​ត​ទៅ​ទៀត អ្នកប្ដូរ​ជីវភាព​មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ បន្ត​ទៅ។ គណបក្ស​របស់​អ្នក​រលាយ​ហើយ អ្នក​មិន​អាច​នៅ​ធ្វើ​ជា​មេឃុំ ចៅ​សង្កាត់ ឬ​ជំទប់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​បាន​ទៀត​ទេ ក៏​ប៉ុន្តែ នៅ​ពេល​បក្ស​អ្នក​រលាយ អ្នក​ចង់​ទៅ​តាម​បក្ស​ក៏​ទៅ ប៉ុន្តែ បើ​អ្នក​ចង់​នៅ​ធ្វើ​មេ​ឃុំ អ្នក​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ហ្នឹង ដែល​គេ​រំលាយ​ហើយ បើ​មិន​ប្រកាស ក៏​វា​អស់​ដែរ ហើយ​គ្រាន់​តែ​ប្រកាស​ថា ខ្ញុំ​សុំ​ចុះ​ចូល​គណបក្ស​ប្រជាជន​»
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សំណើ​កែ​ប្រែ​ច្បាប់ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច អនុម័ត ហើយ​សំណើ​ច្បាប់​ទាំង ៤​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា។
សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង ៤​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​របស់​គណបក្ស​នេះ​ទាំង​នៅ​ស្ថាប័ន​កំពូលៗ រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជា​ពលរដ្ឋ។
សំណើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៤​នេះ បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះបន្ថែម​ទៀត ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​នេះ។
អគ្គ​រាជ​ទូត​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ស៊ុយអែត អ្នកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា អ្នក​ស្រី​ព្រួយ​​បារម្ភ​ថា ស្ថានការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ។
អ្នកស្រី អេននីកា បាន​​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «នៅ​ពេល​ណា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ ស៊ុយអែត​នឹង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា»
ជុំ​វិញ​ដំណើរ​វិវត្តន៍​នៃ​ស្ថានការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ដែរ សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​មក​ពី​ប្រទេស​ចំនួន ១៧៣ នៅ​ទូទាំង​ពិភព​លោក កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ក៏​បាន​ជជែក​ដេញ​ដោលអំពី​ស្ថានភាព​នយោបាយ ការ​អនុវត្ត​ច្បាប់ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។
ប្រធាន​សហភាព​អន្តរ​សភា លោក Saber Hossain Chowdhury ដែល​ជា​សមាជិក​សភា​មក​ពី​ប្រទេស​បង់ក្លាដែស​ផង​នោះ បាន​ថ្លែង​ថា ស្ថាប័ន IPU នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ការ​ពិត​ជុំវិញ​បញ្ហា​នេះ។
សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​បណ្ដុំ​នៃ​សមាជិក​ចំនួន ២៨​ប្រទេស​នៅ​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង និង​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ​ និង​ជា​បន្ទាន់​ នូវ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការចោទ​ប្រកាន់​ទាំង​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​ចោទ​លោក កឹម សុខា ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។
ក្រោយពីការផ្ញើរសារព្រមានឲ្យចុះចូលរបស់លោក ហ៊ុន សែន នៅថ្ងៃនេះក៏មានតំនាងរាស្ត្រម្នាក់មកពីគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្ត ព្រៃវែង លោក​ ឡុង ប៊ុន្នី បានសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែនភ្លាមៗផងដែរ៕
 
លោក ឡុង ប៊ុន្នី តំណាងរាស្ត្រ មណ្ឌលព្រៃវែង។



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger