លោកសម រង្ស៊ីថតនៅទ្វីបអឺរ៉ុប នៅពេលថ្មីៗនេះ ។
បក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអនុម័តវិសោធនកម្មច្បាប់ចំនួន៤ ដើម្បី បើកផ្លូវឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិចោល។
ក្នុងលិខិតមួយច្បាប់របស់លោកសម រង្ស៊ីចុះផ្សាយក្នុងកាសែតភាសាអង់គ្លេសនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា លោក សម រង្ស៊ី សរសេរថា ការណ៍ដែលគណបក្សកាន់អំណាចប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិនោះ នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ដំណើរការលទ្ធិ ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោក សម រង្សី ថា ការចោទប្រកាន់មកលើគណបក្សប្រឆាំង និងទង្វើផ្ទុយពីគោលការណ៍ប្រជា ធិបតេយ្យ របស់អាជ្ញាធរប្រទេសកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ ត្រូវបានផ្ដន្ទាទោស ដោយអង្គការសហប្រជាជាតិ សភាអឺរ៉ុប និងរដ្ឋាភិបាលច្រើនប្រទេសក្នុងពិភពលោក ព្រមទាំងអង្គការសិទ្ធិមនុស្សជាទូទៅ។ ស្ថាប័នអន្តជាតិធំៗទាំងនោះ បានហៅទង្វើនេះ ថាជាការរំលោភគោលការណ៍ប្រជាធិបតេយ្យ នៃប្រព័ន្ធសភា និងរំលោភលក្ខណៈជាតំណាងរាស្ត្រពិត ប្រាកដក្នុងប្រព័ន្ធនេះ។
លោក សម រង្ស៊ី ស្នើឲ្យមានសាមគ្គីភាពយ៉ាងផុលផុស ពីសំណាក់អ្នកតំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ដើម្បីជួយដល់តំណាងរាស្ត្រដូចគ្នានៅប្រទេសកម្ពុជា តាមរយៈការទប់ស្កាត់កុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិបាន។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ថា(IPU) កំពុងតែប្រជុំក្នុងទីក្រុង សេន ភេធ័រប៊ស (Saint Petersburg) ប្រទេសរុស្ស៊ី ក្នុងសន្និបាតលើកទី១៣៧ ដែលមានវត្តមានតំណាងរាស្ត្រមកពី១៧៣ នៃរដ្ឋសភា ទូទាំងពិភពលោក។
នៅពេលទំនាក់ទំនងតាមទូរសព្ទ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន ប្រើពាក្យកាចៗ ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកមេបក្សប្រឆាំងថា”សុទ្ធតែ ជាជនក្បត់ជាតិ” ដែលទៅពឹងបរទេសឲ្យមកផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ហើយសម្លាប់ខ្មែរគ្នា ឯង៕
No comments:
Post a Comment