សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, November 12, 2017

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ នឹង​ដាក់​ភស្តុតាង​បន្ថែម​ ជូន​តុលាការ​កំពូលឲ្យរំលាយបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 ក្រុមមេធាវីក្រសួងមហាផ្ទៃដឹកនាំ ដោយលោកគី តិចកំពុងប្រឹងប្រែងជំរុញឲ្យ
តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី ១៦ វិច្ឆិកានេះ។
ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ នឹង​ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល​ ករណី​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ស្អែក​នេះ​ ខណៈលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានពន្យុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឲ្យរំលាយ គណបក្សសង្គ្រោះជាតិឲ្យបានឆាប់ កាន់តែល្អ។
​​ តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧។​
ក៏ប៉ុន្តែអតីត​មេបក្ស​សង្គ្រោះជាតិ (CNRP) ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោលនោះ រដ្ឋាភិបាលភ្នំពេញ​​​នេះ នឹងមិន​មាន​ភាព​ស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារ​អន្តរជាតិ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត។
អតីត​មេបក្ស​ប្រឆាំង​រូប​នេះ បាន​បន្ថែម​ថា ជាមួយ​គ្នា​នោះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នឹង​រៀប​ចំ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជី ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់​ការ​ផ្ដល់​ទិដ្ឋាការឲ្យ​ចេញ-ចូល ឬក៏អាច​រឹប​​អូស​យក​ទ្រព្យ​សម្បត្តិ​ទៀតផង។ លោកសម រង្ស៊ីក៏បាន​ជំរុញ​ឲ្យលោកហ៊ុន សែន​រំលាយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់ ដោយ​ថា សម្ពាធ​ទាំង​អស់​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នឹង​ត្រូវ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះ​នៅ​ថ្ងៃ​អាទិត្យ​ ទី ១២ វិច្ឆិកានេះ​  អំឡុង​សិក្ខាសាលា ស្តីពី សិទ្ធិមនុស្ស និងលទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។
កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង ចូលទៅកាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស​សង្គ្រោះ​ជាតិ ដោយយោងតាមពាក្យ
បណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹង រំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជា ណាចក្រ កម្ពុជា។
លោកគី តិចអះអាងថាពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្ស សង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួល រំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និង ស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃស្អែកនេះ និងខ្លះទៀតដែលមានក្នុងដៃរបស់លោករួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាព ខុស ច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិធ្លាប់អះអាងថា បណ្តឹងនេះគឺជារឿងនយោបាយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger