សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 3, 2017

លោកហ៊ុន ម៉ាណែតជាអ្នកជំរុញឪពុកខ្លួនកុំឲ្យចុះញ៉មនឹងការ ព្រមាននិងសម្ពាធរបស់បរទេសករណីចាប់លោកកឹម សុខា និងការរំលាយបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតគឺជា អ្នកជំរុញឲ្យឪពុករបស់ខ្លួនមិនឲ្យ ចាប់អារម្មណ៏ឬក៏ចុះញ៉មនឹងការព្រមាន ឬការដាក់សម្ពាធទាំង
ឡាយមកលើរដ្ឋាភិបាលកម្ពុជាពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឬការគំរាមរបស់ សមាជិកព្រឹទ្ធសភាអាមេរិកលោក ថេត គ្រូស (Ted Cruz) ជាដើម ដោយលោកហ៊ុន ម៉ាណែតបាន លើកយកទ្រឹស្តីរបស់អតីតនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់អង់គ្លេស លោក វីនស្តុន ឆឺចឆៀល ធ្លាប់មានប្រសាសន៏ថា៖ "អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកទេ បើអ្នករវល់តែឈប់ ដើម្បី រើសដុំថ្មគប់ឆ្កែទាំងអស់ដែលព្រូសដាក់អ្នកនៅតាមផ្លូវនោះ"។ ហេតុដូច្នេះអ្នកត្រូវផ្តោតអារម្មណ៏ បន្តដំណើរទៅមុខ ឆ្ពោះទៅរកគោលដៅដែលអ្នកត្រូវទៅ។
លោកហ៊ុន ម៉ាណែតដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ទំនងជា ចង់ ចាត់ទុកបណ្តាប្រទេសចំនួន១៧៣ នៅសហភាពអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិក និងសមាជិក ព្រឹទ្ធសភាអាមេរិក លោក ថេត គ្រូស (Ted Cruz) គឺជាសត្វឆ្កែដែលកំពុងតាមព្រូសដាក់ឪពុករបស់ លោកដែលជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបច្ចុប្បន្ន ហើយកំពុងរងនូវការព្រមាននិងសម្ពាធ យ៉ាងខ្លាំងពីសហគមន៏អន្តរជាតិនាពេលនេះ។
លោកហ៊ុន ម៉ាណែតលើកឡើងពីទ្រឹស្តីរបស់មេដឹកនាំចក្រភពអង់គ្លេសរូបនេះមកផ្សព្វផ្សាយ នៅ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) បែបនេះ បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​សាធារណៈ លោក ថេត គ្រូស (Ted Cruz) បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ​កំពូល ដែល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា។ ហើយការលើកឡើងទ្រឹស្តីដ៏មាន
ឥទ្ធិពលបែបនេះ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតថាលោកហ៊ុន ម៉ាណែត បានប្រើប្រាស់
ទ្រឹស្តីរបស់អតីតមេដឹកនាំប្រទេសលោកខាងលិចមកជំរុញឪពុករបស់ខ្លួនឲ្យទប់ទល់នឹងបណ្តា ប្រទេសលោកខាងលិចដែលកំពុងបើកយុទ្ធនាការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានាពេលនេះដែរ។
លោក ថេត គ្រូស បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​ថា ជា​ការ​សម្រេច​ដ៏​អាក្រក់​ជា​ទីបំផុត។ លោក​ព្រមាន​ជា​ថ្មី​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​មុន
​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​
លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក ទៀត​ទេ។
តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ប្រមាណ​ជា ៣​ម៉ោង លើ​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា។ នៅ​ទីបំផុត​ប្រធាន​ជំនុំ​ជម្រះក្តីលោក ឃឹម ប៉ុណ្ណ បាន​សម្រេច​យក​ការ​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍ ថា​ជា​បានការ និង​លើក​ពី​ហេតុផល​ថា គិត​ពី​សុវត្ថិភាព​របស់​លោក កឹម សុខា ដោយ​មិន​ខ្វល់​អំពី​ការ​ពន្យល់ និង​យោង​លើ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ក្រុម​មេធាវី​របស់លោកកឹម សុខាចំនួន៧រូបបាន ព្យាយាម​ពន្យល់​នៅ​ក្នុង​សវនាការ​នោះ​ឡើយ។
ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង។ នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា លោក ថេត គ្រូស ទុក​ពេល​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថេត គ្រូស ដែល​មាន​ដើមកំណើតជាជនជាតិ​កាណាដា ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា កន្លង​មក ប្រព្រឹត្ត​ទៅ​បាន​ក៏​ដោយសារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុង​តែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិប តេយ្យ​នៅ​កម្ពុជាផង​ដែរ។
ក្រៅពីលោក ថេត គ្រូស ក៏មានតំណាងគណៈប្រតិភូសហភាពអឺរ៉ុបចំនួន៦រូបមកទស្សនះកិច្ចនៅ
កម្ពុជា ផងដែរកាលពីដើមសប្តាហ៏នេះ។
ក្នុងពេលទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គណៈប្រតិភូសហភាពអឺរ៉ុប ទទូចឲ្យមានការដោះ លែង លោក កឹម សុខា មេបក្សប្រឆាំងដោយ ព្រមានជាថ្មីថា កម្ពុជានឹងបាត់បង់ប្រយោជន៍ផ្នែក ជំនួយអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ នាំចេញ សម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តគឃ្លើននឹង ការព្រមានផ្ទួនៗរបស់បរទេស ទាំង អស់​ហើយបន្តឃុំខ្លួនលោក កឹម សុខាក្នុងពន្ធនាគារត្រពាំងផ្លុងដដែល។
ក្នុងដំណើរទស្សនៈកិច្ច រយៈពេល២ថ្ងៃ មកប្រទេសកម្ពុជា ពីថ្ងៃទី៣០ដល់៣១តុលា គណៈប្រតិភូ ជាន់ខ្ពស់ របស់សភាអឺរ៉ុប​ ទទួលបន្ទុកកិច្ចការអាស៊ាន ចំនួន៦រូប បានចូលជួបពិភាក្សាជា មួយ ប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នកំពូលមួយចំនួន ដោយបានលើក ពីបញ្ហាសេដ្ឋកិច្ច ការបោះឆ្នោត​ និងស្ថានការណ៍នយោបាយ ដែលកំពុងតានតឹងខ្លាំង រួមទាំង ការចាប់ខ្លួនប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាល ពីថ្ងៃ អង្គារទី៣១ តុលា ឆ្នាំ ២០១៧។
បើតាមសេចក្តីថ្លែងការណ៍ គណៈប្រតិភូសហភាពអឺរ៉ុប ស្នើឲ្យដោះលែងលោក កឹម​ សុខា ជា បន្ទាន់ និងបញ្ឈប់រាល់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោត នាឆ្នាំ ក្រោយ។ បន្ថែមពីនេះ តំណាងសហភាពអឺរ៉ុប ក៏ស្នើរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមអង្គការ សង្គម ស៊ីវិល ធ្វើសកម្មភាពដោយសេរី និងបើកជំហរ ដើម្បីធានាការបោះឆ្នោតនៅឆ្នាំក្រោយ មានសេរី ត្រឹមត្រូវ និងអាចទទួលយកបាន។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ប្រធាន​គណៈកម្មាធិការកិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ របស់​សភា​អឺរ៉ុប លោក Werner Langen ជំរុញឲ្យរដ្ឋាភិបាល បើកចំហរឲ្យមានការប្រកួតប្រជែង ដែល មានតម្លាភាព និងថា បញ្ហាសិទ្ធិមនុស្ស អាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជំនួយអភិវឌ្ឍន៍និង ការ អនុគ្រោះពន្ធ ជាមួយសហភាពអឺរ៉ុប។
បើតាមសេចក្ដីថ្លែងការណ៍ លោក Werner Langen មានប្រសាសន៍ថា «រដ្ឋាភិបាលកម្ពុជា គួរ យល់ ដឹងថា សភាសហភាពអឺរ៉ុប ជាអ្នកចូលរួមតាក់តែងច្បាប់ សម្រាប់បញ្ហាពាណិជ្ជកម្ម និង ថវិកា។ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៃស្ថានភាពសិទ្ធិមនុស្ស អាចនឹងជាប់ទាក់ទិននឹងកម្មវិធីជំនួយ អភិវឌ្ឍន៍ និង ការអនុគ្រោះពន្ធទាំងឡាយ»
ផ្ទុយទៅវិញ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បក ស្រាយថា ចំណាត់ការថ្មីៗ របស់រដ្ឋាភិបាល គឺជាការអនុវត្តច្បាប់ ការពារអធិបតេយ្យ ភាពរបស់ កម្ពុជា​ ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងទប់ស្កាត់ចលនាផ្ដួលរំលំរដ្ឋាភិបាល ស្រប ច្បាប់។
កាលពី​ថ្ងៃទី៩តុលាកន្លងទៅ តំណាងសហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប ក៏បាន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ចំពោះការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ដែល មានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ ដោយថា ចំណាត់ការនេះ រំលោភសិទ្ធិម្ចាស់ ឆ្នោត ធ្ងន់ ធ្ងរ។

ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែមិនចុះញ៉មនឹងការព្រមាននិងសម្ពាធទាំងឡាយពី សំណាក់អន្តរជាតិនេះឡើយ ហើយការមិនចុះញ៉មរបស់លោកហ៊ុន សែនចំពោះសម្ពាធនិងការ ព្រមានពីសំណាក់អន្តរជាតិបែបនេះ គឺដោយសារលោកមានកូនប្រុសច្បងគឺលោកហ៊ុន ម៉ាណែត ដែលបានទទួលសញ្ញាប័ត្របណ្ឌិតសភាយោធាពីសាកលវិទ្យាល័យបណ្ឌិតសភាយោធាសហរដ្ឋ អេមេរិក(West Point) និងទទួលបានសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ ព្រីស្តូល (University of Bristol) នៃចក្រភពអង់គ្លេស ជាអ្នកជំរុញឲ្យឪពុករបស់ខ្លួនរឹងរូសដាច់ខាតចំពោះ សម្ពាធពីអន្តរជាតិទាំងនេះ ដោយលោកហ៊ុន ម៉ាណែតលើកយកទ្រឹស្តីរបស់អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេសគឺលោក វីនស្តុន ឆឺចឆៀល (Sir Winston Churchill)។ 
កន្លងមក គេសង្កេតឃើញនៅពេលណាមានសម្ពាធអន្តរជាតិល្មមៗ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបន្ទន់ឥរិយាបទរបស់លោកភ្លាម ដូចជាកាលពីឆ្នំា ២០១២ ដែលពេលនោះ សភា សហរដ្ឋអាមេរិក បានកោះប្រជុំដោយផ្តោតលើប្រធានបទស្តីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ
នៅប្រទេសកម្ពុជាជាពិសេសរិះគន់លើចំណាត់ការច្បាប់ប្រឆាំងនឹងលោកសម រង្ស៊ី ដែល ពេល នោះ លោកមេបក្សប្រឆាំងរូបនេះក៏រស់នៅនិរទេសខ្លួន ដូចសព្វថ្ងៃនេះដែរ។ ក៏បន្តែលោកហ៊ុន សែនបានចុះហត្ថលេខាលើលិខិតមួយស្នើថ្វាយទៅព្រះមហាក្សត្រឲ្យលើកលែងទោសលោកសម រង្ស៊ីទាំងកណ្តាលយប់ ក្នុងខណះវេលាដ៏គ្រៀមក្រំនៃមរណភាពលោកឪពុករបស់លោកទៀតផង។ តែពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបែរជារឹងជាងដែកថែបទៅទៀត ដោយសារលោក មានកូនៗរបស់លោក ជាពិសេសលោកម៉ា ណែតជាអ្នកឈរនៅពីក្រោយខ្នង៕







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger