ស្នងការរងទទួលផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ហួត ធី កាលពីថ្ងៃ ម្សិលមិញ បាននិយាយថា លោកបានដឹកនាំកម្លាំងនគរបាលកណ្ដាលសន្តិសុខ ដោយមានការចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះប្រមូលជនសង្ស័យ ១៩នាក់ ក្នុងនោះ ១៧នាក់ញៀនថ្នាំ និងមានកុមារម្នាក់ផងដែរ។
មន្ត្រីនគរបាលរូបនេះ បានអះអាងថា ជនសង្ស័យទាំងនោះ បានក្លែងបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត្រតាមទីផ្សារ ទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអនាធិបតេយ្យ។
លោក ហួត ធី បានឲ្យដឹងទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ មានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀន បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ៕


0 comments:
Post a Comment