ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដាស់តឿនឱ្យបុរសខ្លាំង ហ៊ុន សែន ប្តឹង
លោកទៅតុលាការប្រទេសបារាំង ជុំវិញរឿងមរណភាពលោក
ហុក ឡងឌី និងឃាតកម្មធំៗ ជាច្រើនករណីទៀត។ លោកនៅតែចោទប្រកាន់ថា លោក ហ៊ុន
សែន គឺជាអ្នកស្ថិតនៅពីក្រោយខ្នងអំពើឃាតកម្ម និងឧក្រិដ្ឋជាច្រើនករណី
ចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ពេលបច្ចុប្បន្ន។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកបានទទួលដំណឹងពីប្រភពជិតស្និទ្ធរបស់លោក លោក ហ៊ុន សែន ថា មេដឹកនាំក្រាញអំណាចរូបនេះ នឹងមិនហ៊ានប្ដឹងលោកទៅតុលាការប្រទេសបារាំងឡើយ ដោយសារបារម្ភខ្លាចចាញ់ក្តី ព្រោះលោកមានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា លោក ហ៊ុន សែន ពិតជាអ្នកនៅពីក្រោយខ្នងសំណុំរឿងឃាតកម្ម និងអំពើឧក្រិដ្ឋជាច្រើនករណីនោះមែន។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកបានទទួលដំណឹងពីប្រភពជិតស្និទ្ធរបស់លោក លោក ហ៊ុន សែន ថា មេដឹកនាំក្រាញអំណាចរូបនេះ នឹងមិនហ៊ានប្ដឹងលោកទៅតុលាការប្រទេសបារាំងឡើយ ដោយសារបារម្ភខ្លាចចាញ់ក្តី ព្រោះលោកមានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា លោក ហ៊ុន សែន ពិតជាអ្នកនៅពីក្រោយខ្នងសំណុំរឿងឃាតកម្ម និងអំពើឧក្រិដ្ឋជាច្រើនករណីនោះមែន។
ទោះជាយ៉ាងណា លោកនៅតែទទូចឱ្យលោក ហ៊ុន សែន ប្ដឹងលោកទៅតុលាការបារាំងដដែល ព្រោះបើលោក ហ៊ុន សែន មិនប្ដឹងរូបលោកទេ នោះមានន័យថា អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ទទួលស្គាល់ថា ខ្លួនពិតជាឃាតកសម្លាប់លោក ហុក ឡងឌី យ៉ាងពិតប្រាកដ។ លោកថ្លែងបែបនេះ នៅក្នុងវីដេអូឃ្លីបរយៈពេល១០ នាទី ដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលថ្ងៃទី១៥ មិថុនា កន្លងទៅ។ លោកសម រង្សុីថា៖ «បើលោក ហ៊ុន សែន សឿង ត្រូវតែប្ដឹងខ្ញុំដាច់ខាត បើមិនយ៉ាងដូច្នេះទេ គឺលោក ហ៊ុន សែន សារភាពថា គាត់ជាឃាតកពិតប្រាកដ។ កាយវិការរបស់គាត់ ដែលថាម្ដងប្ដឹង តែបែរជាមិនហ៊ានប្ដឹងខ្ញុំវិញ មានន័យថា លោក ហ៊ុន សែន គាត់សារភាពថា គាត់បានសម្លាប់លោក ហុក ឡងឌី យ៉ាងពិតប្រាកដ»។
កាលពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹង លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង ករណីមេបក្សប្រឆាំងរូបនេះ ចោទលោកថា បានសម្លាប់លោក ហុក ឡងឌី ដែលជាដន្លងរបស់ខ្លួន។ លោក សម រង្ស៊ី បានអះអាងថា អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ត្រូវបានលោក ហ៊ុន សែន សម្លាប់បំបិទមាត់ ដោយសារតែលោកគ្រោងលាតត្រដាងរឿងលោក ហ៊ុន សែន បញ្ជាឱ្យសម្លាប់ថ្នាក់ដឹកនាំសហជីពលោក ជា វិជ្ជា ប្រាប់ទៅសហគមន៍អន្តរជាតិ។
មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច សុំមិនធ្វើអត្ថាធិប្បាយរឿងប្តឹងផ្តល់លោក សម រង្ស៊ី ទៅតុលាការបារាំង នៅពេលនេះឡើយ។ លោកអះអាងដោយខ្លីថា លោកនឹងជម្រាបជូនរឿងនេះ នៅពេលក្រោយ បន្ទាប់ពីមានការសម្រេចផ្លូវការណាមួយ។ លោកបន្ថែមថា៖ «បញ្ហាហ្នឹង ខ្ញុំអត់ទាន់និយាយបានទេ ចាំខ្ញុំពិភាក្សាគ្នាកិច្ចការងារហ្នឹង។ ដល់ចេញមក បានយើងអាចនិយាយបាន។ ការងាររបស់មេធាវី ពេលខ្លះវាត្រូវមានការរក្សាការសម្ងាត់វិជ្ជាជីវៈ»។
ក្រៅពីសង្កត់ធ្ងន់ករណីលោក ហុង ឡង់ឌី នេះ លោក សម រង្ស៊ី ក៏បានបរិហារដោយឥតសំចៃមាត់ផងដែរថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺជាអ្នកដែលបានបញ្ជាឱ្យឃាតកសម្លាប់សិល្បការិនី ដ៏ល្បីឈ្មោះ គឺអ្នកស្រី ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩ ដោយសារតែភ្លើងប្រចណ្ឌ ហើយលោក ហ៊ុន សែន បានជួយការពារភរិយាពីអំពើឧក្រិដ្ឋនេះ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនេះ លោកថា លោក ហ៊ុន សែន គឺជាអ្នកដែលបានបញ្ជាឱ្យសម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី រួចរៀបចំឆាកល្ខោនឱ្យបុគ្គល ជួប សម្លាប់ ទទួលទោសតែម្នាក់ឯង។ បន្ថែមពីលើនេះ លោកសម រង្សុីបានចោទ លោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍គប់គ្រាប់បែកចូលហ្វូងបាតុករ ប៉ុនប៉ងសម្លាប់រូបលោក កាលពីចុងខែមីនា ឆ្នាំ១៩៩៧ នោះ ផងដែរ។ លោកសម រង្សុីថា ៖ «ប្រជារាស្ត្រខ្មែរថ្លៃថ្នូរ មិនគួរបណ្ដោយឱ្យគ្រួសារឃាតកដឹកនាំប្រទេសបែបនេះទេ។ ប្រជារាស្ត្រខ្មែរត្រូវលើកស្ទួយកិត្តិយសរបស់ខ្លួន គឺត្រូវបំបាត់ចោលរបបផ្ដាច់ការ របបក្បត់ជាតិ ដឹកនាំដោយ ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន ដែលជាក្រុមគ្រួសារឃាតក«។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងទាំងឡាយរបស់លោក សម រង្ស៊ី នេះ គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍របស់មហាជនប៉ុណ្ណោះ មិនមានតម្លៃអ្វីដែលលោកត្រូវឆ្លើយតបនោះឡើយ។ លោកថា៖ «គាត់គ្រាន់តែជាត្លុកបម្រើពាណិជ្ជកម្មដល់អ្នកសារព័ត៌មានទាល់តែសោះ ដូចគ្មានតម្លៃ គ្មានអ្វីទម្ងន់ត្រូវឆ្លើយឆ្លងជាមួយគាត់នោះទេ»។
លោក ហ៊ុន សែន កាន់អំណាចរយៈពេលប្រមាណ៤០ឆ្នាំមកនេះ ក្រៅពីមានអំពើឃាតកម្មទៅលើអ្នករិះគន់ និងចាប់មនុស្សមួយចំនួនដាក់ពន្ធនាគារនោះ រដ្ឋាភិបាលរបស់លោក ក៏ចាប់ចងមន្ត្រីក្នុងជួរគណបក្សរបស់លោកដែរ ដូចជា ករណីចាប់អតីតប្រធានអង្គរក្ស និងប្រធានពិធីការលោកជា ស៊ីម ដាក់ពន្ធនាគារ ដែលមតិខ្លះចាត់ទុកថា ការចាប់ដាក់ពន្ធនាគារ និងដកតំណែងនោះ គឺជាការបន្សាបឥទ្ធិពលសែស្រឡាយលោក ជា ស៊ីម ដែលជាប្រធានគណបក្ស ប្រជាជនកម្ពុជា នៅពេលនោះ ដើម្បីពង្រឹងអំណាចផ្ទៃក្នុងបក្សរបស់ក្រុមបក្ខពួកលោក។
លោក សម រង្ស៊ី អះអាងថា លោក ឌី វិជ្ជា កំពុងគិតគូរផែនការសងសឹកឲ្យឪពុកលោកនេះ គឺមានការគាំទ្រពី លោក ស ខេង ដែរព្រោះលោក ស ខេង ក៏ដឹងខ្លួនដែរថា លោក ហ៊ុន សែន កំពុងរៀបចំផែនការកម្ចាត់លោក គឺដកដំណែងដែរ ដើម្បីឲ្យប្រាកដថា គ្មាននរណាអាចរារាំងផែនការលើកបន្តុបកូនប្រុសទាំង៣របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ឲ្យបន្តវេនពីលោក។
មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ភាពចម្រូងចម្រាស់នេះ គឺដោយសារតែសំណុំរឿងឧក្រិដ្ឋធំៗ ទាំងនេះ មិនទាន់មានយុត្តិធម៌ ទើបវាក្លាយទៅជាការចោទប្រកាន់ខាងនយោបាយទៅវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ករណីឃាតកម្មទៅលើបុគ្គលសំខាន់ៗ នាពេលកន្លងមក មិនមានការស៊ើបអង្កេតត្រឹមត្រូវឡើយ ហើយឃាតកពិតក៏មិនត្រូវបាននាំយកមកកាត់ទោសដែរ។ ហេតុដូច្នេះ លោកជឿជាក់ថា ករណីទាំងនេះប្រាកដជាមានជាប់ពាក់ព័ន្ធនឹងបុគ្គលមានអំណាច ហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកយល់ថា ប្រសិនបើថ្នាក់ដឹកនាំរដ្ឋាភិបាលប្ដឹងមេបក្សប្រឆាំងទៅតុលាការបារាំង នោះវានឹងរួមចំណែកធ្វើឱ្យសំណុំរឿងឧក្រិដ្ឋទាំងនេះមានដំណើរការ ឬអាចមានយុត្តិធម៌ ក៏ថាបាន៖ «បើប្ដឹងទៅ ក៏វាអាចជំរុញឈានទៅរកយុត្តិធម៌ ទៅរកការពិតរឿងករណីពីមុនៗ មកហ្នឹង ដើម្បីឆ្ពោះមករកការប្ដឹងផ្ដល់គ្នានេះ ដើម្បីស្វែងរកយុត្តិធម៌ហ្នឹងឯង»។
ជាង ២ទសវត្សរ៍ចុងក្រោយ កម្ពុជាហែលឆ្លងមិនផុតពីអំពើឃាតកម្ម និងការកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ឡើយ ដោយសារតែអំពើនិទ្ទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោស ហើយក្ដីស្រមៃក្លាយជាសង្គមនីតិរដ្ឋនោះ ក៏មិនទាន់លេចចេញជារូបរាងនៅឡើយដែរ។ គិតពីឆ្នាំ១៩៩៣ ពេលដែលកម្ពុជាចាប់អនុវត្តលទ្ធិប្រជាធិបតេយ្យជាផ្លូវការ រហូតមកដល់ពេលបច្ចុប្បន្ន មានមនុស្សរាប់រយនាក់ហើយ ដែលត្រូវបានគេធ្វើឃាត និងសម្លាប់ក្រៅច្បាប់។ ជនរងគ្រោះទាំងនោះ សុទ្ធសឹងជាបុគ្គលសំខាន់ៗ ដូចជា អ្នកនយោបាយ សកម្មជនបរិស្ថាន មេសហជីព អ្នកវិភាគ និងអ្នកសារព័ត៌មាន ជាដើម ដែលសកម្មភាពរបស់ពួកគេច្រើនតែប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច និងលោក ហ៊ុន សែន ផ្ទាល់។ ករណីខ្លះដែលឃាតកត្រូវគេស្គាល់ ប៉ុន្តែពុំត្រូវស៊ើបអង្កេត ចោទប្រកាន់ ឬដាក់ទោសឡើយ នេះបើយោងតាមរបាយការណ៍សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។
អ្នកការពារសិទ្ធិមនុស្ស លោក អំ សំអាត ថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំរដ្ឋាភិបាល មិនចង់ឱ្យមានការរិះគន់ក្នុងសំណុំរឿងឧក្រិដ្ឋទាំងនេះទេ នោះរដ្ឋាភិបាលត្រូវតែនាំខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរសូមបញ្ជាក់ថាខ្លឹមសារនៃអត្ថបទព័ត៌មានខាងលើគឺជាការ
ដកស្រង់សំដីលោក
សម រង្ស៊ីហើយមិនមែនជាទស្សន:ផ្ទាល់របស់កាសែតជាតិខ្មែរឡើយ៕

0 comments:
Post a Comment