Monday, April 07, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 27, 2019

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់ថវិការដ្ឋ ជាង៨៦ម៉ឺនដុល្លារ នៅឆ្នាំ២០១៩

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ឱ្យ​ដឹង​ថា​ ការ​ចំណាយ​ទាំងស្រុង​របស់​អង្គភាព​នេះ​ រាប់​តាំង​ពី​ចំណាយ​ប្រាក់ខែ​សមាជិក​ ប្រាក់ខែ​មន្ត្រី​រដ្ឋបាល​ ប្រាក់​បេសកកម្ម​ ប្រាក់​ថ្លៃ​សាំង​ និង​ប្រាក់​ជួសជុល​រថយន្តជាដើម​គឺជា​ថវិកាជាតិ​ ។
 
អគ្គ​លេ​ធិការ​អចិន្ត្រៃយ៍​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ លោក​ ឈឹម​ ផល​វរុណ​អះអាង ថាអង្គភាព​មួយ​នេះ​គ្រោង​ចាយ​ថវិកាជាតិ​ចំនួន​ជាង១លាន ៣សែន​ដុល្លារ​ (១ ៣១៨​ ៩២៥ដុល្លារ​) នៅឆ្នាំ២០១៩​ ប៉ុន្តែ​ ចំណាយ​ជាក់ស្ដែង​ អង្គភាព​នេះ​ចាយប្រាក់​អស់​ត្រឹម​តែ​ជាង ៨​សែន ៦ម៉ឺន​ដុល្លារ​ (៨៦៨,៩២៥​) ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ អង្គភាព​នេះ​គ្រោង​ស្នើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន​ យក​ថវិកា​ដែល​នៅសល់​ជាង ៤សែន​ដុល្លារ​ ទៅ​ទិញ​រថយន្ដ​ជិះ​ដើម្បី​បម្រើ​ការងារ​។


លោក​បន្ត​ថា​៖ «ចំពោះ​ថវិកា​នៅសល់​នេះ​ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ មានបំណង​ស្នើសុំ​ជាគោល​ការណ៍​គោរព​ជូន​ សម្ដេ​ចតេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ផ្តល់​ការអនុញ្ញាត​យក​ថវិកា​នេះ​ ទៅ​ទិញ​រថយន្ត​សម្រាប់​បម្រើការ​បេសកកម្ម​តាម​មូលដ្ឋានព្រោះ​កន្លងមក​ ការ​ចុះ​បេ​សស​កម្ម​ទាំង​ប្រតិភូ​គណបក្ស​ ទាំង​មន្ត្រី​លេខាធិការ​ដ្ឋាន​ ប្រើប្រាស់​រថយន្ត​ឯកជន​ផ្ទាល់ខ្លួន​ ដោយសារតែ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ពុំ​មាន​រថយន្ត​»

របាយការណ៍​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ​បង្ហាញថា​ ក្នុងរយៈពេល​ចូល​កាន់​តំណែង១៦ខែ​កន្លងមក​នេះ​ សមាជិក​អង្គភាព​នេះ​ចុះមូលដ្ឋាន​ជាង៤០០លើក​ និង​ដាក់​របាយការណ៍​ចូល​អគ្គលេខាធិការ​ដ្ឋាន​ជិត២០០​លិខិត​។ ប៉ុន្តែ​ លិខិត​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​ត្រឹម៣២លិខិត​។

ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​ លោកស្រី​ ពោធិ​តី​ សាវត្ថី​ ថ្លែង​នៅចំពោះមុខ​អង្គសន្និបាត​ថា​ ក្រុមការងារ​របស់​ខ្លួន​បាន​ប្រទះ​ឃើញបញ្ហា​ប្រឈម​ជាច្រើន​នៅពេល​បំពេញការងារ​តាម​មូលដ្ឋាន ​ពិសេស​គឺ​កង្វះ​កិច្ចសហការ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​។ អ្នកស្រី​បញ្ជាក់​ថា​ គណបក្ស​អ្នក​ស្រី​រក​ឃើញថា​ មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​រំលោភបំពាន​ដីធ្លី​ប្រជាពលរដ្ឋ​ និង​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​សាធារណៈ​ ដែល​មន្ត្រី​ខិលខូច​ទាំងនោះ​មាន​តំណែង​ចាប់ពី​មន្ត្រី​មូលដ្ឋាន ​មន្ត្រី​តុលាការ​ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។

លោកស្រី​ ពោធិ​តី​ សាវត្ថី​ មានប្រសាសន៍​ថា​៖« ក្រោយពី​មាន​ឧត្តម​ក្រឹម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ប្រមូល​ទិន្នន័យ​នៃ​ទំនាស់​មក​ ប្រជា​រា​ស្ត្រភាគច្រើន​ត្រឡប់​មក​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល​វិញ​»

មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ សម្រេច​ជាគោល​ការ​ណ៍
​ឱ្យ​តំណាង​គណបក្ស​នយោបាយ​ ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ការ​បំពេញការងារ​របស់​ខ្លួន​។ តំ​ណាង​គណបក្ស​នយោបាយ​ទាំងនោះ​ បាន​រក​ឃើញថា​ មាន​ចំណុច​អសកម្ម​មួយចំនួន​ កំពុង​កើតឡើង​នៅ​កម្ពុជា​ ដូចយ៉ាង​បញ្ហា​រំលោភបំពាន​ដីធ្លី​ដែល​បង្ក​ឡើង​ដោយ​អ្នកមាន​លុយ​ និង​មានអំណាច​ គ្រឿងញៀន​ និង​អយុត្តិធម៌​សង្គម ​ជាដើម​។

កាលពី​ខែមិថុនា​កន្លងទៅ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​ថា​ នឹង​ឈប់​ឱ្យ​មាន​អង្គភាព​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ដោយ​លោក​ចោទ​ថា ស​មា​ជិ​កក្នុង​អង្គភាព​នេះ​ធ្វើ​ហួសពី​តួ​នា​ទី ​ពួកគេ​មួយចំនួន​នៃ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នេះ​ បាន​កោះហៅ​រដ្ឋមន្ត្រី​មួយចំនួន​មក​ចោទសួរ​ និង​បាន​ជ្រៀតជ្រែក​លើ​កិច្ចការ​ងារ​របស់​កងទ័ព​ និង​កង​នគរបាល​ជាតិ​។ ប៉ុន្តែ​ ស្ថានភាព​នេះ​ត្រូវ​ធូរស្រាល​ទៅវិញ​ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ចូលរួម​ជា​គណអ​ធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គភាព​នេះ​ទៀតផង​។

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែកញ្ញា ​ឆ្នាំ២០១៨​ ក្រោម​គំនិត​ផ្តួច​ផ្ដើម​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ការបង្កើត​នេះ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស ប្រជាជន​កម្ពុជា​ឈ្នះ​កៅអី​សភា​តំណាង​រា​ស្ដ្រ១០០​% (១២៥អស​នៈ)​ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រដែល​ផាត់ចោល​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ ហ៊ុន ​សែន​ បាន​ស្នើ​ឱ្យ​គណបក្ស១៩ដែល​ចាញ់ឆ្នោត​ និង​គណបក្សប្រជាជន​ផង​ ឱ្យ​ចូលរួម​ក្នុង​អង្គភាព​នេះ​ ដោយ​សន្យា​ផ្ដល់​ឋានៈ​ចំនួន២ក្នុង១បក្ស​ គឺ​តំណែង​ទេស​រដ្ឋមន្ត្រី​បាន​ទៅ​ប្រធាន​បក្ស​ និង​ឋានៈ​រដ្ឋមន្ត្រី​បាន​ទៅ​អនុប្រធាន​បក្ស​។ គណបក្ស​ចំនួន១៦ បាន​ប្រកាស​ចូលរួម​ក្នុង​អង្គភាព​នេះ​ ហើយ​ឡើយ​ងារ​រៀង​ៗខ្លួន។ គណបក្ស​ដែល​មិន​ចូលរួម​មាន​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​ខ្មែរ​ឈប់​ក្រ​ គណបក្ស​ខ្មែរ​សាធារណៈ​រដ្ឋ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ គណបក្ស​ចំនួន៤ មិនព្រម​ចូលរួម​នោះ​ ដោយ​សំអាង​ថា​ យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​ ជា​យន្ដ​ការ​បង្គ្រប់​កិច្ចនិង​ធ្វើ​ឱ្យ​ល្អមើល​។

ទោះជាយ៉ាងអង្គភាពនេះចាយលុយជិត១លានដុល្លារក្នុង១ឆ្នាំ ហើយគណបក្សដែលមិនបានចូល ក្នុងឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ក៏មានការស្តាយក្រោយដែរ ដូចជា
គណបក្ស ​ប្រជាធិបតេយ្យ​មូលដ្ឋានជាដេីម៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger