នេះជាការចាប់ មន្ត្រីសំខាន់ៗរបស់បក្សភ្លើងទៀនបន្ថែមទៀត ដោយរួមមានប្រធានគណៈធម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ចាមលោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ និងអនុប្រធានចលនាស្ត្រីម្នាក់ គឺអ្នកស្រី នូ សិទ្ធារី។នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួភារិទ្ធ។
ក្នុងសំណុំរឿងនេះដែរ មនុស្ស១៣នាក់ត្រូវបានផ្ដន្ទាទោស ក្នុងនោះ៤នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងសំណុំរឿងក្លែងឯកសារ។
នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក សហស្ថាបនិកនៃគណបក្សបេះដូងជាតិខ្មែរ និងមនុស្ស១២ទៀត ពីបទក្លែងបន្លំ និងបទប្រើប្រាស់ឯកសារក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ លោក សៀម ភ្លុក ដែលត្រូវបានឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២២ ក៏ដូចជាជនជាប់ចោទ៣នាក់ទៀត ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលប្រកាសសាលក្រម ដោយមិនដឹងមូលហេតុ ។
តុលាការ បានកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល (ប្រមាណ ១.២៥០ដុល្លារ) ខណៈដែលជនជាប់ចោទ១២នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ដូចៗគ្នាផងដែរ ។ ប៉ុន្តែតុលាការមិនបានចេញដីកាចាប់ខ្លួនពួកគេ៨នាក់នោះទេ គឺចាប់ខ្លួនតែមន្ត្រីបក្សភ្លើងទៀន៣នាក់និងលោក សៀម ភ្លុកប៉ុណ្ណោះ៕
0 comments:
Post a Comment