លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង នៅល្ងាចទី២០ ខែមេសា ឆ្នាំ២០២៣ បានសម្រេចបញ្ជាឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ ស៊ាន ប៊ុន ណាល់ អធិការរងស្រុកបាភ្នំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ស៊ាន ប៊ុនណាល់ បានប្រព្រឹត្តបទល្មើសនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ ពីអ្នកនាំពាក្យសាលាដំបូង ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
ការឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ នៅពេលនេះ បន្ទាប់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងខេត្តព្រៃវែង សម្រេចចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា នាយឧត្តមសេនីយ៍នេ សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំ ខេត្តព្រៃវែងម្នាក់ និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីផ្ទុះអាវុធបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជល់មាន់៕
0 comments:
Post a Comment