(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតប្រើអាវុធបើសិនក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកលើកងកម្លាំង។
តាមរយៈសារសំឡេងនៃបទបញ្ជា ដែលអ្នកកាសែតទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យរៀបកម្លាំង ១៥០នាក់ បំពាក់កាំភ្លើងគ្រប់ដៃ មធ្យោបាយរបស់យើង បើចាំបាច់ប្រើរថពាសដែកក៏បានដែរ ទៅកន្ទ្រប់ពួកអស់ហ្នឹងឲ្យអស់មើរ៍ មានប៉ុន្មាននាក់ពួកអាបំផ្លាញព្រៃឈើហ្នឹង។ វ៉ៃខ្នោះ ចងហ្អែងមើរ៍។ មានប៉ុន្មាននាក់ (បានជាបំផ្លាញព្រៃឈើ) មិនចេះឈប់សោះអញ្ចឹង។ ឲ្យនរណាសិក្សាផ្លូវឲ្យច្បាស់។ វ៉ៃខ្នោះទាំងអស់ នរណាខ្លះចេញមុខមកការពារបទល្មើសហ្នឹង ហើយហៅមន្ត្រីរដ្ឋបាលព្រៃឈើទៅ ចាប់ហើយ ហៅសួរនាំនរណាខុសនរណាត្រូវ។ ឥឡូវ បើស្រុក និងខេត្តមិនធ្វើទេ យើងធ្វើ។ បើមានកាំភ្លើងតដៃ មិនបាច់និយាយច្រើនទេ បាញ់យកតែម្តងទៅ។ យក PKM ទៅបំពាក់តែម្តងទៅ ១០ដើម។ បើវាបាញ់ត បាញ់វាកម្ទេចចោលតែម្តងទៅ។ អីក៏សម្បើមម្ល៉េះ មិនស្តាប់នាយករដ្ឋមន្ត្រីទេហ្អី?»។
ទោះជាយ៉ាងណា លោកនាយឧត្តមសេនីយ៏ មេប៉េអឹមលើផ្ទៃប្រទេសរូបនេះ មិនបានបញ្ជាក់ទីតាំង ឬខេត្តណាខ្លះដែលមានបទល្មើសព្រៃឈើដ៏រ៉ាំរៃនេះនោះទេ៕
0 comments:
Post a Comment