សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 26, 2023

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបានផលិតផលក្លែងក្លាយជាង៣០តោន និងជនសង្ស័យ ២០នាក់ ត្រូវបញ្ជូនទៅតុលាការ ក្នុងឆ្នាំ២០២២!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានឲ្យដឹងថា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាង២០នាក់ ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយជាង៣០តោន ត្រូវបានរឹបអូស និងដុតកម្ទេចចោលជាបន្តបន្ទាប់។

ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ របស់ គ.ប.ផ.ក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា «សមត្ថកិច្ច បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ ផលិតផលគ្រឿងសម្អាង ផលិតផលឧបភោគបរិភោគ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជាង៣០តោន ដោយក្នុងនោះផលិតផលឧបភោគបរិភោគ ចំនួន១៣តោន និងប៊ីចេងចំនួន ១៨តោន»។

លោកបានបន្ដថា ផលិតផលដែលត្រូវរឹបអូសបានកាលពីកន្លងទៅជាបន្តបន្ទាប់នេះ គឺសុទ្ធតែមានហានិភ័យខ្ពស់ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដា និងខ្លះទៀតហួស កាលបរិច្ឆេទ ដូចជាប្រហិត និងសាច់ចម្រុះជាដើម។

បើតាមលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផលក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបនូវឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះការសហការជាមួយ និងអាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅតែបន្តធ្វើដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និងដើម្បីសន្តិសុខជាតិ ខណៈផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថា ជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំនោះ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger