សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 15, 2017

អាមេរិកឆ្លើយតបនឹងលោកហ៊ុន សែនចោទថាទូតរបស់ខ្លួន នៅទីក្រុងភ្នំពេញ ខ្វះភាពអព្យាក្រឹត្យ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សហរដ្ឋអាមេរិក ច្រានចោល ការចោទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា ទូតរបស់ខ្លួន 
នៅទីក្រុងភ្នំពេញខ្វះភាពអព្យាក្រឹត្យ និងថា សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភ ជុំវិញបញ្ហាសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដដែល។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយ
ផ្ទាល់ ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ កាលពី ថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថា តំណាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ គ្មាន
ភាព អព្យាក្រឹត្យចំពោះបញ្ហានយោបាយកម្ពុជា។
ក្នុងជំនួបទ្វេភាគីមួយ កាលពីថ្ងៃអង្គារទី១៤វិច្ឆិកា ម្សិលមិញ នៅប្រទេសហ្វីលីពីន គណៈប្រតិភូ សហរដ្ឋអាមេរិកចំនួន២រូប គឺលោក Matt Pottinger ​ជំនួយការរង​​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និងឧបការីរង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍លោក​ Patrick Murphy បានលើកយកក្ដីកង្វល់ទាំងនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្រោយជំនួបនោះ។
បើតាមសេចក្ដីថ្លែងការណ៍ ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញក្ដីបារម្ភជាថ្មី អំពី ចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ការគាប សង្កត់គណបក្សប្រឆាំង និងការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខាជាដើម។
សហរដ្ឋអាមេរិកជឿថា រដ្ឋាភិបាលកម្ពុជា នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែល
កម្ពុជា ខ្លួនឯង ទទួលបាន ក្នុងរយៈពេល១ទសវត្សមកនេះ ទាំងផ្នែកប្រជាធិបតេយ្យ ការរីក
ចម្រើន សន្ដិភាព និងការផ្សះផ្សាជាតិ ជាពិសេស គឺជំនួយ ដែលសហរដ្ឋអាមេរិក ផ្ដល់ឲ្យក្នុង កិច្ចការ ទាំងនេះ។
បើតាមសេចក្ដីថ្លែងការណ៍ដដែល ភាគីសហរដ្ឋអាមេរិក ពន្យល់ថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសំណេះសំណាល និងសំដែងការគួរសម ជាមួយមេដឹកនាំអាស៊ាន ដោយរួម ទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងនោះ ពួកគេថា នោះគឺដើម្បីឲ្យគូភាគី អាចឆ្ពោះទៅមុខ រួមគ្នា លើកក្ដីបារម្ភនានា និងដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ឲ្យប្រសើរឡើង។
សេចក្ដីថ្លែងការណ៍នោះ ឲ្យដឹងបន្ថែមថា៖ «ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានជួប សំណេះសំណាលជាមួយមេដឹកនាំក្នុងតំបន់ ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក និងជំនួបអាស៊ាន-អាមេរិក នោះ សហរដ្ឋអាមេរិក បង្ហាញក្ដីសង្ឃឹមថា នោះនឹងអាចផ្ដល់ឲ្យប្រជាជាតិទាំងពីរ នូវឱកាសឆ្ពោះទៅមុខ បង្ហាញក្ដី កង្វល់នានា និងអភិវឌ្ឍមិត្តភាពទ្វេភាគី»
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៣ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រាប់ដោយផ្ទាល់​ទៅលោក ដូណាល់ ត្រាំ ឲ្យណែនាំមន្ដ្រីស្ថានទូតអាមេរិក ប្រចាំ នៅកម្ពុជា ដែលលោកថា មិនបានដើរតាមគោលនយោបាយថ្មី របស់លោក ដូណាល់ ត្រាំ ទាក់
ទង នឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
លោក ហ៊ុន សែន បាន​ចោទ​តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ថា​ គ្មានភាពអព្យាក្រឹត្យ ចំពោះបញ្ហានៅកម្ពុជា និងថា បានយកបញ្ហាសិទ្ធិមនុស្ស មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។​
លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញ ឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហា ប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិក ខ្លួនឯងតែម្ដង យោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុង ភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ»
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍  គណៈប្រតិភូសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់ 
ទាំង នេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីស្មារតី នៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។
អ្នកវិភាគនយោបាយ យល់ថា កម្ពុជា គួរមានទំនាក់ទំនងការបរទេសល្អ ជាមួយសហរដ្ឋអាមេរិក ដោយថា ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រទេសមហាអំណាច ដែល ប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះ។
ជាញឹកញយ រដ្ឋាភិបាលរបស់លោក​ ហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយ គណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកដែលបានកាន់អំណាចជាង ៣២ ឆ្នាំមកហើយ។ ប៉ុន្ដែ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា គ្មានមូលដ្ឋាន និងប្រាស់ចាកពីការពិតទាំងស្រុង។
ភ្លាមៗនេះ លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុចា មិនទាន់អាចឆ្លើយតបនឹង សេចក្តីថ្លែងការណ៏របស់សហរដ្ឋអាមេរិកនេះបាននៅឡើយទេ ដោយលោកថាកំពុងរងចាំ ទទួល លោកនាយករដ្ឋមន្ត្រីអញ្ចើញមកពីកិច្ចប្រជុំអាស៊ាន នៅប្រទេសហ្វីលីពីន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger