ប៉ូលិសនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយកដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឲ្យយុវជន ហ៊ុន ដារា ដល់ផ្ទះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ។
ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានតម្រូវឲ្យយុវជន ហ៊ុន ដារា ហើយ ឈ្មោះហៅក្រៅ ហ៊ុន ដារា ឱ្យចូលឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលសំណុំរឿងលោក កឹម សុខា ទាក់ទងនឹងបទសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ តុលាការក៏តម្រូវឲ្យយុវជនរូបនេះយកលិខិតផ្សេងៗ ដែលទាក់ទិននឹងរឿងនេះមកជាមួយដែរ ប្រសិនបើមាន។
លោក ហ៊ុន ដារា ប្រកាសឲ្យដឹងក្រោយពីទទួលដីកាថា លោកនឹងចូលទៅបំភ្លឺតាមការកំណត់របស់សាលាដំបូងរាជធានីភ្នំពេញ ពីព្រោះលោកយល់ថា លោកមិនបានប្រព្រឹត្តខុសច្បាប់នោះឡើយ។ លោកបញ្ជាក់ថា កាលពីគណបក្សសង្គ្រោះជាតិមិនទាន់រំលាយ លោកគឺជាអ្នកថតរូប និងសរសេរព័ត៌មានខ្លីៗ អំពីបទល្មើសព្រៃឈើ និងអំពើអយុត្តិធម៌ផ្សេងៗដែលកើតមានមកលើពលរដ្ឋនៅក្នុងប្រទេស បង្ហោះតាមបណ្ដាញសង្គមប៉ុណ្ណោះ។យុវជនរូបនេះ អំពាវនាវដល់សង្គមស៊ីវិល និងសហគមន៍ជាតិ អន្តរជាតិជួយតាមដានសវនាការនេះឱ្យបានដិតដល់។ លោកថា៖ «ពេលដែលបានឃើញដីកាដំបូងខ្ញុំមានអារម្មណ៍ថា តក់ស្លុត ហើយមានការសោកស្ដាយមែនទែន ដោយមិននឹកស្មានថាខ្ញុំជាយុវជនធម្មតា ហើយបានទទួលដីកាកោះហៅនេះ។ ខ្ញុំគ្រាន់តែជាអ្នកសរសេរព័ត៌មានខ្លីបង្ហោះនៅលើបណ្ដាញសង្គមទាក់ទងហ្នឹងបញ្ហាបរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គមដូចជាភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាលជាដើម ហើយខ្ញុំសរសេរជារឿងពិតទាំងអស់»។
យុវជន ហ៊ុន ដារា មិនមែនជាមនុស្សទីមួយទេដែលត្រូវតុលាការក្រុងភ្នំពេញកោះហៅទៅឆ្លើយបំភ្លឺក្នុងនាមជាសាក្សី។ កន្លងមក ក្នុងពេលស៊ើបអង្កេតក្តីចៅក្រមបានកោះហៅអ្នកធ្លាប់ធ្វើការងារជាមួយលោក កឹម សុខា មកសាកសួរជាបន្តបន្ទាប់ ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ និងយុវជនបរិស្ថានចំនួន២នាក់ទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការកោះហៅនេះថា ជារឿងចម្លែក ពីព្រោះយុវជនដែលតុលាការតម្រូវឱ្យចូលបំភ្លឺនោះហាក់ពុំមានពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ឡើយ។ លោកបន្ថែមថា ការធ្វើបែបនេះមិនអាចរកយុត្តិធម៌បានឡើយ ហើយមានតែនាំឱ្យខាតពេលដល់ដំណើរការនីតិវិធីរបស់តុលាការទៅវិញទេ។ លោកថា «ហើយសំណុំរឿងនេះ នរណាគេដឹងដែរ ទាំងមតិជាតិនិងអន្តរជាតិទាំងអស់ក៏គេបានដឹងដែរ គេថាគ្រាន់តែជារឿងនយោបាយមួយ ដែលគេបានបង្កើតឡើងក្នុងន័យចេតនាជម្លោះនយោបាយ វាមិនមែនជារឿងដែលជាកំហុសផ្លូវច្បាប់ណាមួយទេ។ អីចឹងយើងមិនយល់រឿងនេះជាហេតុផលនៃផ្លូវច្បាប់ទេ យើងគិតថាជាហេតុផលនយោបាយច្រើនជាង»។
សហគមន៍ជាតិ និងអន្តរជាតិបានចាត់ទុក វិធានការច្បាប់លើលោក កឹម សុខា ថា ជារឿងនយោបាយ និងទាមទារឲ្យអាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញ លេញដល់មេបក្សប្រឆាំងរូបនេះវិញ៕
0 comments:
Post a Comment