Saturday, May 03, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 10, 2020

សម្តេចហ៊ុន សែនប្រកាសថាលោក កឹម សុខា ពាក់ព័ន្ធក្នុង រឿងក្បត់ជាតិ ត្រូវតែផ្ដន្ទាទោសតាម ច្បាប់គ្មានលើកលែងនោះទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា អ្នកដែលមានទោសក្នុងសំណុំរឿងក្បត់ជាតិ ត្រូវតែ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ហើយពេលសាលក្រមចេញមក គឺត្រូវតែជាប់ទោស គ្មានលើកលែងនោះឡើយ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់ នៅមជ្ឈមណ្ឌល សន្និបាត និង ពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នៅពេលជាប់ ទោសហើយ ត្រូវបញ្ជូនទៅពន្ធនាគារ តែមិនមែនពន្ធនាគារត្រពាំងថ្លុងស្ថិតក្នុងខេត្តត្បូងឃ្មុំនោះ
ទេ ពោលគឺពន្ធនាគារនៅកន្លែងផ្សេង។
បើទោះបីសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍មិនបានបញ្ចេញឈ្មោះចំទៅលើបុគ្គលណា ដែលពាក់ព័ន្ធទោសក្បត់ជាតិនោះ ក៏គេអាចសន្និដ្ឋានបានថា គឺសំដៅទៅលើលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការ សវនាការ ពាក់ព័ន្ធសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនអាចឲ្យអាអ្នកត្រូវជាប់ទោស មិនបានកាត់ទោសនោះទេ។ ហើយម្ដងនេះ មិនមែនត្រពាំងថ្លុង (ពន្ធនាគារត្រពាំងថ្លុង) ប្រាប់ឲ្យ ហើយគឺកន្លែងផ្សេង តែសាលក្រមចេញហើយ ដាក់ហើយគ្មានទុកទេ។ ហើយស្អីចង់ឲ្យកម្ពុជា ធ្វើទៅតាមបំណងទាមទាររបស់គេ ដោយមិនអនុវត្តច្បាប់របស់ខ្លួន ចឹងមានន័យអីបន្ដទៀត បើអ្នក ឯងមិនពេញចិត្តទេអ្នកឯងចេញទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ»
ការមានប្រសាសន៍យ៉ាងដាច់ណាត់របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការអនុវត្តច្បាប់ទៅ លើសំណុំរឿងក្បត់ជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវ ឲ្យតុលាការកម្ពុជាទម្លាក់ចោល បទចោទ ចំពោះលោក កឹម សុខា ជាថ្នូរនឹងការផ្ដល់ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើក លែងតែអាវុធ (EBAs) មកកម្ពុជាវិញ ក្រោយសហភាពអ៉ឺរ៉ុបកាន់ផ្ដាច់២០ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានសង្កត់ធ្ងន់ថា កម្ពុជាមានការទទួលខុសត្រូវចំពោះជាតិរបស់ ខ្លួន មិនអាចទុកឲ្យអ្នកដែលបំផ្លាញជាតិ បានរួចខ្លួនទាល់តែសោះហើយ ដំណើរការផ្លូវច្បាប់នៅ ក្នុងតុលាការនៅតែបន្ដ អត់មានថយក្រោយទេ ហើយសម្ដេចអះអាងថា ប្រទេសផ្សេងអនុវត្តតាម ច្បាប់ របស់គេផ្សេង ហើយកម្ពុជាក៏មានសិទ្ធិអនុវត្តច្បាប់តាមកម្ពុជាដូចគ្នាដែរ។
សូមរំលឹកថា សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា បន្ទាប់ពីដំណើរការ ស៊ើបអង្កេតអស់រយៈពេលជាងពីរឆ្នាំ ត្រូវបានលើកមកជំនុំជម្រះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ពេលនេះ សវនាការបានជជែកដេញដោលបញ្ចប់ លើអង្គហេតុបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស ដែលជាអង្គហេតុស្ថិតនៅក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១២៕



0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger