មេឈ្មួញឈើ ឈ្មោះ សឹង សំអុល ដែលមានងារជាឧកញ៉ា កំពុងទន្ទ្រានកាប់បំផ្លាញ
ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ។
មេឈ្មួញឈើ សឹង សំអុល (ឧកញ៉ា សឹង សំអុល) ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅរយៈពេល២ខែកន្លងទៅនេះ បានបង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនកាន់តែខ្លាំងជាងមុន ដោយមានសមត្ថកិច្ចជំនាញនៅពីក្រោយខ្នង។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកកោះញែក និងសកម្មជនព្រៃឈើបានឲ្យដឹងថា នៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅ ទៀតទេ ហើយឈើដែលមេឈ្មួញ សឹង សំអុល កាប់ដឹកជញ្ជូនចេញទៅស្រុកយួនសព្វថ្ងៃ នេះ គឺកាប់"នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច" និងតំបន់ក្បែរៗនោះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ប្រហែលទទួលផលប្រយោជន៍ពីមេឈ្មួញ សឹង សំអុល ទើបបណ្ដោយឲ្យមេឈ្មួញរូបនេះបំផ្លាញព្រៃឈើនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយ។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ រាប់សិបរថយន្ត។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចតាមដងផ្លូវនិងសមត្ថកិច្ចនៅច្រកព្រំដែនសុទ្ធតែទទួលបានផលប្រយោជន៍ជាប្រចាំពីមេឈ្មួញ សឹង សំអុល ទើបរក្សាភាពស្ងៀមស្ងាត់ហើយមិនខ្វល់ពីការរិះគន់អ្វីឡើយ។ លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថាទទួលផលប្រយោជន៍ពីមេឈ្មួញ សឹង សំអុល យ៉ាងសុខស្រួលទើបមិនបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងរាលដាល។
ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា មួយរយៈកន្លងទៅនេះមេឈ្មួញ សឹង សំអុល បានបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង យ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ក្នុងនោះមានមេគយប្រចាំស្រុកមេមត់ លោក ចាន់ សុផាតជាអ្នកបើកដៃផងដែរ។
ឈ្មួញតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលមេឈ្មួញ សឹង សំអុល អាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺដោយសារមានខ្នងបង្អែករឹងមាំដែលស្និទ្ធមេដឹកនាំកំពូលនៅភ្នំពេញ។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ ព្រោះមេឈ្មួញ សឹង សំអុល នៅតែអាចបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញ ទៅស្រុកយួនដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាបបទល្មើសឡើយ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧកញ៉ា សឹង សំអុលដើម្បីសុំការបំភ្លឺពីការពាក់ព័ន្ធ ចំនួញឈើដ៏ធំនៅបណ្តាខេត្តភាគឥសាន្ត នេះបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ក្បួនរថយន្តដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ សឹង សំអុលចេញទៅស្រុកយួន
ជារៀងរាល់យប់។



0 comments:
Post a Comment