តំណាងពិសេសអង្គការសហប្រជាជាតិ អ្នកស្រីរ៉ូណា ស្មីត ជួបពិភាក្សាការងារ
សិទ្ធិមនុស្ស ជាមួយលោកហ៊ុន សេនកន្លងមក។
តំណាងពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រតិកម្មនឹង លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនដែលប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ
ហើយរឹបអូសយក អសនះសភាទាំងអស់របស់គណបក្សប្រឆាំងទៅបែងចែកឲ្យគណបក្សតូចៗ
ដូចជាគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជាជាដើម។
អ្នកស្រី រ៉ូណា ស្មីត (Rhona
Smith) តំណាងពិសេសផ្នែកសិទ្ធិមនុស្ស
នៃអង្គការសហប្រជាជាតិ ព្រមានអំពីគ្រោះថ្នាក់ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់គណបក្សកាន់អំណាច
ដែលប៉ុនប៉ងរំលាយគណបក្សប្រឆាំង ដ៏ធំជាងគេតែមួយគត់ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់ឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា កំពុងរងការគំរាមកំហែង ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការកម្ចាត់បក្សប្រឆាំង ចេញពីឆាកនយោបាយ។ អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១២ ខែតុលា ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា កំពុងរងការរំលោភ បំពានយ៉ាងគំហុក ដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ
និងប៉ះពាល់ដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត ដែលត្រូវបានអង្គការសហប្រជាជាតិ តែងតាំងឲ្យធ្វើជាអ្នករាយការណ៍ពិសេស អំពីសិទ្ធិមនុស្សនៅកម្ពុជា តាំងតែពីខែមីនា ឆ្នាំ ២០១៥មក បញ្ជាក់បន្ថែម ថា ប្រជាធិបតេយ្យ មានន័យថា ផ្ដល់សេរីភាព ឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទៅតាមឆន្ទៈរបស់ខ្លួន។ ក្នុងន័យនេះ អ្នកស្រីក្រើនរម្លឹករដ្ឋាភិបាលខ្មែរ ថា ដើម្បីឲ្យប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពទាំងនេះបាន គឺទាល់តែ មានការបើកទូលាយ ឲ្យមានមតិជំទាស់ និងអនុញ្ញាតឲ្យគណបក្សប្រឆាំង ចូលរួមក្នុងដំណើរការនេះបាន ដោយគ្មានការភ័យខ្លាច ឬគំរាមកំហែង។ អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល មកលើគណបក្សប្រឆាំងបែបសព្វថ្ងៃនេះ គឺកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បាត់បង់សិទ្ធិសេរីភាពទាំងអស់នោះហើយ។ អ្នកស្រីថា មន្ត្រីគណបក្សកាន់អំណាច កំពុងយកលេស ដោយប្រើប្រាស់យន្តការច្បាប់ និងប្រព័ន្ធតុលាការ ដែលមជ្ឈដ្ឋានទូទៅយល់ ថា ស្ថិតក្រោមការបង្គាប់បញ្ជាពីរដ្ឋាភិបាល ដើម្បីពន្លឿនការរំលាយគណបក្សប្រឆាំង។
ដោយមិនបង្អន់ដៃ និងកំពុងប្រញាប់ប្រញាល់ នៅថ្ងៃទី១២ ខែតុលា នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានតែតំណាងរាស្ត្រ មកខាងគណបក្សប្រជាជនកម្ពុជាចូលប្រជុំ ព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការ បានជជែកបញ្ចប់ សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីដកហូតអាសនៈ បក្សប្រឆាំង បើគណបក្សនេះ ត្រូវបានរំលាយចោល។ ហើយអាសនៈរបស់បក្សប្រឆាំង នឹងយកទៅចែកគ្នាជាមួយគណបក្សផ្សេងៗទៀត ហើយគេរាយការណ៏ មកថា គណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ នរោត្តម រណឬទ្ធិនឹងទទួលបានចំនួន៤១អសនះ ឯណោះ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យសារព័ត៌មាន ដឹងថា សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤នេះ ទើបបញ្ជូនទៅដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានត្រួតពិនិត្យរួចហើយ។ ទោះជាយ៉ាងនេះក្តី លោក ឡេង ប៉េងឡុង មិន ទាន់បញ្ជាក់ ថាសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះ នឹងត្រូវសភាប្រជុំអនុម័ត នៅពេលណានៅឡើយទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាករណ៍ថា មិនយូរទេនឹងអាចរំលាយបក្សប្រឆាំងនេះបានហើយ។
លោកថា៖ «គេនិយាយតែពីរឿងបញ្ហាពហុបក្ស សូមបញ្ជាក់ថា បើបក្សមួយរំលាយ បក្សប្រាំទៀតចូលជំនួស។ បានសេចក្ដីថា ពីបក្ស២ ឡើងបក្ស៦ នៅក្នុងសភា។ វានឹងកើតនៅពេលមិនយូរ
ប៉ុន្មាន នៅពេលខាងមុខនេះ»។
ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថាអ្នកស្រីមានការព្រួយបារម្ភ ដោយសាររដ្ឋាភិបាលកំពុងយកនីតិរដ្ឋ មកធ្វើជាឡប់ឡែ ដើម្បីជាលេសបិទបាំង បន្លំការបង្ក្រាបនេះ។ អ្នក ស្រី លើកឡើងបន្ថែមទៀត ថា ពាក្យថា នីតិរដ្ឋ គឺមិនមែនត្រឹមតែយកច្បាប់មកអនុវត្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ត្រូវគោរពសិទ្ធិមនុស្ស និងបង្ហាញឲ្យឃើញពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌ និង ការចូលរួមពីសាធារណជនទូទៅផងដែរ បើមិនដូច្នេះទេ វាលែងជានីតិរដ្ឋហើយ គឺវាទៅជារដ្ឋដែលគ្រប់គ្រងដោយអំណាចទៅវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អ្នកស្រី រ៉ូណា ស្មីត រម្លឹកឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យគោរពស្មារតីនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ អ្នកស្រីបញ្ជាក់ ថារដ្ឋធម្មនុញ្ញកម្ពុជា បានតាក់តែងឡើង ដើម្បីការពារកុំឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងរបបគ្រប់គ្រងដោយឯកបក្ស។
គួរគត់សម្គាល់ដែរថា នៅរយះពេលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងមន្ត្រីនៃ គណបក្សប្រជាជនកម្ពុជាមិនសូវអើពើនឹងប្រតិកម្មរបស់មន្ត្រីអង្គការសហប្រជាជាតិ ឬសហគមន៏ អប្តរជាតិនិងសហភាពអឺរ៉ុបឡើយ៕
0 comments:
Post a Comment