សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 20, 2017

ព្រឹទ្ធសភាលើកដៃយល់ព្រម​លើសេចក្តីស្នើកែ​ច្បាប់​បោះឆ្នោត ​ចំនួន​៤ទាំងស្រុង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សមាជិកព្រឹទ្ធសភា មកពីគណបក្សកាន់អំណាច លើកដៃយល់ព្រមលើច្បាប់ថ្មី
ចំនួន៤ ទាំងស្រុង​ នៅព្រឹកមិញនេះ។
ព្រឹទ្ធសភា នៅថ្ងៃស្រុកនេះ ​សម្រេច​យល់​ព្រម​ទាំង​ស្រុង ​ទៅ​លើសេចក្តីស្នើកែ​ច្បាប់​បោះឆ្នោត​
ចំនួន​៤ ដើម្បីជាការបើកផ្លូវ​ឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយដោយ តុលាការ កំពូល។
ការអនុម័តច្បាប់ថ្មីទាំង៤ យ៉ាងប្រញ៉ាប់នេះ ធ្វើឡើងចំពេលតុលាការកំពូល កំពុងពិនិត្យបណ្តឹង របស់ក្រសួងមហាផ្ទៃ សុំរំលាយបក្សសង្គ្រោះជាតិចោល។
សេចក្តីស្នើកែ​ច្បាប់បោះឆ្នោតចំនួន​បួន​នោះ ​រួម​មាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រ ច្បាប់ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុម
ប្រឹក្សាឃុំ-សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កាលពី​ដើមសប្តាហ៍​នេះ តំណាងរាស្ត្រ​បក្ស​កាន់​អំណាចចំនួន៦៧រូប ​បាន​​អនុម័ត​ទាំង​ស្រុង ​ទៅ​លើសេចក្តីស្នើកែ​ច្បាប់បោះឆ្នោត​ចំនួន​៤នោះ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ចេតនា​មួយ​ក្នុង ការរឹបអូស​អាសនៈគណបក្សប្រឆាំង ដើម្បី​​ចែក​ទៅ​ឲ្យ​បក្ស​នយោបាយ​ផ្សេងៗ គ្មានអសនះនៅ ក្នុងសភា។
ដោយឡែក នៅ​ថ្ងៃ​សុក្រទី​២០​ ខែ តុលានេះ​ ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​តែ​សមាជិក​បក្ស​កាន់​អំណាច​ចំនួន​៤០រូប ក៏​បាន​​ប្រជុំ​សម្រេច​យល់​ព្រម​ទាំង​ស្រុង ​ទៅ​តាម​ការ​សម្រេច​របស់​រដ្ឋសភា​ ផង​ដែរ លើ​វិសោធនកម្ម​ច្បាប់​នេះ​ ដោយ​ថា ​ដើម្បីធ្វើ​ឲ្យ​ស្រប​តាម​បរិបទ​នយោបាយ​បច្ចុប្បន្ន រក្សា​នូវ​ស្ថិរភាព និង​នីតិរដ្ឋកម្ពុជា។
អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង លើក​ឡើង​ថា ព្រឹទ្ធសភាគ្មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ចំពោះ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​លើ​ការ​សម្រេច​នេះ ដោយ​ថា ការ​ប្រជុំទាំង​រដ្ឋ​សភា និង ព្រឹទ្ធិសភា​នោះ ​គឺ​លម្អិត និង​ត្រឹម​ត្រូវ​បំផុត ​សម្រាប់​ស្ថាន​ការ​កម្ពុជា​នាពេល​បច្ចប្បន្ន។
លោក​ថ្លែង​ បក​ទៅ​សហគមន៍​អន្តរជាតិ​ថា ប្រទេស​កម្ពុជា ជា​រដ្ឋឯករាជ្យ និង​មាន​សិទ្ធិ​សម្រេច​ផ្ទាល់​ខ្លួន។
លោកថា៖ «យើង​អត់​មាន​ការ​បារម្ភ​អីទេ! ហើយ​យើង​អត់​មានធ្វើ​ដើម្បី​បរទេស​ទេ។ បើ​សិន​ជា​ធ្វើ​ដើម្បី​បរទេស ​គឺ​យើង​ក្បត់​នឹងប្រទេស​ជាតិ យើង​ក្បត់នឹងឆន្ទៈ​រាស្ត្រ។​ តែ​យើងធ្វើ គឺ​ដើម្បី​បម្រើ​រាស្ត្រ យើង​ធ្វើ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​យើង ហើយ​យើង​ធ្វើ ​ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៏ ជូន​សង្គម​ជាតិ​យើង»
សារព័ត៌មានជាតិខ្មែរ  ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះព្យាយាមទាក់​ទង​ប្រធានគណបក្ស​ភ្លើង​ទាន (អតីត គណបក្ស សម រង្ស៊ី) លោក ទាវ វណ្ណុល ពី​ការ​ដែល​សមាជិក​បក្ស​លោក ធ្វើពាហិការ​​ចូលរួមប្រជុំ​ព្រឹទ្ធសភាដែរ តែមិន​អាចទាក់ទង​នៅ​ឡើយ​ទេ។
បើ​តាមអ្នក​នាំពាក្យ​ព្រឹទ្ធសភា ច្បាប់​ទាំង​បួន ​ដែល​យល់​ព្រម​នៅព្រឹក​នេះ និង​បញ្ជូន​ត្រលប់​ទៅ​កាន់​រដ្ឋសភាវិញ ដើម្បី​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ដើម្បី​ពិនិត្យជា​ការ​ប្រញាប់។
ទាក់ទងនឹងរឿងនេះដែរ​ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពី​ទី ១៨ ខែតុលា និង នៅ​ចំពោះ​មុខសហភាពអន្តរសភា (IPU) ដែល​មាន​សមាជិ​ក​មក​ពី​ប្រទេស១៧៣​ប្រទេស​ បានថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនពីការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិនេះដែរ តែភាគីកម្ពុជាមិនទាន់មានប្រតិកម្មតបវិញយ៉ាងណានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger