លោកហេង សំរិន និងលោក សម រង្ស៊ីកំពុងមានរឿងក្តីក្តាំនឹងគ្នាក្នុងតុលាការ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃពុធនេះ បានប្រកាសសាលដីកាដោយ
សម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន ដូចការសម្រេច របស់ សាលាឧទ្ធរណ៍ដដែល ដោយសំអាងថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមធ្វើឡើងត្រឹមត្រូវ តាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យលោក សម រង្ស៊ី ចាញ់ លោក ហេង សំរិន និងបង្គាប់ឲ្យបង់ប្រាក់ជាសំណងជំងឺចិត្តដល់លោក ហេង សំរិន ចំនួន១៥០ លានរៀល និងបង់ពិន័យជូនរដ្ឋ១០លានរៀល ករណីពីបទបរិហារកេរិ៍្តជាសាធារណៈ។ ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី បានប្ដឹងជំទាស់មកតុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ កំពុងជាប់បណ្តឹងជាច្រើននៅតុលាការ ដែលបណ្តឹងទំាងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសជាដើម។ ក្រៅពីនោះ លោក សម រង្ស៊ី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញកាត់ទោសកំបាំងមុខ ក្នុងសំនុំរឿងរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែនថាទិញឡាច (Like) ពីបរទេស និងសំណុំរឿងមួយទៀត ដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម» បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា រដ្ឋាភិបាល នៅពីក្រោយការសម្លាប់លោក កែម ឡី។
ករណីសពលោក កែម ឡីនេះបានស្ងប់ស្ងាត់អស់វិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនប្រាប់សរុបចំនួន៨ម៉ឺនដុល្លារ ទៅឲ្យប្អូនប្រុសនិងម្តាយលោកកែម ឡី ដើម្បីជួយចេញថ្លៃ បបរបុណ្យសព និងថ្លៃសំណង់ចេតីយ៍ជាដើម៕

0 comments:
Post a Comment