លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអង្គុយសម្លឹងមុខ លោកអគ្គរដ្ឋទូតអាមេរិក
វីល្លៀម ហៃដ្ធ៍ កំពុងថ្លែងការណ៏ កន្លងមក។
ស្ថានទូតអាមេរិកក៏បានសំដែងការសោកស្ដាយ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ដែលបន្តយកបញ្ហាមនុស្សធម៌នេះ មកធ្វើជារឿងនយោបាយ ពាក់ព័ន្ធនឹងគ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែក និង យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អាមេរិក ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម យកមកធ្វើជាបញ្ហាធំសម្រាប់កម្ពុជា ហើយបន្តផ្សព្វផ្សាយឥតឈប់ឈរដោយមានការវាយប្រហារ ដោយ ពាក្យសំដីធ្ងន់ៗមកលើសហរដ្ឋអាមេរិកទៀតផង។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចាត់ទុកការខំប្រឹងយកបញ្ហាមនុស្សធម៌ មកធ្វើជារឿងនយោបាយនេះ “គឺជាការគួរឲ្យសោកស្ដាយ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃទី១៩ ខែតុលា ស្ថានទូតសហរដ្ឋអាមេរិក អះអាងថា អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ (CMAC) បានដឹងថា មានគ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែក នៅទីតាំងក្នុងខេត្តស្វាយរៀង តាំងតែពីយូរយារណាស់មកហើយ។ ហើយជឿជាក់ថា អាជ្ញាធរកម្ពុជា ពិតជាមានសមត្ថភាព និងធនធានក្នុងការដោះ និងបំផ្លាញគ្រាប់បែកទាំងនោះ បានដោយសុវត្ថិភាព និងមិនប្រើពេលយូរទេ ព្រោះអ្នកជំនាញផ្នែកយោធាអាមេរិក បានផ្ដល់វគ្គបណ្ដុះបណ្ដាលក្នុងផ្នែកគ្រាប់បែកឧស្ម័ននេះ ដល់មន្ត្រីខ្មែរ រហូតដល់ទៅពីរលើកឯណោះ គឺលើកទី១ នៅឆ្នាំ២០១៥ និងលើកទី២ ក្នុងឆ្នាំ ២០១៦។ មិនតែប៉ុណ្ណោះ មន្ត្រីយោធាអាមេរិក បានប្រគល់ឧបករណ៍មួយឈុតគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការដោះ និងបំផ្លាញគ្រាប់បែកឧស្ម័នប្រភេទនេះ ទៅដល់កងយោធពលខេមរភូមិន្ទ រួចហើយដែរ។
ប្រតិកម្មរបស់ស្ថានទូតអាមេរិកនៅពេលនេះ ធ្វើឡើងភ្លាមៗ ជាការឆ្លើយតប ទៅនឹងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបន្តវាយប្រហារខ្លាំងៗ និងឥតឈប់ឈរ មកលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅកម្ពុជាតាំងពីជាង ៤០ឆ្នាំមុន។ ថ្លែងនៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតពីកម្មកររោងចក្រកាត់ដេរ នៅមុនរដូវកាលយុទ្ធនាការបោះឆ្នោតចូលមកដល់ លោក ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែតុលា ចាត់ទុកគ្រាប់បែកឧស្ម័ន បង្ហៀរទឹកភ្នែកទាំងនោះ ថា ជាគ្រាប់បែកគីមី ដែលប៉ះពាល់ដល់សុខភាពកុមារ ក្នុងតំបន់នោះ។
លោកថា៖ «ជាសោកនាដកម្ម នៅស្រុកខ្មែរ តើគេមានដែលគិតពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឬទេ?»។
កាលពីថ្ងៃទី១៧ ខែតុលា រដ្ឋាភិបាលកម្ពុជាអះអាងថា បានរកឃើញមនុស្សចំនួន ១៩នាក់ មានរោគសញ្ញារមាស់លើដងខ្លួន និងមានភាពមិនប្រក្រតីលើរាយកាយ ហើយពួកគេត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថា បានរកឃើញក្មេង ៣នាក់ កាលពីពេលថ្មីៗនេះ ដែលកើតមកខុសប្រក្រតី ហើយលោកអះអាងថា អាចបណ្ដាលមកពីផលប៉ះពាល់ពីការសាយភាយគ្រាប់បែក ដែលលោកហៅថាជាគ្រាប់បែកគីមីទាំងនេះ។
ទោះបីជា លោក ហ៊ុន សែន និងលោក ម៉ម ប៊ុនហេង ចាត់ទុកគ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែកទាំងនោះ ថា ជាអាវុធគីមីយ៉ាងណាក្តី ស្ថានទូតសហរដ្ឋអាមេរិក បំភ្លឺនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ថាគ្មានភស្តុតាងឯណាមួយ រកឃើញថា គ្រាប់បែកឧស្ម័នទាំងនេះ មានផលប៉ះពាល់ ដល់សុខភាពយូរអង្វែង ឬធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈនោះទេ។ ប្រសិនបើប៉ះពាល់ដល់សុខភាពមែន អាជ្ញាធរនៅប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកផង ច្បាស់ជាមិនអនុញ្ញាត ឲ្យប្រើប្រាស់គ្រាប់បែកឧស្ម័នប្រភេទនេះទេ។ ស្ថានទូតសហរដ្ឋអាមេរិក អះអាងទៀត ថាឧស្ម័នបង្ហៀរទឹកភ្នែកនេះ ទោះជាមានការខ្វែងយោបល់គ្នា ក្នុងការប្រើប្រាស់វាយ៉ាងណាក្ដី ក៏គេមាននីតិវិធីច្បាស់លាស់ ត្រឹមត្រូវ ដើម្បីដោះ ឬបំផ្លាញវាចោលដោយសុវត្ថិភាព។
លោក ហ៊ុន សែន កាលពីថ្ងៃទី១១ ខែតុលា ពេលចុះជួបកម្មកររោងចក្រនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក៏មិនភ្លេចចំអកដាក់សហរដ្ឋអាមេរិក ថា មិនដែលជួយយកគ្រាប់បែកទៅវិញទេ។ លោកឆ្លៀតយកឱកាសនោះ ផ្ដល់ភាពយុត្តិធម៌ដល់រូបលោក និងគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ដោយចាត់ទុកការចាប់ចងលោក កឹម សុខា និងការប៉ុនប៉ងរំលាយគណបក្សប្រឆាំងបែបនេះ ថា មិនអាក្រក់ដូចអ្វី ដែលអាមេរិក ធ្លាប់ធ្វើមកលើប្រទេសកម្ពុជា កាលពីជាង ៤០ឆ្នាំមុននោះទេ។
លោកបន្តថា៖ «កុំមកគិតតែទារយកឆ្អឹងខ្មោច គិតពីយកគ្រាប់បែកគីមីទៅវិញផង។ យើងប្រើច្បាប់ការពារជាតិ និងសន្តិសុខជាតិ គេថាយើងរំលោភសិទ្ធិមនុស្ស»។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានស្នើឲ្យអាមេរិកជួយដោះស្រាយបញ្ហាគ្រាប់បែកនេះទេ ហើយថា កម្ពុជាអាចប្រើប្រាស់ថវិកា របស់អាមេរិក ដែលត្រៀមសម្រាប់ដោះមីន ដើម្បីយកទៅដោះស្រាយបញ្ហាគ្រាប់បែបទាំងនេះបាន។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ស្ថានទូតអាមេរិកបញ្ជាក់ថា ខ្លួនទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហា ដែលជាកេរដំណែលរបស់ខ្លួន ដែលបន្សល់ទុកពីសម័យសង្គ្រាម និងបញ្ជាក់អំពីឆន្ទៈដែលឥតប្រែប្រួលរបស់សហរដ្ឋអាមេរិក ក្នុងការទទួលយកមកពិចារណា នូវសំណើដែលប្រកបដោយភាពស្មោះស ពីរដ្ឋាភិបាលកម្ពុជា ប្រសិនបើចង់សុំឲ្យសហរដ្ឋអាមេរិកជួយពិតមែននោះ។
ជាចុងក្រោយ សហរដ្ឋអាមេរិកបញ្ជាក់ថា ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអាមេរិក បានចំណាយថវិកា មិនតិចជាង ១៣១ លានដុល្លារសហរដ្ឋអាមេរិកនោះទេ ដើម្បីជួយរុករក និងសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម។ ថវិកាមួយភាគធំ បានយកទៅប្រើប្រាស់ សម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស គឺនៅតាមចម្ការមីនដែលមានគ្រោះថ្នាក់ ១០ដងលើសគ្រាប់បែក ដែលទម្លាក់ដោយអាមេរិកទៅទៀត។ ប្រតិបត្តិការនេះ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងជួយដល់ការអភិវឌ្ឍន៏នៅកម្ពុជាផងដែរ។ សហរដ្ឋអាមេរិក សង្ឃឹមថា អាចវិលត្រឡប់ទៅរកកិច្ចសហការក្នុងកិច្ចការនេះ ជាបន្តទៀត ក្នុងពេលឆាប់ៗនេះ។
អ្នកវិភាគលើកឡើងថា ការបន្តផ្សព្វផ្សាយរបស់រដ្ឋាភិបាល ស្របពេលដែលលោក ហ៊ុន សែន តែងតែប្រកាស អំពីគ្រាប់បែកឧស្ម័នរបស់សហរដ្ឋអាមេរិកដូច្នេះ គឺជាផែនការមួយ របស់លោកហ៊ុន សែន ដែលឥលូវនេះ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស និងចាត់ទុកជាមេដឹកនាំផ្ដាច់ការនោះ កំពុងធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋខ្មែរស្អប់សហរដ្ឋអាមេរិក ខណៈដែលលោកកំពុងតែងាកទៅរកប្រទេសកុម្មុយនិស្តចិនយ៉ាងពេញទំហឹង។
នៅពេលនេះ សារព័ត៌មានចាតិខ្មែរមិនអាចសុំយោបល់ពីលោកសុខ ឥសានអ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជាបានទេ ដោយទូរស័ព្ទចូល ជាច្រើនដងតែគ្មានអ្នកទទួល៕
0 comments:
Post a Comment