សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 1, 2017

លោកហ៊ុន សែននៅតែបន្តគឃ្លើននឹងសហភាពអឺរ៉ុប ទទួចឲ្យដោះលែងលោក កឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តព្រងើយកន្តើយ នឹងគំនាបបរទេស។

គណៈប្រតិភូសហភាពអឺរ៉ុប ទទូចឲ្យមានការដោះលែង លោក កឹម សុខា មេបក្សប្រឆាំងដោយ ព្រមានជាថ្មីថា កម្ពុជានឹងបាត់បង់ប្រយោជន៍ផ្នែកជំនួយអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ នាំចេញ សម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តគឃ្លើននឹង ការព្រមានផ្ទួនៗរបស់បរទេសទាំងអស់​ហើយបន្តឃុំខ្លួនលោក កឹម សុខាក្នុងពន្ធនាគារត្រពាំងផ្លុង ដដែល។
ក្នុងដំណើរទស្សនៈកិច្ច រយៈពេល២ថ្ងៃ មកប្រទេសកម្ពុជា ពីថ្ងៃទី៣០ដល់៣១តុលា គណៈប្រតិភូ ជាន់ខ្ពស់ របស់សភាអឺរ៉ុប​ ទទួលបន្ទុកកិច្ចការអាស៊ាន ចំនួន៦រូប បានចូលជួបពិភាក្សាជា មួយ ប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នកំពូលមួយចំនួន ដោយបានលើក ពីបញ្ហាសេដ្ឋកិច្ច ការបោះឆ្នោត​ និងស្ថានការណ៍នយោបាយ ដែលកំពុងតានតឹងខ្លាំង រួមទាំង ការចាប់ខ្លួនប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាល ពី
ថ្ងៃ អង្គារទី៣១តុលាម្សិលមិញ។
បើតាមសេចក្តីថ្លែងការណ៍ គណៈប្រតិភូសហភាពអឺរ៉ុប ស្នើឲ្យដោះលែងលោក កឹម​ សុខា ជា បន្ទាន់ និងបញ្ឈប់រាល់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោត នាឆ្នាំ ក្រោយ។ បន្ថែមពីនេះ តំណាងសហភាពអឺរ៉ុប ក៏ស្នើរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមអង្គកា រសង្គម ស៊ីវិល ធ្វើសកម្មភាពដោយសេរី និងបើកជំហរ ដើម្បីធានាការបោះឆ្នោតនៅឆ្នាំក្រោយ មានសេរី ត្រឹមត្រូវ និងអាចទទួលយកបាន។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ប្រធាន​គណៈកម្មាធិការកិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ របស់​សភា​អឺរ៉ុប លោក Werner Langen ជំរុញឲ្យរដ្ឋាភិបាល បើកចំហរឲ្យមានការប្រកួតប្រជែង ដែល មានតម្លាភាព និងថា បញ្ហាសិទ្ធិមនុស្ស អាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជំនួយអភិវឌ្ឍន៍ និង ការអនុគ្រោះពន្ធ ជាមួយសហភាពអឺរ៉ុប។
បើតាមសេចក្ដីថ្លែងការណ៍ លោក Werner Langen មានប្រសាសន៍ថា «រដ្ឋាភិបាលកម្ពុជា គួរ យល់ ដឹងថា សភាសហភាពអឺរ៉ុប ជាអ្នកចូលរួមតាក់តែងច្បាប់ សម្រាប់បញ្ហាពាណិជ្ជកម្ម និងថវិកា។ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៃស្ថានភាពសិទ្ធិមនុស្ស អាចនឹងជាប់ទាក់ទិននឹងកម្មវិធីជំនួយអភិវឌ្ឍ និង ការអនុគ្រោះពន្ធទាំងឡាយ»
បើតាមបណ្ដាញសង្គមធ្វីតធ័រ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏ំមានឥទ្ធិពល លោក Ted Cruz បាន បញ្ជាក់ជាថ្មីដែរថា លោកនឹងជំរុញឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែល ជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សនេះ បើសិនគ្មានការដោះលែង លោក កឹម សុខា នៅ ត្រឹមថ្ងៃទី៩ វិច្ឆិកាទេនោះ។
ផ្ទុយទៅវិញ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បក ស្រាយថា ចំណាត់ការថ្មីៗ របស់រដ្ឋាភិបាល គឺជាការអនុវត្តច្បាប់ ការពារអធិបតេយ្យ ភាពរបស់ កម្ពុជា​ ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងទប់ស្កាត់ចលនាផ្ដួលរំលំរដ្ឋាភិបាលស្រប ច្បាប់។
កាលពី​ថ្ងៃទី៩តុលាកន្លងទៅ តំណាងសហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប ក៏បាន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ចំពោះការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ដែល មានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ ដោយថា ចំណាត់ការនេះ រំលោភសិទ្ធិម្ចាស់ឆ្នោត ធ្ងន់ ធ្ងរ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែចចេសនឹងការព្រមានទាំងឡាយពី សំណាក់ អន្តរជាតិនេះ ហើយតុលាការកំពូលក៏ បន្ត ឃុំខ្លួនលោកកឹម សុខាក្នុងពន្ធនាគារដដែល នៅក្នុង សវនាការមួយកាលពីម្សិលមិញ៕

 


 លោកប្រាក់ សុខុនទទួលជួបប្រតិភូសហភាពអឺរ៉ុប កាលពីថ្ងៃ ទី ៣១ តុលា។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger