លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកថេត គ្រូស សមាចិកព្រឹទ្ធសភាអាមេរិក ដែល
នៅតែបន្តព្រមានលោកហ៊ុន សែនពីការមិនព្រមដោះលែងលោកកឹម សុខា។
ខណះឱសានវាទមកដល់ នៅថ្ងៃនេះ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់របស់អាមេរិក
បានព្រមានថា សហរដ្ឋអាមេរិក
និងសម្ព័ន្ធមិត្ត នឹងមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតឡើងក្រោយ ការបោះឆ្នោតនៅឆ្នាំក្រោយទេ ប្រសិនបើគ្មានការដោះលែង
លោក កឹម សុខា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៧។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz ដែលធ្លាប់ជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុននោះ បានថ្កោលទោសចំពោះការចាប់ខ្លួនមេបក្សប្រឆាំងកម្ពុជាលោកកឹម សុខា និងបានទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌនៅត្រឹមថ្ងៃទី០៩ ខែវិច្ឆិកានេះ។ ក៏ប៉ុន្តែមកដល់ថ្ងៃឱសានវាទនេះ លោកហ៊ុន សែននិងតុលាការរបស់លោកនៅតែ បន្តឃុំ លោកកឹម សុខាក្នុងពន្ធនាគារត្រពាំងថ្លុងដដែល។
សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បានទាមទារឲ្យបានការដោះលែងលោក កឹម សុខា តាមរយៈលិខិតមួយ ដែលលោកបានផ្ញើទៅកាន់អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក កាលពីថ្ងៃទី២៣ ខែតុលាកន្លងមកនេះ។
ជាការឆ្លើយតប អគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីងតោន លោក ជុំ ប៊ុនរ៉ុង បានប្រាប់ទៅសមាជិកព្រឹទ្ធសភាអាមេរិករូបនេះថា ការចាប់ខ្លួនលោក កឹម សុខា និងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងដើម្បីរក្សាសន្តិសុខ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
ទោះជាយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធម្សិលមិញ សមាជិកព្រឹទ្ធសភា អាមេរិក លោក Ted Cruz ហៅការបកស្រាយបែបនេះថា គ្មានខ្លឹមសារ និងមិនអាចទទួលយក បានទាល់តែសោះ។
លោកយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងគេចវេសពីការទទួលខុសត្រូវ តាមបែបប្រជាធិបតេយ្យ និង ផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប ដែលខ្នះខ្នែងជួយកម្ពុជា តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ មក។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ លោក Ted Cruz បានព្រមានជាថ្មីថា ប្រសិនបើលក្ខខណ្ឌមួយ ចំនួន មិនត្រូវបានបំពេញ ដោយរួមមាន ការដោះលែងលោក កឹម សុខា និងបញ្ឈប់ចេតនាចង់រំលាយគណបក្សប្រឆាំងនៅមុនការបោះឆ្នោតទេនោះ លោកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងការបោះឆ្នោតនៅឆ្នាំ២០១៨ ថា មានភាពត្រឹម ត្រូវ និងស្របច្បាប់នោះទេ។
បើតាមសេចក្ដីថ្លែងការណ៍ លោក Ted Cruz មានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) ជាថ្ងៃចុងក្រោយ ដែលពលរដ្ឋកម្ពុជា អាចចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានបំពេញ រួមមាន ការដោះលែងលោក កឹម សុខា ការអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុ អាចផ្សាយឡើងវិញដោយសេរី និងអនុញ្ញាតឲ្យអង្គការ ធ្វើកា រផ្នែកប្រជាធិបតេយ្យ ដំណើរការក្នុងប្រទេសកម្ពុជាទេនោះ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នឹងមិនអាចទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតទាំងនេះនោះទេ»។
ជាងនេះទៅទៀត លោក Ted Cruz បានព្រមានថា រូបលោក និងសមាជិកព្រឹទ្ធសភាអាមេរិកដទៃទៀត មានលោក John McCain លោក Robert Phillips Corker Jr. នឹងជំរុញទៅរដ្ឋការប្រធានាធិបតី ដូណាស់ ត្រាំ ឲ្យពិចារណាទណ្ឌកម្មលើមន្ដ្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នេះ ដោយហាមពួកគេ មិនឲ្យទៅជាន់ដីសហរដ្ឋអាមេរិកបន្ដទៀត។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» និងថា បានឃុបឃិតជាមួយអាមេរិក ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។
បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា និងការព្រមានរំលាយគណបក្សប្រឆាំង មុនការបោះ ឆ្នោតនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍ អន្ដរជាតិ ដោយពួកគេយល់ថា កម្ពុជាកំពុងឆ្ពោះទៅរកការដឹកនាំបែបផ្ដាច់ការ និងកាន់តែឃ្លាត ឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
ក៏ប៉ុន្តែលោកហ៊ុន សែននិងរដ្ឋាភិបាលរបស់លោកតែងតែបានបដិសេធការថ្កលោទោសទាំងនេះហើយមិនព្រមបន្ទន់ឥរិយាបទតាមការព្រមានពីបរទេសទាំងនោះទេ៕

0 comments:
Post a Comment