អតីតមេបក្សប្រឆាំងរូបនេះ បានបន្ថែមថា ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាអាមេរិកនឹងរៀបចំដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជី ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់ការផ្ដល់ទិដ្ឋាការឲ្យចេញ-ចូល ឬក៏អាចរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
លោកសម រង្ស៊ីក៏បានជំរុញឲ្យលោកហ៊ុន សែនរំលាយគណបក្សប្រឆាំងឲ្យបានឆាប់ ដោយថា សម្ពាធទាំងអស់នឹងធ្លាក់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអះអាងម្ដងហើយម្ដងទៀតថា គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា នឹងត្រូវរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។
លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះនៅថ្ងៃអាទិត្យ ទី ១២ វិច្ឆិកានេះ អំឡុងសិក្ខាសាលា ស្តីពី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋ
អាមេរិក។
លោក សម រង្ស៊ី បាន លើកឡើងថា៖ «បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់ បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អ ជាងមុន។ តែនេះមិនមែនគ្រាន់បើជាងមុនទេ កាន់តែយ៉ាប់ទៅៗ ហើយម្ដងនេះ វាហួសហេតុហ្មង ឆ្លងទៅហួសបន្ទាត់ក្រហម គេឈប់និយាយរក។ អញ្ចឹងខ្ញុំចង់ឲ្យរំលាយថ្ងៃ១៦ហ្នឹង រំលាយឲ្យឆាប់ ហ៊ុន សែន កាន់តែឆាប់ចប់ខ្លួនឯង។ ពេលរំលាយ យើងនឹងមានរដ្ឋាភិបាលថ្មីមួយចេញពីការ បោះឆ្នោតត្រឹមត្រូវ ដែលដឹកនាំដោយសង្គ្រោះជាតិ»។
ទោះបីជាយ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៅសហគមន៍អន្ដរជាតិថា កុំជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងថា អ្នកណាទទួលស្គាល់លទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ ឬអត់នោះ គឺកម្ពុជា មិនខ្វល់ទេ។
លោក ហ៊ុន សែន ថ្លែងបន្ដថា ទោះបីជាប្រទេសណាចង់ ឬមិនចង់ទទួលស្គាល់រដ្ឋាភិបាល កើត ក្រោយការបោះឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជាមាន ច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែលលោកថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះ ឆ្នោតនោះ។
គណបក្សសង្គ្រោះជាតិ កំពុងប្រឈមមុខនឹងការរំលាយចោលនៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ បន្ទាប់ពីគណបក្សនេះត្រូវបានចោទថា ចូលរួមជាប្រព័ន្ធជាមួយប្រធានបក្ស លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទថា «ក្បត់ជាតិ» ដោយឃុបឃិតជាមួយ បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោកសម រង្ស៊ីនៅថ្ងៃនេះបានទេ៕

0 comments:
Post a Comment