សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 11, 2020

អនុប្រធានបក្សសង្ញ្រោះជាតិចាត់ទុកលោក ហ៊ុន សែនតែងតាំង កូនប្រុស ង៊ុន ម៉ាណឺត ដើម្បីពង្រឹងអំណាចកូនខ្លួនឯង ទាំងងងើល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន កំពុង​ជួយ​ពង្រីក​អំណាច​ឱ្យ​កូន​ប្រុស​ច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ទាំង​ក្នុង​ជួរ​កង​ទ័ព និង​ជួរ​គណបក្ស​។
ការ​លើក​ឡើង​បែបនេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាថ្នាក់កណ្តាល។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា កា​រតែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​យុវជន​គណបក្ស​នេះ គឺ​ជា​ការ​រុញ​ឱ្យ​គាត់​ខិត​កាន់​តែ​ជិត​ទៅ​រក​​ការ​ស្នង​តំណែង​ពី​លោក ហ៊ុន សែន។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ក្រុម​យុវជន​ដែល​ជា​កូន​ចៅ​មេ​ដឹក​នាំ​ជំនាន់​មុន ហើយ​ពួក​គេ​កំពុង​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជួរ​មន្ត្រី​ដឹក​នាំ​នៅ​តាម​ខេត្ត។ ដូច្នេះ​លោក​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​កាន់​តែ​កើន​ឡើង នៅ​ពេល​គាត់​ក្លាយ​ជា​មេ​ដឹក​នាំ​យុវជន​របស់​បក្ស។
លោក អេង ឆៃអ៊ាង ជឿថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ឈាន​ឡើង​ទៅ​ដល់​តំណែង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បើក​ផ្លូវ​ឱ្យ​គាត់​អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជំនួស​លោក ហ៊ុន សែន នៅ​ថ្ងៃ​ខាង​មុខ។
លោកបន្តថា៖ «ប្រធាន​យុវជន​នេះ គឺ​ ហ៊ុន សែន ដើម្បី​គាត់​ពង្រីក​ឥទ្ធិពល​ ហ៊ុន ម៉ាណែត នៅ​ក្នុង​ជួរ​ស៊ីវិល​ទៀត ព្រោះ​ឥលូវ​ហ្នឹង​អំណាច​យោធា អំណាច​ប្រដាប់​អាវុធ គឺ​ ហ៊ុន ម៉ាណែត កាន់​ពេញ​ដៃ​ហើយ ប៉ុន្តែ​នៅ​អំណាច​ស៊ីវិល។ នៅ​ក្នុង​ជួរ​អ្នក​ដឹកនាំ​ដែល​គេ​កំពុង​បញ្ជ្រាប​ចូល​កូន​អ្នក​ធំៗ ដែល​វ័យ​ស្របាល ហ៊ុន ម៉ាណែត ហ្នឹង​ ដើម្បី​ឱ្យ​​ពួក​ហ្នឹង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ ហ៊ុន ម៉ាណែត ដែរ។ ដូច្នេះ​ត្រូវ​តែ​ឱ្យ​លោក ហ៊ុន ម៉ាណែត ហ្នឹង​មក​ធ្វើជា​ប្រធាន​យុវជន ដើម្បី​គ្រប់​គ្រង​ផ្នែក​ស៊ីវិល​ឱ្យ​បាន​រឹង​​មាំ​​ថែម​ទៀត»
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​តែង​តាំង​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​តួនាទី​ធំ​នៅ​ក្នុង​បក្ស​រួច​​ទៅ​ហើយ​នោះ ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ថែម​ទៀត។ សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី៨ មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន ឱ្យ​ដឹង​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត​ ជា​មេដឹកនាំ​យុវជន​របស់​បក្ស​នេះ ធ្វើ​ឡើង​ផ្អែក​លើ​សមត្ថភាព​ និង​សំណូម​ពរ​របស់​មន្ត្រី​នៅ​ក្នុង​បក្ស ហើយ​ឆ្លង​កាត់​មតិ​យោបល់​ពី​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​ផង​ដែរ។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប៉ាន់ស្មាន​ថា យុវជន​គណបក្ស​របស់​លោក​អាច​មាន​ចំនួន​លើស​ពី ១លាន​នាក់ ក្នុង​ចំណោម​សមាជិក​សរុប​ជាង ៦លាន​នាក់ ទូទាំង​ប្រទេស។ លោក​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​ ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​បក្ស៖ «ការ​តែង​តាំង​នេះ​មិន​មែន​ចំពោះ​តែ​កូនៗ របស់​សម្តេចតេជោ​ ហ៊ុន សែន ទេ គឺ​កូន​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​តែង​តាំង​។ ពេល​ដែល​គណបក្ស​ប្រជាជន​កាន់​អំណាច​ គណបក្ស​ប្រជាជន​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុង​ការ​តែង​តាំង​យុវជន​ទំពាំង​ស្នង​ឫស្សី ហើយ​យុវជន​ហ្នឹង​ជា​កូន​ ជា​ចៅ ជា​ក្មួយ​របស់​ថ្នាក់ដឹកនាំ ឬមួយ​ក៏​ជា​សមាជិក​-សមាជិកា​របស់​គណបក្ស​ប្រជាជន ដើម្បី​កាន់​ការ​ងារ​​ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬមួយ​ក៏​ក្នុង​ជួរ​គណបក្ស»
ក្នុង​វ័យ​ជាង ៤២ឆ្នាំ លោក ហ៊ុន ម៉ាណែត មាន​ឋានន្តរសក្ដិ​ជា​ឧត្ដម​សេនីយ៍​ផ្កាយ៣ និង​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជូរ​កង​ទ័ព។ លោក​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​​សឹង​លើស​អគ្គ​មេបញ្ជាការ​កង​ទ័ព​ទៅទៀត ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​គណៈប្រតិភូ​យោធា​បរទេស ទាំង​នៅ​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ។
ចំណែក នៅ​ក្នុង​ជួរ​បក្ស​វិញ លោក​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤ នាក់ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​ចុះ​មូលដ្ឋាន​កៀរគរ​​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​ហើយ លោក​ ហ៊ុន ម៉ាណែត ក៏​កំពុង​​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ដែរ ប៉ុន្តែ​យុទ្ធនាការ​នេះ​ត្រូវ​បាន​សហគមន៍​ខ្មែរ​ចាត់​ទុក​ថា ជា​ការ​​បំបែក​បំបាក់​សាមគ្គីភាព​ក្នុង​​សហគមន៍​របស់​ពួក​គាត់។
អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់​ឡូត យល់​ថា ដំណែង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ទំនង​ជា​ត្រូវ​បាន​​រៀប​ចំ​ទុក​ឱ្យ​លោក ហ៊ុន ម៉ាណែត ជា​យូរ​មក​​ហើយ ព្រោះ​ចលនា​យុវជន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ខ្លាំង​ នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៣។ លោក​ថា តួនាទី​ជា​ប្រធាន​យុវជន​បក្ស នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន ម៉ាណែត កាន់​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​គណបក្ស​ និង​ជួរ​កងទ័ព។ ទោះ​ជា​យ៉ាង​ណា លោក​ជឿ​ថា បើ​កម្ពុជា​មាន​ការ​បោះឆ្នោត​តាម​បែប​​ប្រជាធិបតេយ្យ​មែន​​ លោក ហ៊ុន ម៉ាណែត ប្រហែល​ជា​មិន​អាច​ឈោង​ចាប់​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​ឡើយ ព្រោះ​គិត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​មាន​ស្នាដៃ​ជា​ដុំ​កំភួន​ឱ្យ​​ប្រជាពលរដ្ឋ​ទូទៅ​គាំទ្រ​នៅ​ឡើយ​ទេ៖ «ជា​អ្នក​ដែល​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស យើង​ទទួល​ស្គាល់​មួយ​ផ្នែក ប៉ុន្តែ​តើ​អ្វី​ជា​ស្នាដៃ​របស់​គាត់​កន្លងមក? ក្រៅពី​ស៊ី​កេរ​ឪពុក បាន​ន័យ​ថា ជា​ស្នាដៃ​ដែល​ឪពុក​ធ្វើ​កន្លង​មក​ គឺ​គាត់​ហាក់​​ដូច​ជា មិន​ទាន់​ឃើញ​មាន​លេច​ចេញ​ជា​ស្នាដៃ ឬ​ជា​លទ្ធផល​ណា​ (ធ្វើ​ឱ្យ) ប្រជាពលរដ្ឋ​ និង​យុវជន បង្ហាញ​ជំនឿ​ចិត្ត​ថា គាត់​សក្ដិសម​ជា​អ្នក​ដឹកនាំ​មួយ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»
លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មាន​កូន​ប្រុស​ម្នាក់​ទៀត​កំពុង​ដឹក​នាំ​ចលនា​យុវជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែរ។ នោះ​គឺ លោក ហ៊ុន ម៉ានី ដែល​ជា​សមាជិក​សភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក)។ បណ្ដាញ​យុវជន​របស់​លោក ហ៊ុន ម៉ានី នេះ មាន​សមាជិក​យ៉ាង​ហោច​ណាស់​ជាង ១៤ម៉ឺន​នាក់ ទូទាំង​ប្រទេស ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តួនាទី​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នេះ នឹង​មិន​ជាន់គ្នា​ជា​មួយ​លោក ហ៊ុន ម៉ានី ទេ ព្រោះ​លោក​ ហ៊ុន ម៉ាណែត ដឹកនាំ​យុវជន​របស់​គណបក្ស​ ចំណែក​លោក ហ៊ុន ម៉ានី ដឹកនាំ​យុវជន​ក្នុង​ទម្រង់​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល។
ទោះ​ជា​យ៉ាង​ណា នៅ​ពេល​​លោក ហ៊ុន ម៉ាណែត ក្លាយ​ទៅ​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា អ្វីៗ ហាក់​ស្តែត​កាន់​តែ​ច្បាស់​ថា គណបក្ស​នេះ​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន ពីព្រោះ​បុរស​ខ្លាំង​រូប​នេះ​ជា​ប្រធាន​គណបក្ស ​ដឹកនាំ​សមាជិក​ជំនាន់​មុន រី​ឯ​កូន​ប្រុស​ច្បង​ជា​ប្រធាន​យុវជន ដឹកនាំ​សមាជិក​ជំនាន់​ក្រោយ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង វាយ​តម្លៃ​ថា ​និន្នាការ​ចុងក្រោយ​នេះ​បង្ហាញ​ថា កម្ពុជា​កំពុង​រអិល​ធ្លាក់​ក្នុង​របប​ដឹក​នាំ​តាម​បែប​ផ្ដាច់​ការ​ត​វង្ស​ត្រកូល ដូច​ករណី​ប្រទេស​កូរ៉េ​ខាង​ជើង យ៉ាង​ដូច្នេះ​ដែរ។
ទន្ទឹមនេះដែរ តំណាងសង្គមសុីវិលនៅកម្ពុជា លោក គល់ បញ្ញាចាត់ទុកការតែងតាំងលោក ហ៊ុន ម៉ាណែត ខុសច្បាប់កងទ័ពនិងច្បាប់គណបក្ស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger