សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 24, 2023

កងទ័ពកម្ពុជា-ចិន ចាប់ផ្តើមបើកសមយុទ្ធនាគមាស ឆ្នាំ ២០២៣ ក្រោមអធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ កងទ័ពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ​សន្តិសុខ​ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង​ដើម្បី​​លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង​គំរាមកំហែង​ដល់នរណា ឬប្រទេសណាឡើយ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរ​ណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

លោកបន្តថា សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល​ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងារ​រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹង​បញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២​ដោយ​សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger