តុលាការក្រុងភ្នំពេញប្រកាសសាលក្រមកាត់ទោសឲ្យលោក កឹម សុខា ជាប់ពន្ធនាគារ២៧ ឆ្នាំ តែត្រូវឃុំខ្លួននៅក្នុងផ្ទះរបស់លោក ពីបទក្បត់ជាតិ តាមមាត្រា៤៣៩ និង៤៤៣ នៃក្រមព្រហ្មទណ្ឌ។
តុលាការនៅព្រឹកថ្ងៃទី៣ មីនា នេះ ក៏បានសម្រេចដកសិទ្ធិជាពលរដ្ឋ សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកសិទ្ធិនយោបាយរបស់លោក កឹម សុខា ជាដើម ហើយដាក់ឲ្យលោកស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗទាំងជនជាតិខ្មែរ និងជនបរទេស លើកលែងតែក្រុមគ្រួសាររបស់គាត់។
លើសពីនេះ តុលាការ ព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះដែលតុលាការរំលាយចោលកាលពីឆ្នាំ២០១៧ បំពានលក្ខខណ្ឌទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោកទៅឃុំនៅពន្ធនាគារភ្លាមៗ។ ក្រោយការប្រកាសសាលក្រមនេះ សមត្ថកិច្ច បាននាំខ្លួនលោក កឹម សុខា ទៅឃុំនៅផ្ទះរបស់លោកតែម្តង ដោយលោក កឹម សុខា មានទឹកមុខស្រពោន និងមិននិយាយអ្វីទាំងអស់។ តុលាការក៏បានទុកពេលឲ្យមេបក្សប្រឆាំងរូបនេះ ប្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់ដែរ។
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ រួមមានឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាដើម ដែលបានចូលស្តាប់ការប្រកាសសាលក្រមដោយផ្ទាល់នោះ បានសម្ដែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់តតុលាកានេះទេ៕
0 comments:
Post a Comment