លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ចៅស្រីលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបទទួលបានការតែងតាំងជាសមាជិកខុទ្ទកាល័យនៃក្រសួងរៀបចំដែនដី គឺជាអ្នកសិក្សាបានខ្ពង់ខ្ពស់មួយរូប ដោយបានបញ្ចប់ថ្នាក់អនុបណ្ឌិតមកពីប្រទេសអង់គ្លេស។
កូនស្រីបង្កើតលោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញច្បាប់ ពីសាកលវិទ្យាល័យ Queen Mary University of London នៃប្រទេសអង់គ្លេស និងទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០២២។
លោកស្រី អ៊ាង និធិជ្ជនី ដឺណេ កូនស្រីរបស់លោកស្រី ជា សុផាកន្នី បានចូលរោងជ័យចាប់ដៃគ្នាជាប្តីប្រពន្ធនឹងលោក ប៉ែន សំអាត សុទ្ធចិត្ត ដែលស្គាល់ថាជាកូនប្រុសរបស់លោកស្រី ហាក់ ស្រីទូច និងលោក ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។ ពិធីមង្គលអាពាហ៏ពិពាហ៏រៀបចំនៅភូមិគ្រឹះរបស់ឯកឧត្តមជា សុផារ៉ាដែលជាអតីតចៅហ្វាយក្រុងភ្នំពេញផងដែរហើយពិធីជប់លៀងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
ក្រោយចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេសនៃតំបន់អឺរ៉ុប លោកស្រី អ៊ាង និធិជ្ជនី ដឺណេ បានចាប់ផ្តើមប្រឡូកក្នុងវិថីការងារលើផ្នែកសាធារណៈ ដោយបានសិក្សាស្វែងយល់ពីក្រសួងរៀបចំដែនដី ស្ទើរតែគ្រប់ផ្នែកទាំងអស់។ ដោយឃើញពីភាពឧស្សាហ៍ព្យាយាម ការខិតខំប្រឹងប្រែង និងមានចំណេះដឹងខ្ពង់ខ្ពស់ផងនោះ លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រេចតែងតាំងជា សមាជិកខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣៕
0 comments:
Post a Comment