(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកមានកាំភ្លើងខ្លីមួយដើមនៅជាប់ខ្លួនជានិច្ច ប៉ុន្តែមិនមែនដើម្បីទុកសម្រាប់បាញ់សម្លាប់ខ្លួនឯងទេ ហើយបានអះអាងថា លោកនឹងតស៊ូប្រយុទ្ធដល់ស្លាប់ជាមួយក្រុមមនុស្សជំនិតរបស់លោក ប្រសិនបើកងកម្លាំងរុស្សុីបានសម្រុកចូលដល់ការិយាល័យធ្វើការរបស់លោក នៅឯរដ្ឋធានីកៀវ កំលុងពេលសង្រ្គាមផ្ទុះឡើងដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ខ្ញុំចេះបាញ់កាំភ្លើង។ តើអ្នកអាចស្រមៃឃើញទេ នូវចំណងជើងព័ត៌មានមួយថា 'ប្រធានាធិបតីអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្សុី។ វាគឺជារឿងដ៏អាម៉ាស ខ្ញុំជឿថាវានឹងជារឿងដ៏គួរឱ្យអាម៉ាស់»។
កំលុងប៉ុន្មានថ្ងៃដំបូងក្រោយការឈ្លានពានរបស់រុស្សុីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្រ្តីអ៊ុយក្រែនបានអះអាងថា កងអង្គភាពចារកម្មរបស់រុស្សុី បានព្យាយាមជ្រៀតចូលទីក្រុងកៀវ ប៉ុន្តែត្រូវបានកម្ចាត់ ជាហេតុនាំឱ្យមិនអាចទៅដល់វិថី បានកូវ៉ា (Bankova) នៅឯកណ្តាលទីក្រុង និងជាទីដែលការិយាល័យប្រធានាធិបតីអ៊ុយក្រែនស្ថិតនៅ។ រីឯកងកម្លាំង
រុស្សុីដទៃទៀត បានបើកការវាយប្រហារនៅជាយទីក្រុងកៀវ ប៉ុន្តែមិនអាចរុលចូលឆ្ងាយជាងនោះបាន។ មិនតែប៉ុណ្ណោះ ក្រុមមន្រ្តីអ៊ុយក្រែនក៏បានរាយការណ៍អំពី ការប៉ុនប៉ងធ្វើសកម្មភាពវិច្ឆេទកម្មមួយចំនួន ដែលទទួលបរាជ័យនៅក្នុងទីក្រុងកៀវផងដែរ។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ប្រសិនបើពួករុស្សុីបានចូលមកដល់ក្នុងការិយាល័យ គឺពួកយើងប្រហែលជាមិននៅរស់ឡើយ។ គ្មាននរណាម្នាក់នឹងអនុញ្ញាតឱ្យខ្លួនពួកគេ ត្រូវចាប់ជាឈ្លើយសឹកនោះទេ ព្រោះពួកយើងបានត្រៀមលក្ខណៈការពារវិថី បានកូវ៉ា យ៉ាងមុតមាំបំផុត។ យើងច្បាស់ជានឹងស្ថិតនៅទីនោះរហូតដល់ដង្ហើមចុងក្រោយ»។
ដោយឡែក នៅពេលសាកសួរថាតើរូបលោក មានកាំភ្លើងខ្លី ហើយបានហាត់ប្រើប្រាស់វាដែរឬអត់នោះ លោក ប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបថា លោកមាននៅជាប់ខ្លួនហើយក៏បានហ្វឹកហាត់ប្រើវាដែរ ខណៈទន្ទឹមគ្នា លោកបានបដិសេធការសង្ស័យថា រូបលោកអាចនឹងប្រើកាំភ្លើងនោះដើម្បីបាញ់សម្លាប់ខ្លួនឯង ជាជាងត្រូវក្លាយខ្លួនជាចំណាប់ខ្មាំង៕
0 comments:
Post a Comment