សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 24, 2023

ធនាគារ​អេស៊ីលីដា​ខេត្ត​កំពង់ឆ្នាំង​ប្តឹង​ពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​សងបំណុល​ទៅ​តុលាការ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ធនាគារ​អេស៊ីលីដា (ACLEDA) សាខា​ខេត្ត​កំពង់ឆ្នាំង ប្តឹង​ពលរដ្ឋ​មួយ​គ្រួសារ​ទៅ​តុលាការ​ក្នុង​ករណី​មិន​មាន​លទ្ធភាព​សងបំណុល​ក្នុង​ទឹកប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ។ ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ចរចា​រក​ដំណោះ ស្រាយ​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ធនាគារ​អេស៊ីលីដា​ខេត្ត​កំពង់ឆ្នាំង បាន​ប្តឹង​ពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​សង​បំណុល​ទៅ​តុលាការ​ហើយ​អាច​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ។

សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​ចេញ​ដីកា​នៅ​ថ្ងៃទី​១៧ ខែ​មេសា តម្រូវ​ឱ្យ​លោកស្រី មាស មាម្លិះ និង​លោក ច័ន្ទ រង្ស៊ី ជា​ប្តី​ប្រពន្ធ​ត្រូវ​ចូលខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ខាងមុខ ដើម្បី​បន្ត​នីតិវិធី​តាម​បណ្តឹង​របស់​ធនាគារ​អេស៊ីលីដា។

ប៉ុន្តែ​ដោយសារតែ​មិនអាច​រក​ប្តី​ប្រពន្ធ​នេះ ឃើញ​ទើប​តុលាការ​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៀត​នៅ​ថ្ងៃទី​១៩ ខែមេសា ដោយ​ផ្សព្វផ្សាយ​ដីកា​នោះ​ជា​សាធារណៈ ហើយ​សន្មត​ថា សាមី​ខ្លួន​បាន​ទទួល។

នាយិកា​ធនាគារ​អេស៊ីលីដា ខេត្ត​កំពង់ឆ្នាំង អ្នកស្រី សៅ សុវណ្ណីដា មិន​បកស្រាយ​លើ​ដំណើរការ​រឿង​នេះ​ទេ​គ្រាន់តែ​បញ្ជាក់​ថា ក្រុម​ការងារ​របស់​អ្នកស្រី​ពិត​ជា​បាន​ប្តឹង​មែន។

ចំណែក​ប្រធាន​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស​លោក អ៊ិន ចាន់នី ក៏​មិន​បកស្រាយ​ពី​ដំណើរ​រឿង​ក្តី​នេះ​ដែរ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ជា​រឿង​ធម្មតា ហើយ​ប្រទេស​ណា​ក៏​មាន​ករណី​ធនាគារ​ប្តឹង​អតិថិជន​ដែរ។

លោក អ៊ិន ចាន់នីបន្តថា៖ «អាហ្នឹង​ជា​រឿង​ធម្មតា​របស់​ធនាគារ​តើស​នៅក្នុង​សកលលោក​គេ​ធ្វើ​អ៊ីចឹង»។

មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សមាគម​ធនាគារ​កម្ពុជា លោក សុខ ចាន់ ថ្លែង​ថា លោក​មិន​បាន​ដឹង​ករណី​ធនាគារ​អេស៊ីលីដា នៅ​កំពង់ឆ្នាំង​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​នេះ​ទេ។ ចំពោះ​ចំនួន​បណ្តឹង​ដែល​ធនាគារ​ជា​សមាជិក សមាគម​របស់​លោក​ប្តឹង​ពលរដ្ឋ ទៅ​តុលាការ​ចំនួន​ប៉ុន្មាន​ករណី​ក្នុង​ឆ្នាំ​២០២៣​នេះ ក៏​លោក​មិន​បាន​ដឹង​ដែរ។

បញ្ហា​បំណុល​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅ​ក្នុង​សង្គម ស្រប​ពេល​ដែល​កសិករ​ដាំ​ដំណាំ ហើយ​មិន​មាន​ទីផ្សារ កម្មករ​រោងចក្រ​កាត់ដេរ​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បន្ត​បិទទ្វារ។

ចំណែក​បុគ្គលិក​ស្ថាប័ន​ផ្តល់​កម្ចី ក៏​តែងតែ​រង​ការ​ចោទ​ប្រកាន់​ថា បាន​បំភិតបំភ័យ​គំរាមកំហែង​ពលរដ្ឋ​ជា​កូនបំណុល​ឱ្យ​លក់​ផ្ទះ​ជាទី​ជម្រក​ស្នាក់នៅ​ដើម្បី​សងបំណុលគឺ​សូម្បីតែ​អំឡុង​ពេល​វិបត្តិ​កូវីដ​-19ក៏​មាន​បញ្ហា​នេះ​ដែរ។ ឥទ្ធិពល​នៃ​បំណុល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រត់​ចោល​ស្រុក ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេងៗ ឬ​ធ្វើ​ពលករ​ចំណាកស្រុក ហើយ​កូនៗ​ពួកគេ​បាត់បង់​ការសិក្សា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា ថ្លែង​ថា លោក​មិន​ដឹង​ថា ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ខេត្ត​នេះ ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ប៉ុន្មាន​ករណី​ទេ គ្រាន់តែ​ដឹង​ថា មានការ​ប្តឹង​បន្តបន្ទាប់។

លោក សំ ចាន់គា ជំរុញ​ឱ្យ​ពលរដ្ឋ​ជា​កូនបំណុល និង​ស្ថាប័ន​ផ្តល់​កម្ចី​ព្យាយាម ចរចា​រក​ដំណោះស្រាយ​។ លោក​បារម្ភ​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក នេះ បើ​មានការ​ប្តឹងផ្តល់​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​លំបាក​វេទនា។

លោក សំ ចាន់គាបន្តថា៖ «គាត់​អាច​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​គាត់​ដើម្បី​សងបំណុល​គេ អ៊ីចឹង​គាត់​ត្រូវ​បាត់​ជម្រក​ហើយ។ ទី​២​ក្រុម​គ្រួសារ​គាត់​ត្រូវ​បាន​បែកបាក់​ព្រាត់​ប្រាស់​មួយ​ទៅ​ឆ្វេង មួយ​ទៅ​ស្តាំ ។ ទី​៣​នៅពេល​គ្រួសារ​បែកបាក់​កូនចៅ​ត្រូវ​បោះបង់​សាលា កូន​ក្មេង​ដែល​ត្រូវ​ការ​រៀនសូត្រ​នោះ​ត្រូវ​បាត់បង់​ហើយ»។

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​កុំ​ឱ្យ​ស្ថាប័ន​ផ្តល់​កម្ចី​រឹបអូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ជួប​ការ​លំបាក​នេះ។

លោក ហ៊ុន សែនបញ្ជាក់ថា៖ «ទាក់ទិន​នឹង​ការ​អំពាវនាវ​ឱ្យ​មីក្រូហិរញ្ញវត្ថុ កុំ​មាន​ការ​រឹបអូស កុំ​មាន​ការ​ចាប់​ចង​ស្អីៗ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត»។

ជុំវិញ​ករណី​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​នៅ​ខេត្ត​កំពង់ឆ្នាំង សាស្ត្រាចារ្យ និង​ជា​ទីប្រឹក្សា​ច្បាប់ លោក ស៊ឹម វិបុល លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ជា​កូន​បំណុល​ចេញ​មុខ​តតាំង​នៅ​តុលាការ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន។

លោក ស៊ឹម វិបុលបន្តថា៖ «ក្នុង​រឿង​កិច្ចសន្យា​ខ្ចីប្រាក់​ជា​រដ្ឋប្បវេណី​ទេ ខ្ញុំ​ថា គួរ​ចូល​តែបើ​អត់​ចូល​គេចខ្លួន​ទៅជា​បទល្មើស​មួយទៀត។ អ៊ីចឹង​គួរតែ​តតាំង​ទៅ​សុំ​តុលាការ​អ៊ីចឹង ទៅ​បង្ហាញ​គេ​ទៅ​ថា​យើង​នៅតែ​មាន​ចេតនា​ក្នុង​ការ​សង»៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger