សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 28, 2019

លោក សម រង្សុី ដាក់បន្ទុកលើលោកហ៊ុន សែនឲ្យទទួលខុសត្រូវ បើកម្ពុជា បាត់បង់EBA តែលោក ហ៊ុន សែនថាកម្ពុជា មិនឳន ក្បាលចំពោះបរទេសទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសថ្កោលទោស និងដាក់បន្ទុកទៅលើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រសិនបើ កម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា ប្រព័ន្ធ EBA (Everything But Arms) របស់អឺរ៉ុបមែននោះ។
យោងតាមវីដេអូបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានថ្លែងសារ នយោបាយពីសភាអឺរ៉ុប នៅទីក្រុងព្រុចសែល​ ប្រទេសបែលហ្ស៊ិក ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ប្រសិនបើកម្ពុជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធ EBA នោះ។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា និងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួម ប្រកួតប្រជែងការបោះឆ្នោត។

​លោក សម រង្ស៊ី បន្ត​ថា ដើម្បីរក្សាប្រព័ន្ធ EBA និងធានាការងារជូនកម្មករនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបើកលំហូរប្រជាធិបតេយ្យ និងគោពសិទ្ធិមនុស្សពិតប្រាកដ ដូចជា អនុញ្ញាតឲ្យ គណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងធានានូវ សិទ្ធិសេរីភាពផ្សេងទៀតតាមការចង់បានរបស់សហគមន៍អន្ដរជាតិ។

លោក សម រង្ស៊ី ថ្លែងថា៖ «បើលោក ហ៊ុន សែន មិនព្រមធ្វើតាមសំណើរបស់អឺរ៉ុបទេ គឺលោក ហ៊ុន សែន ហ្នឹងហើយជាអ្នកទទួលខុសត្រូវ ធ្វើឲ្យកម្មករបាត់បង់ការងារ ឲ្យប្រជាពលរដ្ឋជួបការលំបាក គឺលោក ហ៊ុន សែន ហ្នឹងហើយអ្នកទទួលខុសត្រូវ។ មានអីពិបាក ដោះលែងលោក កឹម សុខា មាន អីពិបាក ឥឡូវទម្លាក់ចោលការចោទប្រកាន់វិញទៅ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ទៅ មានអីពិបាក»។

បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងនៅព្រឹកនេះថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ ប្រទេសណាមួយនោះឡើយ ហើយក៏មិនផ្តល់ឱកាសសម្រាប់ឱ្យបរទេស មកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុង របស់កម្ពុជាដែរ។

ការអះអាងនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្សុីដែលកំពុងជម្រុញឲ្យសហភាពអឺរ៉ុបដាក់សម្ពាធមកលើរដ្ឋាភិបាលលោក ហ៊ុន សែនថែមទៀត ពីករណី EBA។

ក្នុងពិធីអបអរសាទរខួបកំណើតបក្សលើក៦៨នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រមុខ គណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងបញ្ជាក់ដូច្នេះ «យើងមិនត្រូវឱនក្បាលចំពោះមុខ ការគាបសង្កត់ ឫការគំរាមកំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួចហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត ពីសំណាក់ប្រទេសក្រៅ។ ការ មិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង»៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger