ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ
និងកងកម្លាំង ប្រដាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ ទី០២
ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី
និងកងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែម ទៀតផង។
អំពើពុករលួយត្រូវបានគេមើលឃើញថា
ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការ អភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន។
ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានបុរសខ្លាំងហ៊ុន
សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។
ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃចន្ទ
ដើមសប្តាហ៍នេះ បុរសខ្លាំង ហ៊ុន សែន ក៏បានប្រកាសដែរថា លោកនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ
ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។
នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង
និងចាប់ខ្លួនជាដើម ព្រោះ តែការប្រព្រឹត្តអំពើពុករលួយ។ នៅពេលថ្មីៗនេះ ប្រធាន អនុប្រធាន
និងមន្ត្រីនៅមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន
បន្ទាប់ពីពួកគេបាន ឃុបឃិតគ្នាជម្រិតទារលុយពីអ្នកវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាតឱ្យសាងសង់ រោងចក្រ។
មកដល់ពេលនេះមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំង៣រូបនេះ
ត្រូវបានតុលាការចោទប្រកាន់ និងចេញ ដីកាឃុំខ្លួនពួកគេនៅពន្ធនាគារផងដែរ។
ទោះជាយ៉ាងណា
នៅកម្ពុជាមិនមែនមានតែជនពុករលួយតែ៣នាក់នេះទេ ជាពិសេសក្រុមមន្ត្រីជា មានងារជាឧកញ៉ាហើយជាឈ្មួញឈើដូចជាឧកញ៉ា
គង់ ក្រឹងនៅស្រុកស្នួលខេត្តក្រចេះ ជាដើម មិនទាន់ត្រូវបានសមត្ថកិច្ចណាហ៊ានសាកសួរពីមុខជំនួញឈើរបស់មន្ត្រីយោធារូបនេះឡើយ
បើទោះជាឧកញ៉ា សឹង សំអុលជាមេឈ្មួញឈើនៅខេត្តមណ្ឌលគិរីត្រូវបានចាប់ខ្លួនក៏ដោយ។
ដូច្នេះ ទៅថ្ងៃអនាគត តើរដ្ឋាភិបាលនឹងទុកឲ្យមេឈ្មួញគង់ ក្រឹងបន្តកាប់បំផ្លាញព្រៃឈើទៀត ឬយ៉ាងណា?៕



0 comments:
Post a Comment