សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 1, 2019

តុលាការមណ្ឌលគិរីកោះហៅរដ្ឋលេខាធិការកសិកម្មម្នាក់ទៀត លោក ចាន់ សាវុឌ្ឍ ឲ្យចូលបំភ្លឺ ពាក់ព័ន្ធរឿងដីធ្លីជិត១មុឺនហិកតា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



​ភ្នំពេញ ​៖ នៅថ្ងៃ ទី ១២ កញ្ញាខាងមុខនេះ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច លោក ចាន់ សា​វុ​ឌ្ឍ ត្រូវបាន​លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កោះហៅ​ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្ត មណ្ឌលគិរី​។​

​តាម​លិខិត​របស់ លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ចុះ​ថ្ងៃទី​២៧​សីហា បាន​តម្រូវ​ឲ្យ​លោក ចាន់ សា​វុ​ឌ្ឍ ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក ហើយ​ការកោះហៅ​នេះ​ពាក់ព័ន្ធ​ទៅនឹង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្ត​មណ្ឌលគិរី ជំហាន​ទី​១ ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា​, អនុតំបន់ III ចំនួន​២០០០ ហិកតា​, អនុតំបន់ IV ចំនួន​២,០០០ ហិកតា និង​អនុតំបន់ V ចំនួន​២,៧៤១ ហិកតា សរុប​៩៧៤១​ហិកតា​។​

​សូមបញ្ជាក់ថា ទាក់ទង​ករណីនេះ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវបាន​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កោះហៅ​ឲ្យ​ចូល​បំភ្លឺ​រួច​ម្ដង​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២១​សីហា ពី​ដំណើររឿង​ផ្តល់​ដី​ទំហំ​៩,៧៤១ ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​ក្រោយ​ការបំភ្លឺ​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិនមាន​ការចាប់ខ្លួន​នោះទេ ហើយ​ការបោះ​ហៅ​លោក ចាន់ សា​វុ​ឌ្ឍ ចូល​បំភ្លឺ​នេះ ត្រូវបាន​ប្រភព​មួយចំនួន​អះអាងថា ដោយសា​លោក ឡោ រស្មី ឆ្លើយ​ដាក់ តែ​គេ​រង់​ចាំមើល​ចំណាត់ការ​លើ​រឿងនេះ នឹង​ទៅជា​បែបណា​។​

​ជា​កាត​កត់សម្គាល់ ចំណាត់ការ​របស់​តុលាការខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​មើលឃើញថា កើត ឡើង​ក្រោយ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​

ដោយ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​។ ចំណែក​លោក ឡោ រស្មី ត្រូវបាន​សង្ស័យថា បាន​អនុញ្ញាត​ផ្តល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក​ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ក្រុមហ៊ុន​នេះ មានការ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​។​

​បន្ទាប់ពី​ចាប់ផ្តើម​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ ក្រៅពី​លោក ឡោ រស្មី ក៏​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​, ថៅកែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ជនជាតិ​ចិន​, មន្ត្រី​ក្រសួង​បរិស្ថាន និង​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាង​២០​នាក់​ទៀត ក៏ត្រូវ​តំណាង​អយ្យការ​កោះ​ហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ផងដែរ ខណៈដែល​ឧកញ៉ា ស៊ឹង សំអុល​, ឧកញ៉ា គង់ គ្រឹ​ង ថៅកែ​ឈើ​ប្រចាំ ខេត្ត​មណ្ឌលគិរី និងខេត្តក្រចេះនិង​កូនចៅ​មួយចំនួនទៀត រួមជាមួយ​មន្ត្រី​ជំនាញ​ព្រៃឈើ និង​ជនជាតិ​វៀតណាម​មួយ​ចំនួន ត្រូវបាន​តុលាការខេត្ត​មណ្ឌលគិរី និងខេត្តក្រចេះចាប់ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ​។
 
ទោះជាយ៉ាងណា ក៏មិនទាន់មានប្រភពបង្ហាញពីឈ្មោះរបស់ម្ចាស់ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក​ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្ត​មណ្ឌលគិរីនេះ នៅឡើយរហូតមកដល់រសៀលថ្ងៃនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger