សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 2, 2019

លោកសម រង្សុីប្រហែលមិនអាចចូលមកកម្ពុជាបានទេ នៅថ្ងៃ ៩ វិច្ឆិកា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ខណៈនៅសល់ពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការធ្វើមាតុភូមិនិវត្តន៏ របស់លោក សម រង្សុី ស្រាប់តែរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ហាម​ក្រុមហ៊ុន​យន្តហោះ ទាំងអស់ដឹក​
លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា និង​ព្រមាន​ចោទ​ក្រុមហ៊ុន​យន្តហោះ​នោះថា ចូលរួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​នឹង​បម្រាម​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ហៅ​វិធានការ​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ខ្លាច​វត្តមាន លោក សម រង្ស៊ី។ អ្នក​វិភាគ​ថា វិធានការ​នេះ ​ជា​ការ​​បំភ័យ​​ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំគណបក្ស​​សង្គ្រោះ​ជាតិរូបនេះ។

មន្ត្រី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ អះអាង​ថាការ​ហាម​យន្តហោះ​ដឹក​លោក សម​ រង្ស៊ី និង​បក្ខ​ពួក ដោយ សារមាន​​​សាល​ដីកា​សម្រេច​ទោស​ពី​តុលាការ ហើយវាជា​​ជា​កាតព្វកិច្ច​ត្រូវ​​ការពារ​អ្នក​ដំណើរ និង​ស្ថិរភាព សន្តិសុខ​នៅ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន អះអាង​ថា អាកាសចរណ៍​ស៊ីវិល បាន​ហាមប្រាម​ក្រុមហ៊ុន​យន្តហោះ​រួច​ហើយ។ បើ​មាន​ក្រុមហ៊ុន​ណា ឬ​អ្នក​បើក​យន្តហោះ​ណា​ហ៊ាន​ដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក​មាន​សាលដីកា ក្រុមហ៊ុន​នោះ នឹង​ប្រឈម​វិធានការ​ច្បាប់ គឺ​ត្រូវ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់។​ លោក​ព្រមាន​ថា បើ​មាន​ក្រុមហ៊ុន​យន្តហោះ​ណា​ល្មើស ​គឺ​​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន​យន្ត​ហោះ​ទាំង​អស់ នឹង​ត្រូវ​ចោទ​ប្រកាន់។ លោក​ថា ការ​ដាក់​បទ​បញ្ជា​នេះ​ គឺ​ជា​ច្បាប់​ពី​ថ្នាក់​លើ ហើយ​រដ្ឋ​លេខាធិការដ្ឋាន មាន​កាតព្វកិច្ច​ត្រូវ​គោរព​ និង​អនុវត្ត​តាម។ លោកបន្តថា៖ «ក្រុម​ហ៊ុន​អស់​ហ្នឹង​ក៏​គាត់​មិន​ហ៊ាន​ដឹក​ដែរ។ មិន​អាច​ក្រុមហ៊ុន​យន្ត​ហោះ​ណា​ទៅ​ដឹក​អ្នក​ទោស​ម្ដេច​កើត។ ឲ្យ​តែ​មាន​ជាប់​ទោស​គេ​មិន​អាច​ដឹក​តាម​យន្ត​ហោះ​បាន​ទេ។ បើ​យើង​ដឹង​ថា ជន​ហ្នឹង មាន​បញ្ហា​ធ្ងន់ធ្ងរ​ បើ​យើង​ទៅ​ដឹក​ទៀត បាន​ន័យ​ថា យើង​ចូល​រួម​គំនិត​ជាមួយ​អ្នក​អស់​ហ្នុង។ អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង​ក៏​ត្រូវ​ទទួល​ទោស​ដែរ តាម​ច្បាប់​​​ណា។ អា​​ហ្នឹង​ Pilot (អ្នក​បើក​យន្តហោះ) ហ្នឹង ក៏​ពីឡុត​ហើយ គាត់​អាច​មិន​ដឹង ក៏​ប៉ុន្តែ​ក្រុមហ៊ុន​គាត់​ត្រូវ​ដឹង។ អ៊ីចឹង​វា​រឿង​ពាក់ព័ន្ធ​ទាំង​អស់​ អ៊ីចឹង​ក្រុមហ៊ុន គាត់​ដឹង​ហើយ គាត់​មាន List (បញ្ជី) ឈ្មោះ​របស់​គាត់​ហើយ»។

បម្រាម​ថ្មី​នេះ ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​របស់​បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រី កាល​ពី​ឆ្នាំ ២០១៧ ដែល​​បញ្ជា​ឱ្យ​លុប​ចោល​បម្រាម​ហាម​មិន​ឲ្យ​យន្តហោះ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា​វិញ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ហៅ​​ការ​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​នេះ​ថា ជា​ការ​បង្ហាញ​ភាព​ភ័យខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

មេ​ដឹក​នាំ​បក្ស​ប្រឆាំង ៩នាក់ ដែល​​តុលាការ​របដ្ឋាភិបាលក្រុង​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​​បាន​ស្នើសុំ​ឲ្យ​ប្រទេស​អាស៊ាន​ជួយ​ចាប់ គឺ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និង​អ្នក​ស្រី ជូឡុង សូមូរ៉ា។ ​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក ជា អូន បញ្ជាក់​ថា ​​ឲ្យ​តែ​ជា​អ្នក​ទោស គឺ​យន្តហោះ​ មិន​អាច​ដឹក​ចូល​កម្ពុជា​បាន​ឡើយ។

ទន្ទឹមនឹងនេះដែរ កងកម្លាំងចម្រុះ មានយោធា ប៉េអឹម និង នគរបាលរាប់ពាន់នាក់បានកំពុងដាក់ ពង្រាយនៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីរារាំងដំណើរ មាតុភូមិនិវត្តន៍របស់លោក សម រង្សុីនិងអ្នកហែហមលោក។ ដូច្នេះលោក សម រង្សុីនិង មន្ត្រីអមដំណើរលោកប្រហែលមិនអាចវិលចូលមាតុប្រទេសរបស់ខ្លួនបានទេ នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger