សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, May 30, 2023

អាជ្ញាធរខេត្តរតន:គិរីបើកដៃឲ្យមេឈ្មួញឈើហូវ ជីវ៉ៃកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កែវសីមានិងកោះញែកយ៉ាងពេញបន្ទុក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

មេឈ្មួញកាប់បំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាករកសុីតែមួយរយៈខ្លី ឥឡូវដំណើរការយ៉ាងរលូនឡើងវិញហើយ ដោយគ្មានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថានកងរាជអាវុធហត្ថនិងស្នងការនគរបាលខេត្ត រតន:គិរីឡើយ។

ការកាប់ព្រៃឈើរួចដឹកយកទៅលក់នៅស្រុកយួនជារៀងរាល់យប់ដោយគ្មានការរំខានពីអាជ្ញាធរខេត្តរតនគិរីដែលមានលោក ញ៉ែម សំអឿនជាចៅហ្វាយខេត្តនោះ គឺជាទង្វើខុសច្បាប់និងឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងខេត្តភាគឥសាន្តនេះ។

 ឧក្រិដ្ធជនព្រៃឈើជើងខ្លាំងរូបនេះគឺផ្អាកដំណើរការដឹកជិញ្ជូនឈើយកទៅលក់នៅស្រុកយួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយឥឡូវនេះ ឈ្មោះ ហូវ ជីវ៉ៃដំណើរការរត់ពន្ធឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលួនធម្មតាឡើងវិញ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន "ជាតិខ្មែរ" ថាមេឈ្មួញដ៏ល្បីប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតន:គិរីជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរីស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ២៤៣ នៃស្រុកកែវសីមា និង គីឡូម៉ែត្រលេខ៥៣ ក្នុងឃុំតាអងក្នុងស្រុកកែវសីមា។

ចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនព្រៃឈើ ហូវ ជីវ៉ៃបានជួលប្រជាពលរដ្ឋឲ្យកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេការមើលកម្មករនៅចំណុចនោះមានឈ្មោះ "ម៉ាប់" ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត នៅក្នុងខេត្តសម្បូរព្រៃឈើនេះ។

ប្រភពដែលស្និទនឹងមេឈ្មួញឈើរូបនេះ  សុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាជនបំផ្លាញព្រៃឈើ ហូវ វ៉ៃរូបនេះគ្មានមន្ត្រីណាហ៊ានរារាំងទប់ស្កាត់ឡើយព្រោះគេបានរត់ការនិងសូកលុយដល់មន្ត្រីជំនាញ តាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំុំ ស្រុក និងខេត្តរតនគិរីរួចអស់ហើយ ។

បើសិនចង់ឲ្យមានការបង្ក្រាបមេឈ្នួញឈើ ហូវ ជីវ៉ៃឲ្យមានប្រសិទ្ធភាពទាល់តែមានការចូលរួមពីលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទ និងលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេស។   

សូមអស់លោកជួយអន្តរាគមន៍និងដាក់កម្លាំងអធិការកិច្ចចំម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តរតនគិរីជាបន្ទាន់ បើសង្ឃឹមលើមន្ត្រីថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋានក្នុង ខេត្តរតនគិរីគឺពួកគេបានទទួលសំសូកលុយរាប់មុឺនដុល្លារពីឧក្រិដ្ឋជនព្រៃឈើដ៏ល្បីឈ្មោះហូវ ជីវ៉ៃនេះអស់ហើយ។

សូមអស់លោកមន្ត្រីក្នុងជួររាជរដ្ឋាភិបាលមេត្តាជ្រាបនិងចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះ បើពុំដូច្នោះទេព្រៃឈើអភិរក្សនៅតំបន់ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែកដែលស្ថិតនៅលើផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគិរីនេះនឹងរលាយវិនាសសាបសូន្យ ដោយស្នាដៃ មេឈ្មួួញឈើ ហូវ ជីវ៉ៃអស់ជាពុំខាន៕














0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger