សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 28, 2017

លោកប្រេដ អាដាមស៍ចេញមុខទះកំភ្លៀងលោកសុខ ឥសាន ទាក់ទងរឿងចាប់តំណាងរាស្ត្រ អាមេរិក៣រូប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសុខ ឥសាន និងលោកប្រេដ អាដាមស៍ឆ្លើយឆ្លងគ្នា ពីករណីប្រៀបធៀបការ
ចាប់ខ្លួនតំណាងរាស្ត្រអាមេរិក និងករណីលោកកឹម សុខា។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឲ្យ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន សិក្សា​ឲ្យ​បាន​លម្អិត និង កុំ​ហា​ស្ដី​អ្វី​ ឲ្យ​រួច​តែមាត់ ព្រោះ​ការ​និយាយ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​បែបនេះ វា​នាំ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​របស់​មន្ត្រី​ទាំងនោះ តែប៉ុណ្ណោះ។
លោកថា៖ «មន្ត្រី​រូប​នេះ ជា​គំរូ​នៃ​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ហែហម​លោក​ ហ៊ុន​ សែន គឺ​ពូកែ​ខាង​និយាយ​សម្ដី​ឥត​បាន​ការ ខំ​ប្រឹង​ប្រៀបធៀប​អ្វី​ដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក ទៅ​នឹង​ស្រុក​ខ្មែរ។ បើ​គាត់​មិន​ចង់​ក្លាយ​ជា​មនុស្ស​ខ្វះ​ការ​យល់​ដឹង​ជាង​នេះ​ទៀត​ទេ គាត់​គួរ​បើក​មើល​គេហទំព័រ​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ថា​តើ​អង្គការ​នេះ និយាយ​អ្វី​ខ្លះ​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក។ យើង​មិន​ដែល​នៅ​ស្ងៀម​ទេ ពេល​សហរដ្ឋអាមេរិក រំលោភ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»
លោកប្រេដ អាដាមប្រតិកម្មបែបនេះ បន្ទាប់ពីមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ដាក់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស អ្នក​វិភាគ​ រួម​ទាំង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ផង​ថា នៅ​ស្ងៀម​ស្ងាត់ ពេល​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​អាមេរិក កាលពី​ពេល​ថ្មីៗនេះ​។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថា​ការ​ចំអក​បែប​នេះ បង្ហាញ​ថា មន្ត្រី​នៅ​ក្បែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ចំណេះដឹង​ទូទៅ​នៅ មាន​កម្រិត​នៅឡើយ។
កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កន្លង​ទៅ​នេះ តំណាងរាស្រ្ត​អាមេរិក​បី​រូប និង​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​ក្រុង​ញូវយ៉ក (New York) ផង ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ដោយ​អហិង្សា មិនព្រម​ចាក​ចេញ​ពី​ផ្លូវ​លេខ​៥ នៅមុខ​អគារ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) នៅ​ទីក្រុង​ញូវយ៉ក។ ពួកគាត់​តវ៉ា​ ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បញ្ជា​ឲ្យ​បញ្ជូន​កូនៗ​របស់​​ជន​អន្តោប្រវេសន៍ ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ។
ប្រតិកម្ម​របស់​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​លោក សុខ ឥសាន កាលពី​ថ្ងៃ​ទី ២១ ខែ កញ្ញា ថ្លែង​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​គាត់ ដោយ​ចំអក​ដាក់​លោក ប្រ៊ែដ អាដាម ដោយ​ហៅ​លោក ថា​ជា៖ «មេ​ក្លោង​សិទ្ធិមនុស្ស ទៅ​ណា​បាត់​អស់​ហើយ​ មាន​បាន​បើក ភ្នែក​មើល​សិទ្ធិមនុស្ស​នៅ សហរដ្ឋអាមេរិក ដែរ​ប្ញទេ
លោក សុខ ឥសាន សរសេរ​បន្ត​ ថា​តំណាងរាស្ត្រ​បីរូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គឺ​ជា​តំណាងរាស្ត្រ​ពី​គណបក្ស​សាធារណៈ​រដ្ឋ​ របស់​លោក ដូណាល់ ត្រាំ និង​ត្រូវ​បាន​ចាប់​ខ្លួន​ ទាំង​មាន​អភ័យឯកសិទ្ធិសភា​ទៀត​ផង។ ដោយ​អត់​ទ្រាំ​នឹង​ការ​ឆ្លើយ​តប​មិន​ទាន់​ពេល លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៤ ខែ​កញ្ញា​ ថែម​ទៀត ដោយ​ម្ដង​ណេះ វាយប្រហារ​រហូត​ដល់​វិទ្យុ​អាស៊ីសេរី ដែល​មិន​បាន​ផ្សាយ​រឿង​ចាប់​តំណាងរាស្រ្ត​នៅ​អាមេរិក​នេះ។ លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​នោះ​ ដកស្រង់​សម្ដី​ថា៖ «នៅ​ពេល​ចាប់​តំណាងរាស្ត្រ​នៅ​កម្ពុជា វិទ្យុ​អាស៊ីសេរី ក៏​ដូច​វិទ្យុ​នានា​ផ្សាយ​ឥត​ឈប់ ដោយ​សង្កត់ធ្ងន់​ថា រំលោភ​អភ័យឯកសិទ្ធិ​សភា និង​រដ្ឋធម្មនុញ្ញ។ ឥឡូវ​ដល់​មាន​ការ​ចាប់​តំណាងរាស្ត្រ​អាមេរិក អត់​មាន​ឮ​ការ​ផ្សាយ​ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​នានា​ទេ។ នេះ​បាន​ហៅ​ថា​វិទ្យុ​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​មែន។ តើ​អស់​លោក​បណ្ឌិត និង​អ្នក​វិភាគ​នយោបាយ មាន​បាន​មើល​ឃើញ និង​ដឹង​ពី ព័ត៌មាន​ចាប់​ខ្លួន​តំណាងរាស្ត្រ នៅ​សហរដ្ឋអាមេរិក​ដែរ​ឬទេ បាន​ជា​ស្ងាត់ឈឹង​ ដូច​ចោរ​លួច​សេះ​អ៊ីចឹង
លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា​អង្គការ​របស់​លោក មិន​បាន​និយាយ​អ្វី អំពី​ការ​ចាប់​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ព្រោះ​ករណី​ចាប់​ខ្លួន​អ្នក​ទាំងនេះ វា​គ្រាន់​តែ​ជា​បទ​ល្មើស​ធម្មតា នៃ​ការ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​លើ​ផ្លូវ​សាធារណៈ​ប៉ុណ្ណោះ។
លោកបន្តថា៖ “ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំងនេះ មិន​មែន​ជា​រឿង​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ទេ​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ហូរហែ ដូចជា​ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន​ជាដើម។ ក្នុង​ករណី​ទាំងនេះ អង្គការ​របស់​យើង​ មិន​ដែល​នៅ​ស្ងៀម​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក ថា​អង្គការ​យើង​នៅ​ស្ងៀម មិន​តវ៉ា​រឿង​នេះ​នោះ​ទេ»
លោក សុខ ឥសាន និង​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេសញូវ (Fresh News) ដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុខ ឥសាន យក​មក​ផ្សាយ​បន្ត​ បាន​ហៅ​តំណាងរាស្ត្រ​អាមេរិក​​ទាំង​បី​រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ថា​ជា​តំណាងរាស្ត្រ មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។ ប៉ុន្តែ តាម​ការ​ពិត អ្នក​បី​នាក់​នោះ គឺ​ជា​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់​ ហើយ​តំណាងរាស្ត្រ​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក ពុំ​មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​នៅ​ប្រទេស​កម្ពុជា។ ម្យ៉ាង​វិញទៀត ពួកគាត់​ទាំងអស់​ ក៏​ត្រូវ​បាន​ដោះលែង​ភ្លាមៗ​វិញ​ដែរ បន្ទាប់​ពី​ចាប់​ខ្លួន​ភ្លាម។
ត្រង់​ចំណុច​នេះ លោក ប្រ៊ែដ អាដាម សំដែង​ការ​ហួសចិត្ត ដ្បិត​មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​កាន់ អំណាច​រូប​នេះ បង្ហាញ​នូវ​ភាព​ល្ងឹតល្ងង់​កាន់​តែ​ជ្រៅ សូម្បី​តែ​តំណាងរាស្ត្រ​នៅ​សហរដ្ឋអាមេរិក គ្មាន​អភ័យ​ឯកសិទ្ធិ​សភា ដូច​នៅ​កម្ពុជា ក៏​មិន​គាត់​ដឹង​ផង។ លោក​ស្នើ​ឲ្យ​លោក សុខ ឥសាន និង មន្ត្រី​ដទៃ​ទៀត មុន​នឹង​ហា​ស្ដី​អ្វី​ជា​សាធារណៈ និង​តំណាង​ឲ្យ​មុខ​មាត់​បក្ស​បែបនេះ គប្បី​សិក្សា​ព័ត៌មាន​ឲ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន៖ “សម្ដី​បែបនេះ គឺជា​ភាព​ខ្វះ​ចំណេះដឹង​​របស់​គាត់។ សមាជិកសភា​អាមេរិក គ្មាន​អភ័យ​ឯកសិទ្ធិ​សភា​នោះ​ទេ។ ច្បាប់​នៅ​សហរដ្ឋ​អាមេរិក មិន​បាន​ផ្ដល់​ឋានៈ​ពិសេស​ណាមួយ​ ដល់​សមាជិក​សភា​ ដូច​ច្បាប់​នៅ​ប្រទេស​ខ្លះ​នោះ​ទេ។ បើ​អ្នក​ជា​សមាជិកសភា​នៅ​អាមេរិក ហើយ​បើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​អ្វីមួយ សភា​អត់​ចាំបាច់​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​របស់​អ្នក ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​តុលាការ​នោះ​ទេ
លោក ប្រ៊ែដ អាដាម បញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក​ មាន​ប្រព័ន្ធ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ និង តុលាការ​យ៉ាង​​រឹងមាំ មិន​ចាំបាច់​មាន​អភ័យ​ឯកសិទ្ធិ​ការពារ​សមាជិក​សភា​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា មាន​ប្រវត្តិ​បង្ក្រាប​មតិ​ប្រឆាំង តាំងតែពី​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​ លន់ នល់ រហូតដល់​សម័យ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក​បញ្ជាក់ ថា​ការណ៍​ដែល​ប្រទេស​កម្ពុជា មាន​អភ័យ​ឯកសិទ្ធិ​សភា គឺ​ដើម្បី​ការពារ​តំណាងរាស្ត្រ ជាពិសេស​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង កុំឲ្យ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់ចង​តាម​អំពើ​ចិត្ត ​ពី​សំណាក់​គណបក្ស​កាន់អំណាច និង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​តំណាងរាស្ត្រ​ ពី​ខាង​គណបក្ស​ប្រឆាំង មាន​លទ្ធភាព​គ្រប់គ្រាន់ និង មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង ក្នុង​ការ​បំពេញ​ការងារ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​របស់​ខ្លួន។ ប៉ុន្តែ ជាកុសល​ លោក​សោកស្ដាយ ដោយសារ​អភ័យឯកសិទ្ធិ​សភា ត្រូវ​បាន​រង​ការ​រំលោភ​បំពាន​យ៉ាង​ដំណំ​ពី​គណបក្ស​កាន់​អំណាច​ដដែល។
លោកបញ្ជាក់ទៀតថា៖ ជា​ការគួរ​ឲ្យ​សោកស្ដាយ អភ័យ​ឯកសិទ្ធិ​ គឺ​បង្កើត​ឡើង​ដើម្បី​ការ​ពារ​តំណាងរាស្ត្រ ប៉ុន្តែ ឥឡូវ​តំណាងរាស្ត្រ គ្មាន​អ្វី​ការពារ​ទៀត​ទេ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គោរព​តាម​គោលការណ៍​អភ័យ​ឯកសិទ្ធិ​នេះ។ សហគមន៍​អន្តរជាតិ ចង់​ឃើញ​កម្ពុជា​គោរព​នីតិរដ្ឋ»
ថ្មីៗនេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក៏បាន​បញ្ចេញ​សារ​គំរាម​កំហែង គណបក្ស​សង្គ្រោះជាតិ ដោយ​លោក​បាន​សរសេរ​ថា បក្ស​ប្រឆាំង​កំពុង​ដើរ​ចូល​ជុច​ហើយ ដោយ​ហ៊ាន​លើក​បដា​តវ៉ា​នៅ​ទូទាំង​ប្រទេស​ ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា។ ជា​ការ​តប​វិញ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក សុន ឆ័យ ថ្លែង​ ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ថា លោក សុខ ឥសាន និង មន្ត្រី​ដទៃ​ទៀត គួរ​បញ្ឈប់​ការ​ថ្លែង​ដែល​មិន​ត្រឹមត្រូវ និង​បំពាន​គោលការណ៍​សន្មត​​ថា គ្មាន​ទោស ទៅ​លើ​ជន​ណា​ម្នាក់​ដែល​តុលាការ​មិន​ទាន់​រក​ឃើញ​ ថា​មាន​ទោស និង​ស្នើ​ឲ្យ​បញ្ឈប់​សារ​គំរាម​កំហែង​បែប​នេះ តទៅទៀត។ លោក​ថា ពួកគាត់​​មិនមែន​ជា​ត្រី​ទេ ពួកគាត់ជា​មនុស្ស។ ដូច្នេះមនុស្សមិនអាចជាប់ជុចទេ។
លោក សុន ឆ័យ ស្នើ​ឲ្យ​លោក សុខ ឥសាន មើល​រដ្ឋធម្មនុញ្ញ​ឡើង​វិញ មុន​នឹង​គំរាម​កំហែង​អំពី​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក​សម្ដែង​ការ​ងឿង​ឆ្ងល់​ថា មូលហេតុ​អ្វី បាន​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​អំណាច​គ្មាន​ព្រំដែន​យ៉ាង​នេះ។
លោកបន្តថាខ្ញុំ​មិន​ដឹង​ហេតុផល​អ្វី​ឲ្យ​អ្នក​នាំ​ពាក្យ​ហ្នឹង​ មាន​សិទ្ធិ​អំណាច​ក្រៅ​ប្រព័ន្ធ​តុលាការ មក​ចោទ​ប្រកាន់​ជន​ត្រូវ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​ឬ​យ៉ាង​នេះ​យ៉ាង​នោះ នៅ​ពេល​តុលាការ​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើ​សវនាការ (លើ​អង្គ​សេចក្ដី)ផង​នោះ។
លោកបញ្ជាក់ថា៖ «សូម​ឲ្យ​អ្នក​នាំ​ពាក្យ​ហ្នឹង​មើល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទម្លាប់​បន្តិច​ផង​ទៅ។ បញ្ហា​នៃ​ការ​គំរាម​កំហែង​ ខុស​របៀប​សូម​មេត្តា​ឲ្យ​ឈប់ សូម​មេត្តា​គោរព​ទៅ​តាម​គោលការណ៍ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ផង»
មួយ​សប្ដាហ៍​មុន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដដែល​បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) និង​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន Fresh News ដោយ​ឌឺដង​សំដៅ​លើ​ក្រុម​គ្រួសារ​លោក កឹម សុខា ថា អ្នក​នយោបាយ​ខ្លះ មិន​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង បែរ​ជា​ហ៊ាន​លះបង់​សាច់​ស្រស់ និង​រូប​សម្រស់​របស់​កូន​ក្រមុំ ទៅ​ឲ្យ​បរទេស ដោះដូរ​នឹង​អំណាច​ទៅ​វិញ

 តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងមន្ត្រីនាំពាក្យគ្រុងញូវយ៉ក
ត្រូវបានចាប់វ៉ៃខ្នោះនៅមុខអគារណនិជ្ជកម្មរបស់លោក ត្រាំកន្លងមក។




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger